កម្មករជិត១ពាន់នាក់បម្រើការងារនៅរោងចក្រ ឌីកនើធី នីតធើរ លីមីតធីត (Dignity Knitter Limited) ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល នាំគ្នាធ្វើកូដកម្មរយៈពេល២ថ្ងៃជាប់ៗគ្នា ដើម្បីទាមទារទៅថៅកែឱ្យបើកប្រាក់ឈ្នួល និងប្រាក់អតីតភាពការងារជូនពួកគេ។
កម្មការិនីផ្នែកកាត់ព្រុយក្រណាត់ អ្នកស្រី សួរ សុជាតិ ដែលអះអាងថា បម្រើការងារនៅរោងចក្រ ឌីកនើធី នីតធើរ លីមីតធីត ១៦ឆ្នាំ ប្រាប់វីអូឌីថា រោងចក្រនេះមិនទាន់បានបើកប្រាក់អតីតភាពការងារ និងប្រាក់ឈ្នួលក្នុងខែធ្នូ ឆ្នាំ២០១៩ ជូនកម្មករនៅឡើយទេរហូតមកថ្ងៃនេះ។
កម្មការិនីរូបនេះឱ្យដឹងថា តាមកិច្ចព្រមព្រៀងរវាងភាគីក្រុមហ៊ុន និងកម្មករ គឺថៅកែត្រូវបើកប្រាក់ឈ្នួលទី១ ជូនកម្មករ នៅថ្ងៃទី៨ និងលើកទី២ នៅថ្ងៃទី២២ នៃខែនីមួយៗ ប៉ុន្តែ ប្រាក់ឈ្នួលបើកលើកទី១ នៃខែធ្នូ ឆ្នាំ២០១៩ មិនបានបើកនៅឡើយទេ រហូតមកដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ។ អ្នកស្រីបន្តថា ការបើកប្រាក់ឈ្នួលជូនកម្មករយឺតយ៉ាវនេះ បានបង្កផលប៉ះពាល់ដល់ការចំណាយរបស់ពួកគេ។
អ្នកស្រីបន្ថែមថា៖ «ធម្មតា កម្មករនៅប្រទេសយើងមិនដូចនៅប្រទេសគេទេ។ កម្មករនៅប្រទេសយើង រកមួយខែសម្រាប់ចាយមួយខែ។ អ៊ីចឹង ពួកយើងត្រូវបែងចែកគ្រប់បែបយ៉ាង ត្រង់ថ្លៃបន្ទប់ជួល ទឹកភ្លើង ការហូបចុកប្រចាំថ្ងៃ និងគ្មានលុយបង់សងធនាគារទាន់ពេលវេលាជាដើម»។
ប្រធានរដ្ឋបាលរោងចក្រ ឌីកនើធី នីតធើរ លីមីតធីត (Dignity Knitter Limited) លោក ឡៅ ហ៊ត មានប្រសាសន៍ថា លោកមិនទាន់ហ៊ានឆ្លើយប្រាប់ពីមូលហេតុដែលមិនបើកប្រាក់អតីតភាព និងប្រាក់ឈ្នួលជូនកម្មករយឺតយ៉ាវ ដោយលោកថា រង់ចាំសួរថៅកែសិន។
ប្រធានសហជីពស៊ីខាវឌូប្រចាំរោងចក្រ ឌីកនើធី នីតធើរ លីមីតធីត លោក ភិន សុភា មានប្រសាសន៍ថា ករណីរោងចក្រមិនបើកប្រាក់ឈ្នួលជូនកម្មករនេះ គឺថៅកែមានចេតនាមិនល្អ ដោយចង់បំបាត់ចោលក្រុមកម្មករដែលមានកិច្ចសន្យាមិនកំណត់។
ប្រធានសហជីពរូបនេះ ឱ្យដឹងថា ក្រោយក្រុមកម្មករធ្វើកូដកម្មអត់ធ្វើការងារនោះ គឺថៅកែរោងចក្របានព្យាយាមជំរុញឱ្យកម្មករទទួលយកសំណងជាកញ្ចប់ ដោយកម្មករបម្រើការងារចន្លោះពី៥ ទៅ៧ឆ្នាំ ទទួលបាន៥០០ដុល្លារ អ្នកធ្វើការពី៨ ទៅ១០ឆ្នាំ ទទួលបាន៥៥០ដុល្លារ និងអ្នកធ្វើការលើសពី១១ឆ្នាំ ទទួលបាន៦០០ដុល្លារ ដើម្បីជាថ្នូរនឹងការបញ្ចប់ការងាររបស់ពួកគេ។ ប៉ុន្តែ កម្មករមិនព្រមនោះទេ គឺពួកគេទាមទារដោះស្រាយសំណងតាមផ្លូវច្បាប់។
លោកបន្ថែមថា៖ «ខ្ញុំគិតថា ករណីនេះ ជាចេតនាមិនល្អរបស់ក្រុមហ៊ុន។ ហើយការធ្វើបែបនេះគឺខុសច្បាប់ដែលពួកខ្ញុំមិនអាចទទួលយកបាននោះទេ។ បើក្រុមហ៊ុននៅតែធ្វើអ៊ីចឹង ពួកខ្ញុំនឹងយកបញ្ហាហ្នឹងដោះស្រាយតាមនីតិវិធីច្បាប់ហើយ។ ពួកយើងនឹងប្តឹងទៅមន្ទីរ ឬក្រសួង។ ហើយបើដឹងថា រោងចក្រនេះបិទទ្វា យើងនឹងប្តឹងទៅតុលាការ ដើម្បីឱ្យតុលាការចេញដីការក្សាការពារទ្រព្យសម្បត្តិរោងចក្រ ទុកលក់ឡៃឡុងទូរទាត់សំណងជូនកម្មករ»។
វីអូឌី មិនអាចសុំការឆ្លើយតបពីប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត លោក ថុល នាង បានជុំវិញវិវាទការងារនៅរោងចក្រ ឌីកនើធី នីតធើរ លីមីតធីតនេះទេ ដោយទូរសព្ទមិនអាចទាក់ទងបាន។
បើតាមប្រធានសហជីពស៊ីខាវឌូប្រចាំរោងចក្រ ឌីកនើធី នីតធើរ លីមីតធីត លោក ភិន សុភា រោងចក្រនេះ មានថៅកែជាជនជាតិចិនហុងកុង។ រោងចក្រនេះផលិតសម្លៀកបំពាក់ប្រភេទអាវចាក់ និងស្រោមជើងចាក់ដែលមានកម្មករប្រមាណ៨០០នាក់កំពុងបម្រើការងារ៕Vod