កម្មករមួយចំនួនបម្រើការងារនៅរោងចក្រមួយស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដែលថៅកែបញ្ឈប់ក្រោមហេតុផលថា មិនមានអ្នកបញ្ជាទិញនោះ អះអាងថា ពេលនេះពួកគាត់កំពុងជួបការលំបាកខ្លាំងដោយត្រូវខ្ចីលុយគេផ្សេងដើម្បីសងធនាគារ ហើយខ្លះទៀតថា គេឈប់ឱ្យខ្ចីលុយហើយ។
កម្មករ-កម្មការនីប្រមាណជាង២០០នាក់បម្រើការងារនៅរោងចក្រ ស្យុង យិន (Zhong Yin Cambodia B Textile Co.LTD) ស្ថិតក្នុងភូមិព្រែកត្រែង សង្កាត់សិត្បូ ត្រូវបានថៅកែបញ្ឈប់ពីការងារជាបន្តបន្ទាប់តាំងពីខែសីហា ឆ្នាំ២០១៩មក ដោយកម្មករថា មិនបានទទួលសំណងតាមច្បាប់ទេ។
កម្មការិនីវ័យ៤០ឆ្នាំ និងបម្រើការងារនៅរោងចក្រ ស្យុង យិន រយៈពេល៧ឆ្នាំ អ្នកស្រី ឡេង ហ៊ុន ប្រាប់វីអូឌីថា ចាប់តាំងពីថៅកែបញ្ឈប់អ្នកស្រីពីការងារមក គឺគ្រួសារអ្នកស្រីគ្មានលុយបង់សងធនាគារនោះទេ។ ស្រ្តីកម្មកររូបនេះឱ្យដឹងថា អ្នកស្រីបានខ្ចីលុយពីធនាគារមួយចំនួន ដើម្បីយកមកប្រើប្រាស់ក្នុងគ្រួសារ ដោយរំពឹងលើលុយបើកពីការធ្វើការងាររោងចក្រយកមកបង់រំលស់សងការប្រាក់ជូនធនាគារវិញ។
អ្នកស្រី ឡេង ហ៊ុន បន្តថា ក្នុង១ខែ អ្នកស្រី និងស្វាមីត្រូវរកប្រាក់ឱ្យបានចំនួន៣០០ដុល្លារ ដើម្បីសង់រំលស់ធនាគារ ប៉ុន្តែ ក្រោយពីក្រុមហ៊ុនបញ្ឈប់អ្នកស្រីពីការងារមក គឺពុំមានលុយគ្រប់គ្រាន់សម្រាប់បង់ធនាគារនោះទេ។ ហើយអ្នកស្រីត្រូវបង្ខំចិត្តទៅចងការប្រាក់ពីខាងក្រៅបន្តទៀត ដើម្បីយកមកសងធនាគារ។
អ្នកស្រីបន្ថែម៖ «ខ្ញុំជំពាក់គេច្រើន អីចឹងពិបាកចិត្តណាស់ ធ្លាប់ធ្វើការងាររាល់ខែបានលុយបង់សងគេគ្រប់ៗ អត់ជំពាក់ធនាគារ។ ដល់ជំពាក់ធនាគារអីចឹង ត្រូវដើរចងការប្រាក់ឯកជនបន្តទៀតយកមកបង់សងធនាគារ។ ដល់អីចឹងយើងខ្លះឱ្យការចំណាយក្នុងគ្រួសារ ខ្វះឱ្យកូនទៅរៀន។ ហើយបើបង់យឺតមួយថ្ងៃពីរថ្ងៃខាងធនាគារគេព្រមានយើង»។
កម្មការិនីមានផ្ទៃពោះ និងបម្រើការងារនៅរោងចក្រ ស្យុង យិន រយៈពេល៧ឆ្នាំដែរ អ្នកស្រី ម៉ាក់ ផល្លី និយាយថា គ្រួសារអ្នកស្រីក៏ជំពាក់លុយធនាគារ និងជំពាក់អ្នកធ្វើការងារជាមួយគ្នាដែរ ក្រោយពីថៅកែបញ្ឈប់ពីការងារ។
កម្មការិនីរូបនេះបន្តថា អ្នកស្រី ក៏ដូចជាកម្មករផ្សេងទៀតដែរ កំពុងពិបាកចិត្ត និងបារម្ភគ្មានលុយសងធនាគារ ហើយបំណុលអាចកើតឡើងទ្វេដង។ អ្នកស្រី ម៉ាក់ ផល្លី បានអំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធជួយជំរុញទៅថៅកែឱ្យដោះស្រាយសំណង និងទទួលយកពួកគាត់ចូលធ្វើការងារវិញ។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំនៅតែអំពាវនាវទៅសម្តេច ហ៊ុន សែន និងលោកជំទាវ និងអាជ្ញាធរពាក់ព័ន្ធឱ្យជួយពន្លឿនដោះស្រាយជូនពួកខ្ញុំឱ្យឆាប់មក ព្រោះពួកខ្ញុំមិនមែនជំពាក់ធនាគារមួយមុខណា ពេលយើងខ្វះចាយ យើងបានទៅខ្ចីគេចាយបណ្តោះអាសន្នខ្លះទៀត។ ព្រោះពួកយើងអត់បានទៅរកការងារធ្វើផ្សេងទៀតទេ។ ខ្ញុំខ្ចីគេបានតែម្តងឬពីរដងទេ តែអត់លុយសងគេ។ គេលែងឱ្យយើងខ្ចីហើយ»។
