មុននេះបន្តិច ក្រោយពីដឹងរឿងរបស់លោកយាយកំសត់ម្នាក់ ពេលនេះម្ចាស់ហាងពេជ្រ ទ្រី ដាណា ចង់ជួយដល់លោកយាយ ដោយអ្នកនាងបានរៀបរាប់ថា: ឃើញគេបង្ហោះរូបនេះឡើង មិនដឹងថាលោកយាយនៅឯណាទេ តែចង់ជួយគាត់ខ្លះ ចង់ឱ្យគាត់បានហូបឆ្ងាញ់ ដើម្បីបន្តដំណើរជីវិតទៅមុខទៀត ក្រែងជួបរឿងល្អជាងនេះ។
បើមានអ្នកណាស្គាល់ ជួយប្រាប់ផង។ឱ្យតែឃើញរូបចឹងៗ ចេះតែមានអារម្មណ៍ថាចង់ស្រក់ទឹកភ្នែក នឹកដល់ឪពុកម្ដាយខ្ញុំ។ កាលពីមុន គាត់លំបាកតស៊ូគ្រប់បែបយ៉ាង ខំប្រឹងរហូតធ្លាក់ខ្លួនឈឺ ខ្ញុំមិនអាចជួយអីបាន មិនអាចរកលុយមើលគាត់ឱ្យជា មិនអាចឱ្យគាត់ស្គាល់ភាពសុខស្រួលក្នុងជីវិតចុងក្រោយ។
មុនពេលជីវិតខ្ញុំមានលំនឹង គាត់ក៏លាទៅបាត់ ទៅទាំងមិនទាន់ឃើញថាកូនស្រីម្នាក់នេះអាចធ្វើអ្វីបានខ្លះ ហើយអាចតស៊ូរហូតមានពន្លឺជីវិតដូចរាល់ថ្ងៃ។ តែកូនសប្បាយចិត្ត ដែលលោកទាំង២ ប្រាប់ថាត្រូវធ្វើអំពើល្អជានិច្ច ហើយអ្វីដែលខ្ញុំធ្វើគឺចេញពីចិត្ត មានអារម្មណ៍ថាសប្បាយ និងមានក្ដីសុខ។
គ្រប់ពេលដែលនឹកដល់ពួកគាត់ គឺខ្ញុំតែងជួយគេ ធ្វើអំពើល្អ ហើយសង្ឃឹមថាគ្រប់គ្នាអាចចែករំលែកទៅកាន់អ្នកអត់ជាងខ្លួន។ ខ្ញុំមិនមានអ្វីច្រើនទេ តែបើខ្ញុំនៅមានសមត្ថភាពអាចជួយគេ ខ្ញុំនឹងជួយរហូត៕