មានអ្នកគាំទ្រទេ??? ពូកែដាច់ភ្លើងខ្លាំងពេក លោក ព្រាប កុល បង្ហើបថា មានគេបបួលលោក បង្កើត «គណបក្សម៉ាស៊ីនភ្លើង» ព្រោះអាចទទួលបានការគាំទ្របានរាប់សែននាក់ឲ្យតែលោក ព្រមធ្វើជាមេបក្ស

0
1743

ភ្នំពេញ៖ ស្របពេល ដែលប្រជាពលរដ្ឋ រួមទាំង មន្ត្រីរាជការមួយចំនួន នាំគ្នាប្រតិកម្មរិះគន់ពីការ ដាច់ភ្លើង ញឹកញ៉ាប់ លោក ព្រាប កុល នាយកប្រតិបត្តិអង្គការសម្លាភាពកម្ពុជា បានសសេរសារបង្ហោះនៅលើបណ្តាញសង្គម ហាក់ បែបកំប្លែង មុននេះបន្តិចថា ដោយសាតែវិបត្តិដាច់ភ្លើង មានគេ បបួលលោក ឲ្យបង្កើត «គណបក្សម៉ាស៊ីនភ្លើង» អាចរកស្នាមមែដៃគាំទ្របានរាប់សែននាក់ឲ្យតែលោក ព្រមធ្វើជាមេបក្សម៉ាស៊ីនភ្លើង។

យោងតាមសំណេរ សារបង្ហោះនៅលើបណ្តាញសង្គមរបស់លោក ព្រាប កុល បានសសេរថា «ដោយសាតែវិបត្តិដាច់ភ្លើង ក៏ស្រាប់តែមានគេបបួលខ្ញុំឲ្យបង្កើត «គណបក្សម៉ាស៊ីនភ្លើង» ហើយគេធានាថាអាចរកស្នាមមែដៃគាំទ្របានរាប់សែននាក់ឲ្យតែខ្ញុំព្រមធ្វើជាមេបក្សម៉ាស៊ីនភ្លើង»។ ជាមួយគ្នានេះលោក ក៏បាន តបទៅវិញថា « ខ្ញុំឆ្លើយតបវិញថា ខ្ញុំមិនចង់ធ្វើនយោបាយដើម្បីដោះស្រាយត្រឹមតែបញ្ហាកុំប៉ិចកំបុក ដូចជាការដាច់ភ្លើងហ្នឹងទេ។ រឿងដាច់ភ្លើងជារឿងមួយតូចនៅក្នុងនៅក្នុងយុគសម័យនេះ នេះ បើយោងតាមប្រសាសន៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល និងអ្នកនាំពាក្យបក្សកាន់អំណាច»។

លោក ព្រាប កុល បន្តថា « លោក សុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាចបានថ្លែងថា «គ្រាន់តែដាច់ភ្លើង បន្តិចបន្តួច អតីតបក្សប្រឆាំង នាំគ្នាស្រែករិះគន់»។ លោក ទិត សុធា អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រីចោទសួរថា «ហេតុអ្វី អាចរស់បានក្រោមថ្ងៃកំដៅនៅសម័យ ប៉ុល ពត»។

ជាចុងក្រោយ លោក សូមគ្មានយោបល់អ្វីទេ…គ្រាន់តែចង់បញ្ជាក់ថា ខ្ញុំគ្មានចំណាប់អារម្មណ៍ក្នុងការឆ្លៀតឪកាសបង្កើត «គណបក្សម៉ាស៊ីនភ្លើង» ក្នុងពេលនេះទេ។ សូមអ្នកស្នើមកខ្ញុំ មេត្តាអធ្យាស្រ័យ និងសូមមេត្តាកុំអាក់អន់ចិត្តចំពោះខ្ញុំ។