នាយកប្រតិបត្តិជាន់ខ្ពស់នៅក្រុមហ៊ុន Google បានពន្លយសម្តីថា ខ្លួនកំពុងព្យាយាមជំរុញនាយកដ្ឋានពាណិជ្ជកម្មឲ្យលើកលែងការហាមប្រាមការសហការរវាងក្រុមហ៊ុន Huawei និង Google ចេញវិញ ដោយមិនបាច់រង់ចាំអាជ្ញាប័ណ្ណអនុញ្ញាតពីរដ្ឋាភិបាលអាមេរិកឡើយ។ នេះបើយោងតាមចុះផ្សាយដោយសារព័ត៌មាន Huawei Central ដែលបានស្រង់ការផ្សាយរបស់កាសែត Financial Time នៅថ្ងៃទី ៧ មិថុនា ឆ្នាំ ២០១៩ នេះ។
ក្រុមហ៊ុន Google បានព្រមានថាប្រសិនបើ សហរដ្ឋអាមេរិកនៅតែធ្វើការហាមឃាត់លើក្រុមហ៊ុន Huawei ទៀតនោះ វាប្រឈមនឹងការគំរាមកំហែងដល់សន្តិសុខជាតិមិនខាន។ ក្រុមហ៊ុនមេរបស់ Android នេះ ថា ការហាមឃាត់ត្រូវបានគេរំពឹងថាជាបញ្ហាអាចបង្កផលប៉ះពាល់ដល់ក្រុមហ៊ុនអាមេរិកដូចជាក្រុមហ៊ុន Google
ក្នុងរយៈពេលវែង ព្រោះ Google យល់ឃើញថា គំនាបនេះ អាចរុញច្រានឲ្យក្រុមហ៊ុន Huawei និង ក្រុមហ៊ុនចិនផ្សេងទៀតត្រូវបង្ខំចិត្ត អភិវឌ្ឍបច្ចេកវិទ្យាដោយខ្លួនឯងរហូតអាចរស់ដោយឯករាជ្យបាន ដែលពេលនោះហើយ Google និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកជាច្រើនត្រូវខាតបង់ធ្ងន់។
FT បានរាយការណ៍ថា ដោយសារតែការហាមឃាត់នេះ ក្រុមហ៊ុន Google មិនត្រូវបានអនុញ្ញាតិឱ្យធ្វើការ Update ប្រព័ន្ធប្រតិបត្តិការ Android របស់ខ្លួនលើឧបករណ៍របស់ក្រុមហ៊ុន Huawei ទេ ។ក្រុមហ៊ុន Google បាននិយាយថា៖
«ដូចក្រុមហ៊ុនអាមេរិកដទៃទៀតដែរ យើងកំពុងចូលរួមជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីធានាថាយើងកំពុងអនុលោមតាមច្បាប់នៃការផ្គង់ផ្គង់ និងការផ្តល់អាជ្ញាប័ណ្ណបណ្តោះអាសន្នរយៈពេល ៩០ ថ្ងៃ។ ការផ្តោតសំខាន់របស់យើងគឺការការពារសុវត្ថិភាពអ្នកប្រើប្រាស់សេវាកម្មរបស់ Google នៅលើទូរសព្ទ Huawei រាប់លានដែលមានស្រាប់ទាំងនៅក្នុងសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក។
រង់ចាំមើលតទៅទៀតថា តើ Google ពិតជាអាចបកមកសហការជាមួយ Huawei ដូចដើមវិញឬយ៉ាងណា ខណៈក្រុមហ៊ុនបានប្រមើលមើល ថាខ្លួននឹងខាតបង់ធ្ងន់បើសិន Huawei និងក្រុមហ៊ុនទូរសព្ទចិនដទៃទៀត ពិតជាដុះស្លាបហោះបានដោយខ្លួនឯងលែងពឹងអាមេរិកតទៅទៀត៕ប្រភពៈ huaweicentral