ប្រិយមិត្ដប្រាកដជាធ្លាប់បានទទួលជ្រាបខ្លះៗមកហើយ ចំពោះបញ្ហាខ្យល់កខ្វក់មួយមាន ឈ្មោះថា PM 2.5 ដែលវាធ្លាប់បានកើតឡើងនៅប្រទេសថៃ កាលពីប៉ុន្មានខែមុននេះ ព្រោះតែធូលីរបស់វា គឺពិតជាមានភាគល្អិត ហើយមានទំហំតូចជាង ២,៥មីក្រូម៉ែត្រ ដែលវាអាចជ្រៀតចូលទៅក្នុងសួត ថែមទាំងធ្វើអោយប៉ះពាល់សិរីរាង្គផ្សេងៗទៀតផង។
ដោយឡែក នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះវិញ ក្រឡែកទៅមើលតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ យើងឃើញថា ផ្ទៃមេឃមានការ ចុះអ័ព្ទជាខ្លាំង ព្រោះតែកម្រិតខ្យល់កខ្វក់ PM 2.5 គឺបានកើតឡើងរហូតដល់ ១៥៨+AQI ទៅហើយ ដែលវាស្ថិតនៅ ក្នុងកម្រិតព្រួយបារម្ភមួយ។ នេះបើយោងតាមរយៈកម្មវិធី AirVisual។
យ៉ាងណាមិញ នាខណៈពេលមុននេះបន្ដិច ទាក់ទងចំពោះខ្យល់កខ្វក់មាន ឈ្មោះថា PM 2.5ខាងលើនេះ ត្រូវបានក្រសួងបរិស្ថាន បានចេញសេចក្ដីជូនដំណឹង ស្ដីពី វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖
”យោងតាមលទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ ដែលក្រសួងបរិស្ថានបានដំឡើងនៅតាមបណ្តារាជធានី ខេត្តទូទាំងប្រទេសបានបង្ហាញថា ស្ថានភាពភាពគុណភាពខ្យល់មានការធ្លាក់ចុះគួរឱ្យបារម្ភ ជាពិសេសកំហាប់ប៉ារ៉ាម៉ែត្រភាគល្អិតនិចល PM10 និង PM2.5 មានការកើនឡើងលើសកំណត់ស្តង់ដា ដែលជាហានិភ័យបង្កការប៉ះពាល់ចំពោះសុខភាពប្រជាពលរដ្ឋ។
ប្រភពនិងសកម្មភាពសំខាន់ៗ ដែលជាហេតុបង្កឱ្យមានកំហាប់ភាគល្អិតនិចល PM10 និង PM2.5 មានការកើនឡើងនេះមានជាអាទិ៍ ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាស៊ូតនិងពីចំហេះឥន្ធនៈ ផ្សេងទៀត ភ្លើងឆេះព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុតសំណល់រឹងនៅតាមទីវាល និងទីលានចាក់សំណល់ ការដ្ឋានសំណង់ជាដើម។ ដោយពិនិត្យឃើញនូវបញ្ហាបែបនេះ និងដើម្បីកែលម្អគុណភាពខ្យល់នៅតាមរាជធានី ខេត្ត ក្រសួងបរិស្ថានសូមណែនាំដល់មន្ទីរបរិស្ថានរាជធានី ខេត្ត ត្រូវសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តន៍នូវវិធានការមួយចំនួនដូចខាងក្រោម៖
ទី១ ត្រូវចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃ និងការដុតសំរាម សំណង់រឹងនៅតាមទីចំហ ការឆេះនៅតាមទីលានចាក់សំរាម។ ទី២ ត្រូវចាត់វិធានការទប់ស្កាត់ការហុយធូលី ពីការដ្ឋានសំណង់ និងការដ្ឋានកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងធូលីហុយនៅតាមដងផ្លូវ។ ទី៣ សម្អាតអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈ។ ទី៤ អប់រំប្រជាពលរដ្ឋកុំឱ្យដុតសំរាម សំណង់រឹង ការដុតស្មៅ គល់ជញ្រ្ជាំង និងសំណង់កសិកម្មផ្សេងទៀត។ ទទួលបានសេចក្ដីជូនដំណឹងនេះ សូមរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរបរិស្ថានរាជធានី ខេត្ដ មានវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់”។