អ្នកលក់ប្រេងមិនគ្រប់ចំណុះនៅខេត្តតាកែវប្រឈមផ្លូវច្បាប់!ចុះខេត្តផ្សេង?

0
739

ខេត្តតាកែវ ៖ ម្ចាស់ស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈយ៉ាងហោចណាស់៥ ក្នុងចំណោមម្ចាស់ស្ថានីយ និងម្ចាស់ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន១៥ដែលមន្រ្តីកាំកុងត្រូលរកឃើញបានលួចបន្លំលក់មិនគ្រប់ចំណុះលីត្រនិងប្រេងសាំងគ្មានគុណភាពនោះ អាចនឹងប្រឈមមុខចំពោះពាក្យបណ្ដឹងទៅតុលាការ ពីសំណាក់មន្រ្តីកាំកុងត្រូលខេត្តតាកែវនៅដើមសប្ដាហ៍ក្រោយនេះ ។លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវឲ្យដឹងថាចំពោះករណីម្ចាស់ស្ថានីយ និងម្ចាស់ដេប៉ូចែកចាយ ប្រេងឥន្ទនៈចំនួន១៥ដែលមន្រ្តីកាំកុងត្រូលពិនិត្យកាលពីចុងសប្ដាហ៍ថ្មីៗនេះហើយរកឃើញភាពមិនប្រក្រតីនោះ លោកបានធ្វើ របាយការណ៍ជាបឋមទៅអយ្យការអម សាលាដំបូងខេត្តតាកែវរួចហើយ ក៏ប៉ុន្តែ ចំពោះពាក្យបណ្ដឹងវិញខាងសាខាកាំកុងត្រូលខេត្តកំពុងតែរៀបចំនិងកសាងសំណុំរឿងដោយសម្រេចដាក់ពាក្យបណ្ដឹងប្តឹងម្ចាស់ស្ថានីយនិងម្ចាស់ដេប៉ូចែកចាយប្រេងសាំងចំនួន៥កន្លែងក្នុងចំណោម១៥ដែលត្រូវបានរកឃើញភាពមិនប្រក្រតីកាលពីសប្តាហ៍មុនលោកប្រធានសាខាកាំកុងត្រូលខេត្តតាកែវបានមានប្រសាសន៍បន្តទៀតថា ក្នុងចំណោមម្ចាស់ស្ថានីយនិងម្ចាស់ដេប៉ូចែកចាយប្រេងចំនួន៥ ដែលសាខាកាំកុងត្រូល គ្រោងដាក់ពាក្យបណ្ដឹងទៅអយ្យការអមសាលាដំបូងខេត្តតាកែវគឺមានម្ចាស់ស្ថានីយ និងម្ចាស់ដេប៉ូចែកចាយ ប្រេងសាំងចំនួន២ដែលលក់មិនគ្រប់បរិមាណនិងគ្មានគុណភាពចំណែកម្ចាស់ស្ថានីយនិងម្ចាស់ដេប៉ូ៣កន្លែងទៀត គឺលក់មិនគ្រប់បរិមាណ ។ ចំពោះមូលហេតុនៃការដាក់ពាក្យបណ្ដឹង ប្តឹងម្ចាស់ស្ថានីយ និងម្ចាស់ដេប៉ូចែកចាយប្រេងឥន្ធនៈទាំង៥ក្នុងចំណោមម្ចាស់១៥ស្ថានីយលោកបានបញ្ជាក់ថា «គឺបណ្ដាល មកពីម្ចាស់ស្ថានីយនិងម្ចាស់ដេប៉ូទាំង៥នេះត្រូវបានមន្រ្តីកាំកុងត្រូលត្រួតពិនិត្យជាលើកទី២ហើយ ដែលកាលពីលើកទី១ ពួកគេត្រូវបានអប់រំនិងឲ្យធ្វើកិច្ចសន្យាម្ដងហើយ ក៏ប៉ុន្តែពួកគេនៅតែមិនព្រមកែប្រែ ទើបយើងសម្រេចចិត្តដាក់ពាក្យបណ្ដឹង» បើតាមលោកប្រធានសាខាកាំកុងត្រូលខេត្តតាកែវបានឲ្យដឹងទៀតថា ខាងមន្រ្តីកាំកុងត្រូលគ្រាន់តែដាក់ពាក្យបណ្ដឹងចំពោះម្ចាស់ស្ថានីយនិងម្ចាស់ដេប៉ូចែកចាយប្រេងឥន្ធនៈដែលលក់មិនគ្រប់លីត្រនិងគ្មាន គុណភាពទាំង៥ប៉ុណ្ណោះរីឯការចោទប្រកាន់យ៉ាងណា គឺជាសិទ្ធិរបស់អយ្យការអមសាលា ដំបូងខេត្តតាកែវជាអ្នកសម្រេច ។លោក ប៉ោ លាងគង់ មិនបានបញ្ចេញ ឈ្មោះម្ចាស់ស្ថានីយឬម្ចាស់ដេប៉ូចែកចាយប្រេងឥន្ធនៈដែលលោកបានរៀបចំប្តឹងនេះឡើយ ព្រោះករណីនេះស្ថិតក្នុងដំណាក់ កាលស៊ើបអង្កេតបន្ថែមហើយចំណែកបទចោទប្រកាន់វិញក៏លោកមិនបានបញ្ជាក់ ច្បាស់លាស់ដែរ ដោយទុកលទ្ធភាពឲ្យ ព្រះរាជអាជ្ញាជាអ្នកសម្រេច។លោកបានបញ្ជាក់ថាបទល្មើសដែលម្ចាស់ស្ថានីយ និងម្ចាស់ដេប៉ូចែកចាយប្រេងឥន្ធនៈទាំង៥កន្លែងនេះ គឺមានចែងនៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផល ទំនិញ និងសេវាដែល ព្រះមហាក្សត្រឡាយព្រហស្តលេខាលើ ព្រះរាជក្រមឲ្យប្រើប្រាស់កាលពីឆ្នាំ២០០០។សូមរំឭកថា កាលពីព្រឹកថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០១៨នេះ ក្រុមមន្ត្រីកាំកុងត្រូល ប្រើរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយមន្រ្តីកាំកុងត្រូលខេត្តតាកែវ បានរកឃើញស្ថានីយ និងដេប៉ូលក់ប្រេងចំនួន១៥កន្លែងក្នុង ចំណោម១៩ ត្រូវបានរកឃើញថា ពិតជាបានលួចបន្លំលក់ប្រេងមិនគ្រប់ចំណុះ លីត្រឲ្យអ្នកទិញពិតប្រាកដមែន ។នៅពេលនោះលោក មាន ចំណាប់ បានអះអាងថា ស្ថានីយ និងដេប៉ូលក់ប្រេង ដែលលួចលក់បន្លំបរិមាណ និងគុណភាព ដែលមន្ត្រីរបស់លោកបានសម្រេចបញ្ចេញ ឈ្មោះ មាន៖ ១- ដេប៉ូ Tela ឈាវ លាំង ស្ថិតនៅភូមិស្រងែ ផ្លូវជាតិលេខ៣ ឃុំឧត្តម សូរីយា ស្រុកត្រាំកក់, ២- ដេប៉ូ Tela ជៀក ច្រូវ តាកែវ ស្ថិតនៅភូមិថ្នល់បែកផ្លូវជាតិលេខ២ ឃុំរកាក្រៅ ក្រុងដូនកែវ, ៣- ដេប៉ូ Savimex ណុប ម៉ារីយ៉ាន ស្ថិតនៅភូមិថ្នល់ បែក ផ្លូវជាតិលេខ២ ឃុំរកាក្រៅ ក្រុងដូន កែវ, ៤-ស្ថានីយ Sokimex ១មករា ស្ថិត នៅភូមិថ្នល់បែក ផ្លូវជាតិលេខ២ ឃុំរកាក្រៅ ក្រុងដូនកែវ, ៥- ស្ថានីយ L.H.R ស្ថិតនៅ ក្នុងសង្តាត់រកាក្រៅ ក្រុងដូនកែវ, ៦- ដេប៉ូ Tela សុខ ឫទ្ធី ស្ថិតនៅភូមិព្រៃហ្មផ្លូវជាតិ លេខ២ សង្កាត់រកាក្នុង ក្រុងដូនកែវ ប៉ុន្តែ មិនឲ្យត្រួតពិនិត្យ ឡើយ, ៧- ដេប៉ូ Total សែ សុខ ម៉េង ស្ថិត នៅភូមិស្មៅខ្ចីផ្លូវជាតិ លេខ២ ឃុំត្រពាំងសាប ស្រុកបាទី, ៨- ដេប៉ូ Tela ភាពសំណាងពូនភ្នំផ្លូវជាតិ លេខ២ ស្ថិតនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ។កន្លងមក គេតែងតែសង្កេតឃើញមន្ត្រីកាំកុងត្រូលនៅតាមបណ្តាខេត្តមួយចំនួន ជាពិសេសមន្ត្រីប្រើរថយន្តពិសោធន៍ចល័ត បានបង្ហោះផ្សព្វផ្សាយរូបថតអំពីសកម្មភាព ត្រួតពិនិត្យស្ថានីយលក់ប្រេងនានា ហើយ ស្ទើរគ្រប់ស្ថានីយទាំងអស់សុទ្ធតែរកឃើញថាធ្វើអាជីវកម្មបង្កប់នូវ ទង្វើលួច ដោយ លក់ប្រេងឲ្យអ្នកទិញមិនគ្រប់ចំណុះលីត្រតាមកុងទ័រកំណត់ ប៉ុន្តែមិនទាន់ឃើញមានការចាត់វិធានការផ្លូវច្បាប់ឲ្យច្បាស់លាស់នៅឡើយទេទោះបីបទលួចគឺល្មើសនឹង ច្បាប់ក៏ដោយ ការណ៍ដែលមិនចាត់វិធានការផ្លូវច្បាប់ចំពោះម្ចាស់អាជីវកម្មទុច្ចរិតបែបនេះទើបធ្វើឲ្យមហាជន ដែលជាអ្នកទិញប្រេងដោយចាញ់បោកអ្នកលក់នេះ លើកជាសំណូម ពរថា មន្ត្រីកាំកុងត្រូលល្មមយកច្បាប់មក អនុវត្តហើយ មិនគួរបន្តឲ្យទង្វើលួចកើតឡើងដដែលទៀតឡើយដើម្បីព្រោះតែ ចំណេញម្នាក់ឯង និងបក្ខពួកខ្លួន ។សកម្មភាពត្រួតពិនិត្យកម្រិតចំណុះប្រេងបាញ់ចេញតាមទុយយោចេញពីកុងទ័រ ហើយរកឃើញមិនគ្រប់ចំណុះលីត្រនេះ គឺមន្ត្រីកាំកុងត្រូលខេត្តតាកែវដឹកនាំឲ្យលោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តនេះហាក់ដូចជាបានធ្វើច្រើនជាងគេ ហើយនៅពេលនេះ លោកបានផ្តើមដាក់ពាក្យបណ្តឹងទៅតុលាការដើម្បី ស្វែង រកការផ្តន្ទាទោសម្ចាស់ស្ថានីយ និង ដេប៉ូ ដែលប្រព្រឹត្តអំពើលួច ។ប្រតិកម្មទៅនឹងការរកឃើញពីការលក់លួចបន្លំនេះ លោក ណៅ ធួក រដ្ឋលេខា ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានបញ្ចេញប្រតិកម្មថា ហេតុអ្វីបានជាមន្ត្រីកាំកុងត្រូលមិនចាត់វិធានការផ្លូវច្បាប់ឲ្យបានតឹងរ៉ឹងចំពោះម្ចាស់ស្ថានីយ និងដេប៉ូលក់ប្រេងទាំងនេះក្រោយពីរកឃើញថា ពួកគេប្រព្រឹត្តបទល្មើសលួចដូចចោរ ដទៃទៀតដែរ ប៉ុន្តែបែរជាធ្វើត្រឹមតែកិច្ច សន្យាទៅវិញ?លោកបានសរសេរនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា «មន្ត្រីកាំកុងត្រូលបានរកឃើញស្ថានីយប្រេងឥន្ធនៈ១ចំនួនបានគៃបំបាត់ប្រេងពីអ្នកទិញពី៣ទៅ១០ភាគរយ! តែគួរឲ្យឆ្ងល់! អត់មានផាក ពិន័យ ឬផ្តន្ទាទោសបន្តិចសោះ! គ្រាន់តែធ្វើកិច្ចសន្យាឈប់ប្រព្រឹត្ត! សួរថាចុះប្រេងដែលលួចរាប់ឆ្នាំមកហើយអស់រាប់ពាន់ រាប់ម៉ឺនលីត្រ តើគិតយ៉ាងណា? ហេតុអ្វី ចោរលួចកង់ម៉ូតូដែលមានតម្លៃតែបន្តិច បន្តួចសោះ ហេតុអ្វីត្រូវជាប់គុក? ឯចោរដែលលួចប្រេងអស់វាល់ម៉ឺនរាប់សែន ដុល្លារ គ្រាន់តែធ្វើកិច្ចសន្យាបញ្ឈប់!»។មហាជនបានមើលឃើញថា សកម្មភាពនិងវិធានការត្រឹមធ្វើកិច្ចសន្យាពីសំណាក់មន្ត្រីកាំកុងត្រូល ជាពិសេស គឺក្រុមមន្ត្រីប្រើរថយន្តពិសោធន៍ចល័ត ហាក់ដូចជាមិន ផ្តល់លទ្ធផលគួរជាទីពេញចិត្តឡើយ ដោយពួកគាត់លើកឡើងថា នេះគ្រាន់តែជាវិធានការនៃការងារបន្លែបន្លំដូចអ្នកលក់ប្រេងដែរ ដូច្នេះម្ចាស់ស្ថានីយ ឬម្ចាស់ដេប៉ូលក់ប្រេងនឹងមិនខ្លាចញញើតឡើយ។ ផ្ទុយទៅវិញ ប្រសិនបើប្រើវិធានការផ្លូវច្បាប់ដូចលោក ណៅ ធួក បានលើកឡើងមែន នោះនឹងមានប្រសិទ្ធភាពព្រោះបទល្មើសលួច គឺជាអំពើខុសច្បាប់ត្រូវយកទៅដាក់ គុកដូចចោរលួចម៉ូតូ កង់ ឬចោរលួចរបស់ របរកំប៉ិកកំប៉ុកដទៃទៀតដែរ ។ទោះជាយ៉ាងណាក្តីមហាជនរង់ចាំ មើលថា តើមន្ត្រីកាំកុងត្រូល ជាពិសេស ក្រុមមន្ត្រីកាំកុងត្រូលប្រើរថយន្តពិសោធន៍ចល័ត ដែលជាទូទៅគេឃើញឈប់សំចតធ្វើការតែមួយភ្លែតៗនៅតាមទីតាំងត្រួត ពិនិត្យ ដូចគេបើកឡានល្អដើរកម្សាន្តនឹងចាត់វិធានការចំពោះចោរលក់លួចប្រេងពីអ្នកទិញនៅពេលណានិងដោយរបៀប ណា?។គេកត់សម្គាល់ឃើញថា សមត្ថកិច្ចកាំ កុងត្រូលតាមបណ្តាខេត្តផ្សេងទៀត ជា ពិសេសតាមផ្លូវជាតិលេខ៥ និងលេខ៦ ស្ថានីយប្រេងឥន្ធនៈជាច្រើន មិនមានការ ត្រួតពិនិត្យនោះទេ ។ ដូច្នេះក្រសួងពាណិ ជ្ជកម្មគួរជំរុញឲ្យស្ថាបនកាំកុងត្រូលតាម បណ្តាខេត្តចាត់វិធានការចំពោះស្ថានីយ ប្រេងនៅក្នុងមូលដ្ឋានរបស់ខ្លួនផង ។ បើ មិនដូច្នេះទេ ពួកគេនឹងបន្តធ្វើព្យុះធ្វើភ្លៀង តាមចិត្ត ៕