រតនគិរី ៖ នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តរតនគិរី និងលោក ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តរតនគិរី បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងសំណេះសំណាលអ្នកជំងឺនិងកុមារតូចៗ ដែលមានជំងឺគ្រុនឈាមកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។
ក្នុងការចុះសួរសុខទុក្ខ សំណេះសំណាលនោះដែរ លោក ទេសរដ្ឋមន្ត្រីនិង លោក ថង សាវុនព្រមទាំងសមាជិក ប្រតិភូ បានជួបធ្វើការសន្ទនាយ៉ាងស្និទ្ធស្នាល ជាមួយអ្នកជំងឺដែលបានមកទទួលសេវាពិនិត្យ ព្យាបាល និងកំពុងសម្រាកព្យាបាលនាឱកាសនេះ។
តាមការបញ្ជាក់របស់លោកវេជ្ជៈ អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា នៅក្នុងអំឡុងពាក់កណ្តាលខែឧសភាឆ្នាំ២០១៩នៅទូទាំងខេត្តរតនគិរី បានផ្ទុះជំងឺគ្រុនឈាមហើយគិតត្រឹមថ្ងៃទី៧ខែមិថុនា ឆ្នាំ២០១៩ មានជំងឺគ្រុនឈាម១១២ករណីក្នុងនោះ អ្នកជំងឺបានមកសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តចំនួន១០៥ករណី មានការកើនឡើងគួរឲ្យព្រួយបារម្ភ។
លោកបានបន្តទៀតថា កាលពីឆ្នាំ២០១៨កន្លងទៅ រយៈពេលពេញមួយឆ្នាំជំងឺគ្រុនឈាមមានតែ៣៦ករណីតែប៉ុណ្ណោះ។
ប៉ុន្តែសម្រាប់រយៈពេល៦ខែ ឆ្នាំ២០១៩នេះ គឺមានជំងឺគ្រុនឈាមបានមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត មានចំនួនប្រមាណ១០៥នាក់ គឺមានការកើនឡើងយ៉ាងខ្លាំង បើប្រៀបធៀបទៅនឹងកាលពីឆ្នាំមុន។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា កុមារដែលមានជំងឺគ្រុនឈាម ហើយបានមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនាពេលនេះមានចំនួនច្រើនជាងមនុស្សពេញវ័យ ហើយករណីខ្លះស្ទើរតែជួយសង្គ្រោះមិនបាន តែទោះជាយ៉ាងណាខាងមន្ទីរពេទ្យអាចគ្រប់គ្រងស្ថានភាពអ្នកជំងឺបាន១០០%។ លោកវេជ្ជបណ្ឌិត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ឬមាតាបិតាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺនេះ បើសិនឃើញកូនក្តៅខ្លួនខ្លាំងក្នុងរង្វង់៣៩ទៅ៤០អង្សាសេ ដាក់ថ្នាំប៉ារ៉ាមិនត្រជាក់ប្រញាប់មកកាន់មន្ទីរពេទ្យ កុំទុកបណ្តោយឲ្យ កូនឈឺធ្ងន់ខ្លាំងដុនដាប ទើបយកមកមន្ទីរពេទ្យនោះ។
លោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងបន្ថែមទៀតថា ឆ្នាំនេះជារដូវនៃការផ្ទុះជំងឺគ្រុនឈាមព្រោះថា ជារៀងរាល់ឆ្នាំនៅក្នុងខែនេះស្ថានភាពជំងឺគ្រុនឈាមត្រូវបានថយ ចុះ ប៉ុន្តែសម្រាប់ឆ្នាំនេះបែរជាមានកើតឡើងច្រើនគួរឲ្យព្រួយបារម្ភ។
ពាក់ព័ន្ធបញ្ហានេះដែរ ក្រសួងសុខាភិបាល ក៏បានចេញសេចក្តីក្រើនរំលឹកស្តីអំពីវិធានការការពារជំងឺគ្រុនឈាម ដើម្បីទប់ស្កាត់នូវជំងឺគ្រុនឈាមក្នុងឆ្នាំ២០១៩ ហើយជំងឺគ្រុនឈាម ជាជំងឺអាចកើតឡើងលើមនុស្សគ្រប់វ័យ។
ក្នុងដំណើរចុះសួរសុខទុក្ខនេះ ដោយលោកទេសរដ្ឋមន្ត្រី លី ធុជនិងលោក ថង សាវុនក៏បាននាំយក អំណោយមនុស្សធម៌សាខាកាកបាទក្រហមខេត្តផ្តល់ជូនអ្នកជំងឺគ្រុនឈាម១០៥នាក់ក្នុងមួយនាក់មី១កេស មុង១ ហើយលោក ទេសរដ្ឋមន្ត្រី ក៏បានផ្តល់ជូនក្នុងមួយនាក់ថវិកា២ម៉ឺនរៀលបន្ថែមទៀតផងដែរ៕ប្រភពពីhttp://kampucheathmey.com