ខេត្តព្រៃវែង៖ អាកូនមានចិត្តៈាសត្វតិរិច្ឆាន ដល់ថ្នាក់ហ៊ានទាញកាំបិតផ្គាក់កាប់ទៅលើឪពុករបស់ខ្លួន រហូតដួលស្លាប់ក្នុងថ្លុកឈាមយ៉ាងខ្លោចចិត្តបំផុត ។ រឿងហេតុនេះកើតឡើងកាលពីវេលាម៉ោង០២:២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ០៩ខែមីនា ឆ្នាំ២០២០ នៅលើផ្ទះឪពុកខ្លួនឯង ស្ថិតក្នុងភូមិដីថុយ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ប្រភពពីកន្លែងកើតបានអោយដឹងថា ជនរងគ្រោះជាឪពុកដែលត្រូវកូនកាប់រហូតដល់ស្លាប់ មានឈ្មោះ ស៊ិន ពៅ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ត្រូវកូនកាប់ចំកខាងឆ្វេង មួយកាំបិត ស្មាស្ដាំ មួយកនាំបិត បណ្ដាលអោយស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗតែម្តង។
ចំណែកអាកូនតិរិច្ឆាន មានឈ្មោះ សុិន ថាវ័ន្ត ភេទប្រុស អាយុ២៧ឆ្នាំ ស្រុកកំណើត ភូមិដីថុយ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង តែទៅរស់នៅ ភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។
ប្រភពបានអោយដឹងទៀតថា ក្រោយពេលបុរសនេះបានកាប់ទៅលើឪពុកខ្លួនឯងហើយ មិនបានរត់ទៅណាទេ គឺនៅអង្គុយមើលឪពុកប្រកាច់រហូតដាច់ខ្យល់ស្លាប់។
ចំណែកប្រភពពីសមត្ថកិច្ចបានអោយដឹងខ្លះថា បុរសជាកូននេះមានបញ្ហាផ្នែកសរសៃប្រសាទ(សតិមិនល្អ) ក្រោយឃាត់ខ្លួនជនសង្ស័យមិននិយាយស្ដីអ្វីទាំងអស់ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅប៉ុស្ដិ៍រដ្ឋបាលឃុំបឹងព្រះ ៕