សៀមរាប៖ ជនជាតិកូរ៉េម្នាក់ បានស្លាប់ ក្រោយពេលជិះម៉ូតូធំ កង់បួន ធ្លាក់ជង្ហុក រ៉េចង្កូតបុកបង្គោលថ្ម បណ្តាលឱ្យធ្លាក់ចូលស្រះទឹក ដែលមានជម្រៅជាង ២០ម៉ែត្រ នៅចំណុចផ្លូវលំដីស ស្ថិតនៅភូមិតាចក សង្កាត់ស្រង៉ែ ក្រុងសៀមរាប ។
បើតាមការចេញផ្សាយបានឱ្យដឹងថា ហេតុការណ៍ដ៏គួរឱ្យសោកស្ដាយនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៥ល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅភូមិតាចក ដែលមានជនរងគ្រោះ ទី១-ឈ្មោះ JANG SEONGSU ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខ M73614046 និងទី២-ឈ្មោះ LEE GYUHONG ភេទប្រុស អាយុ ២៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខ M91994784។
ជនរងគ្រោះទាំងពីរនាក់ ជាភ្ញៀវទេសចរ ស្នាក់នៅក្នុងសណ្ឋាគារ អង្គររ៉ូយ៉ាល់ រីសត ស្ថិតនៅ ភូមិកសិកម្ម សង្កាត់ស្រម៉ៃ ក្រុងខេត្តសៀមរាប។ ជនរងគ្រោះ បាននាំគ្នាជួលម៉ូតូកង់បួន ពីក្រុមហ៊ុន SAIGONSTAR TOUR ដែលមានទីតាំងនៅក្នុង ARTBOX ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដើម្បីបើកដើរលេងកម្សាន្តនៅក្នុងក្រុងសៀមរាប។
សមត្ថកិច្ច បានឱ្យដឹងទៀតថា ពេលដែលជនរងគ្រោះទាំងពីរនាក់ ជិះមកដល់ចំណុចខាងលើ ក៏បានធ្លាក់ជង្ហុក រ៉េចង្កូតទៅបុកនឹងបង្គោលថ្ម ធ្លាក់ចូលរណ្តៅដី(មានទឹកពេញ) ដែលមានជម្រៅ ២៥ម៉ែត្រ ដែលត្រូវគេដឹងថា ជីកយកអាចម៌ដីលក់ មានទំហំ ១០០x២00ម៉ែត្រ ។
ហេតុការណ៍ បានបណ្តាលឱ្យជនរងគ្រោះលិចចូលទៅក្នុងទឹកជាមួយនឹងម៉ូតូ ហើយពេលនោះជនរងគ្រោះឈ្មោះ Lee Gyuhong បានស្រវាឡើងមកលើច្រាំងវិញបាន ចំណែកជនរងគ្រោះ ឈ្មោះ Jang Seongsa បានលិចទៅបាត់ជាមួយនឹងម៉ូតូ ដែលរហូតមកទល់ពេលព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ទើបអន្តរាគមន៍ (ដោយបង់សំណាញ់) ទើបរកសពជនរងគ្រោះឃើញ៕ប្រភព Clicknews