មេដឹកនាំម៉ាឡេស៊ី ដាក់លិខិតទៅព្រះមហាក្សត្រនៅរសៀលនេះ លាលែងចេញពីតំណែង ក្រោយពេលលោកដឹកនាំបង្កើតបានច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រី។
លិខិតរបស់លោក មហាធា មហាមេដ ដែលដាក់ថ្វាយព្រះមហាក្សត្រនៅនៅម៉ោង១រសៀលថ្ងៃចន្ទនេះ បានបញ្ជាក់ពីការលាលែងចេញពីតំណែង ប៉ុន្តែ មិនបានបញ្ជាក់មូលហេតុលម្អិតទេ។ នេះបើតាមការចុះផ្សាយរបស់ Channel News Asia។
ការលាលែងពីតំណែងភ្លាមៗដែលមិនមានការផ្សព្វផ្សាយឱ្យសាធារណជនបានដឹងជាមុននេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅក្នុងសង្គមម៉ាឡេស៊ី។ ករណីនេះ មានការចុះផ្សាយជាច្រើនពីសារព័ត៌មានអន្តរជាតិ ហើយមានការចោទសួរថា តើនយោបាយនៅម៉ាឡេស៊ីអាចនឹងចលាចលដែរឬទេ?
លោក មហាធា មហាមេដ មានវ័យ៩៤ឆ្នាំ ធ្លាប់ដឹកនាំប្រទេសពីឆ្នាំ១៩៨១ ដល់២០០៣ ហើយលោកជាប់ឆ្នោតជាថ្មីទៀតនៅឆ្នាំ២០១៨។
ក្នុងរយៈពេលដែលលោកចូលកាន់តំណែងលើកទី២នេះ លោកបានបង្កើតច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រី។
លោក មហាធៀ ស្នើសេចក្តីព្រាងច្បាប់កែរដ្ឋធម្មនុញ្ញដើម្បីកំណត់អាណត្តិនាយករដ្ឋមន្រ្តីតាមការសន្យា៕ ប្រភព VOD