ប្រធានរដ្ឋបាលរោងចក្រ ស្យុង យិន លោក តំ សឿន ប្រាប់វីអូឌីថា ថៅកែបញ្ចប់កិច្ចសន្យាការងារកម្មករដោយសារតែគ្មានការបញ្ជាទិញ។ លោកបញ្ជាក់ថា ករណីនេះថៅកែបានទូទាត់ប្រាក់សំណងជូនកម្មកររួចមួយចំនួនហើយ គឺមានកម្មករប្រមាណ៤០នាក់ប៉ុណ្ណោះដែលមិនព្រមទទួលយក។
លោកបន្ថែមថា៖ «នៅតែពួកគាត់ប៉ុន្មានអ្នកហ្នឹង រឹងទទឹងទាមទារអត់មានយល់ថា ក្រុមហ៊ុនគេកំពុងតែជួបវិបត្តិ អត់ភ្ញៀវ អត់មានការ Order ទេ (បញ្ជាទិញ)»។
តំណាងសហជីពស៊ីខៅឌូប្រចាំរោងចក្រ ស្យុង យិន លោក សំរ៉ុង បូរី បានឱ្យដឹងថា កម្មករនៅរោងចក្រ ស្យុង យិន ភាគច្រើន បានប្រើប្រាស់កម្ចីរបស់ធនាគារ ដើម្បីបំពេញតម្រូវការផ្សេងៗក្នុងគ្រួសារ ដោយពួកគេរំពឹងលើការធ្វើការងាររោងចក្រយកមកបង់សងធនាគារវិញ។
លោកបន្ថែមថា៖ «ពួកគាត់ទាមទារចង់ចូលធ្វើការងារវិញ និងសងប្រាក់រំឮកអតីតភាពការងារអំឡុងបញ្ឈប់ពួកគាត់ ដែលភាគច្រើនពួកគាត់ជាអ្នកជំពាក់លុយធនាគារ និងឯកជនផ្សេងៗទៀតហ្នឹង»។
ប្រធានសម្ព័ន្ធសហជីពស៊ីខៅឌូ លោក គង់ អាទិត្យ មានប្រសាសន៍ថា ដើម្បីដោះស្រាយទុក្ខលំបាករបស់កម្មករ រដ្ឋាភិបាល ជាពិសេសអាជ្ញាធរពាក់ព័ន្ឋត្រូវស្រាវជ្រាវពិនិត្យ ឬចុះធ្វើអធិការកិច្ច និងពន្លឿនការដោះស្រាយជូនកម្មករឱ្យបានឆាប់។
ប្រធានសម្ព័ន្ធសហជីពស៊ីខៅរូបនេះឱ្យដឹងថា ថៅកែរោងចក្រ ស្យុង យិន មានចេតនាគេចវេសមិនដោះស្រាយសំណងជូនកម្មករតាមរយៈការពន្យារពេលមិនដោះស្រាយ ដោយទុកឱ្យកម្មករតវ៉ារ៉ាំរ៉ៃ និងធ្វើឱ្យកម្មករលាឈប់ពីការងារដោយខ្លួនឯង ប៉ុន្តែ យ៉ាងណា លោកថា សហជីពរបស់លោកកំពុងស្រាវស្រាវរកភស្តុតាងបន្ថែមដើម្បីបញ្ជាក់ថា រោងចក្រមួយនេះព្យាមយាមគេចវេសមិនដោះស្រាយសំណងជូនកម្មករ។
លោកបន្ថែមថា៖ «អាជ្ញាធរគួរតែយកចិត្តទុកដាក់ជាមួយនឹងផលលំបាករបស់ប្រជាជន និងកម្មករ។ ត្រួវតែត្រួតពិនិត្យមើលថា តើរឿងជាក់ស្តែងអ្វីខ្លះដែលនិយោជកគាត់បានធ្វើ។ ប្រសិនបើរកឃើញថា និយោជករំលោភទៅលើនីតិវិធីច្បាប់ រដ្ឋាភិបាលត្រូវចាត់វិធានការបន្ទាន់ ដើម្បីឱ្យកម្មករគាត់ទទួលបានសំណង និងផលប្រយោជន៍ដែលត្រូវទទួលបានលឿន»។
របាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ និងអង្គការសមាគមធាងត្នោត ចេញផ្សាយកាលពីខែសីហាឆ្នាំ២០១៩ បានរកឃើញថា នៅដើមឆ្នាំ២០១៩ មានប្រជាជនប្រមាណជា ២,៤ លាននាក់ ប្រហែលជា ១៥ ភាគរយនៃចំនួនប្រជាជនសរុប នៅជាប់បំណុលខ្នាតតូច “យ៉ាងហោចណាស់ ៨ពាន់លានដុល្លារ” បូករួមទាំងបំណុលខ្នាតតូចពីធនាគារ អេស៊ីលីដា និងធនាគារ ស្ថាបនា ផងដែរ។
របាយការណ៍ដដែលនេះបញ្ជាក់ថា ជាធម្មតាសម្រាប់ឥណទានថ្មីទាំងអស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតម្រូវឱ្យអតិថិជនដាក់ប្លង់ដីរបស់ខ្លួនជាវត្ថុធានា ជាពិសេស ឥណទានដែលមានទំហំលើសពី ១ ០០០ដុល្លារ។ ហើយថា “រឿងបាត់បង់ដីធ្លីមិនមែនត្រឹមតែជារឿងផ្ទេរអចលទ្រព្យប៉ុណ្ណោះទេ ពោលគឺ វាថែមទាំងជាបញ្ហាធ្វើឱ្យហិនហោចដល់ជីវភាពរស់នៅ មុខរបរ និងអត្តសញ្ញាណរបស់គ្រួសារប្រជាជនទៀតផង”៕ប្រភព VOD