មើលទៅពិតជាគួរឱ្យអាណិតប្អូនៗសិស្សានុសិស្ស ដែលរៀននៅអនុវិទ្យាល័យអណ្តូងពោធិ៍ណាស់ មកដល់សម័យនេះទៅហើយ នៅមានសាលារៀន រខេករខាកបែបនេះទៀត ។
អនុវិទ្យាល័យមួយកន្លែងដែលមានសភាពរខេករខាកនេះ មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងបុស ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង ។
ដោយសារតែសាលាខ្វះអាគារសិក្សា ទើបលោកគ្រូ-អ្នកគ្រួ គណៈកម្មការសាលានាំគ្នាសង់រោងធ្វើពីឈើ ប្រក់ស្លឹក ដើម្បីបាំងកម្តៅថ្ងៃឱ្យសិស្សអង្គុយរៀន ធ្វើឱ្យមហាជនដែលបានឃើញទិដ្ឋភាពបែបនេះ
មានចិត្តអាណិតអាសូរជាពន់ពេក និង សំណូមពរដល់ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និង កីឡា ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន ជួយសាងសង់អគារបន្ថែមទៀតឱ្យសិស្សទាំងនោះមានជម្រកសិក្សាបានសមរម្យផង។
លោកប្រាក់ ដន នាយករងអនុវិទ្យាល័យអណ្តូងពោធិ៍ ត្រូវបានអ្នកសារព័ត៌មានដកស្រង់សំដីថា នៅអនុវិទ្យាល័យរបស់លោក មានទីធ្លាតូចចង្អៀត ខ្វះខាតអគារ និង បន្ទប់សម្រាប់ឱ្យសិស្សសិក្សាជាខ្លាំង
ទើបគណៈគ្រប់គ្រងសាលាបាននាំគ្នាសង់រោងមួយប្រក់ស្លឹក ដើម្បីឱ្យសិស្សបានរៀនជាបណ្តោះអាសន្ន អស់រយៈពេលជាង ២ ឆ្នាំមកហើយ ដើម្បីដោះស្រាយបញ្ហានេះ។
សព្វថ្ងៃនេះ សាលារបស់លោកមានអគារតែ១ខ្នងប៉ុណ្ណោះ មាន៥ បន្ទប់ ហើយយកទៅធ្វើជាទីចាត់ការថែមទៀត ។ ចំណែក គ្រូមានចំនួន ២៣ រូប(ស្រី៧រូប) រីឯសិស្សឆ្នាំសិក្សា២០១៨-២០១៩ សរុបមានចំនួន ២៦២ នាក់ (ស្រី១៤២នាក់) ទើបធ្វើឱ្យសាលារបស់លោកជួបនឹងបញ្ហាខ្វះអគារឱ្យសិស្សអង្គុយរៀន ។
ជាមួយគ្នានេះដែរ លោកនាយករងអនុវិទ្យាល័យ ក៏ដូចជាលោកគ្រូ-អ្នកគ្រូ សំណូមពរដល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និង កីឡា ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី
សូមមេត្តាជួយសាងសង់អគារសិក្សាដល់សាលាកម្សត់មួយនេះផង ដើម្បីឱ្យកូនចៅប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានខាងលើ មានកន្លែងអង្គុយរៀនឱ្យបានសមរម្យ ដូចសាលាឯទៀត ៕