ខេត្តកំពត ៖ ក្រុមមន្ត្រីនៃក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពត បាននាំគ្នាលើកឡើងថា ចាប់តាំងពីលោក ជីញ គួង ទទួលបានតំណែងជាប្រធានមន្ទីរសាធារណការខេត្តកំពតពីពេលណាមកគឺ
គិតតែពីរឿងប្រមូលលុយតាមរបៀបពុករលួយដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់ ជាពិសេសចំពោះការស្ថាបនាជួសជុលផ្លូវនៅក្នុងខេត្តធ្វើមុខខូចក្រោយធ្វើក្រោយខូចមុខ ដដែល ដោយសារតែលោកប្រធានមន្ទីររូបនេះប្រើ ចាក់ស្ដើង សុីក្រាស់ ដូចមេអាប៉ោងអីចឹង ។
ប្រភពបានឲ្យដឹងទៀតថា ផ្លូវថ្នល់ជាច្រើនខ្សែក្នុងខេត្តកំពត ត្រូវរងការខូចខាតជាបន្តបន្ទាប់ហើយផ្លូវខ្លះជួសជុលមិនទាន់រួចរាល់ផងត្រូវខូចវិញអស់ទៅហើយ ដោយសារតែរូបមន្តចាក់ស្ដើងស៊ីក្រាស់ ក្រោមការចាត់ចែងរបស់លោក ជីញ គួង ដែលអាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងសាធារណការគ្មានអ្នកណាធ្វើអីបាន ។
បញ្ហានេះ លោកួេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មិនគួរមើលរំលងតទៅទៀតទេ ព្រោះលោក ជីញ គួង ប្រធានមន្ទីរសាធារណការខេត្តកំពត ជាមន្ត្រីអសមត្ថភាពហើយពេលខ្លះសម្ងំក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ចាំប្រមូលលុយយ៉ាងសុខស្រួល។
ប្រជាពលរដ្ឋក្នុងខេត្តកំពត បានកត់សម្គាល់ថា ផ្លូវជាតិលេខ៣៣Aឆ្លងកាត់ស្រុកទឹកឈូ ក៏ដូចជាផ្លូវជាតិលេខ៣ ជាដើមត្រូវខូចខាតជាច្រើនកន្លែង ហើយកំណាត់ផ្លូវខ្លះជួសជុលមិនទាន់រួចរាល់ស្រួលបួលផង ក៏ត្រូវខូចទៅវិញជាបន្តបន្ទាប់។
ក្នុងនោះផ្លូវជាតិលេខ៣៣A ចូលទៅតំបន់ទឹកឈូ ដែលជួសជុលកាលពីអំឡុងខែមេសា ឆ្នាំ២០១៩ ឥឡូវត្រូវខូចវិញស្ទើរទាំងអស់អស់ទៅហើយ ព្រោះមន្ត្រីជំនាញក្រោមការគ្រប់គ្រងរបស់លោក ជីញ គួង ធ្វើឲ្យតែរួចពីដៃរប៉ុណ្ណោះមិនខ្វល់ខ្វាយពីគុណភាព អីនោះទេ។
ហេតុនេះលោក ស៊ុន ចាន់ថុល មិនគួរទុកឲ្យមន្ត្រីអសមត្ថភាពដូចជា លោក ជីញ គួង បន្តកាន់តំណែងជាប្រធានមន្ទីរសាធារណការខេត្តកំពត តទៅទៀតទេ។ អ្វីដែលគួរឲ្យខ្មាសអៀនបំផុតនោះ គឺនៅពេលផ្លូវច្រើនខ្សែក្នុងខេត្តកំពត ត្រូវបានខូចខាតជាបន្តបន្ទាប់ បែរជាលោក ជីញ គួង បន្ទោសទៅលើភ្លៀងធ្លាក់ច្រើនទៅវិញដើម្បីបិទបាំងភាពអសកម្មរបស់ខ្លួនយ៉ាងមានប្រសិទ្ធភាពបំផុត ។
ប្រភពពីមន្ត្រីនៅក្នុងមន្ទីដដែល បានឲ្យដឹងថា ប្រសិនបើលោក ស៊ុន ចាន់ថុល ដកហូតតំណែងលោក ជីញ គួង កាន់តែឆាប់កាន់តែល្អ ព្រោះសព្វថ្ងៃនេះលោក ជីញ គួង គិតតែពីរឿងប្រើប្រាស់អំណាចនិងតួនាទីរបស់ខ្លួនដើម្បីផលប្រយោជន៍ប៉ុណ្ណោះ។
ពួកគេបានលើកឡើងទៀតថា លោក ជីញ គួង អសមត្ថភាពមិនខុសពីអតីតប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ អតីតប្រធានមន្ទីរសាធារណការខេត្តសៀមរាបនិងអតីតប្រធានមន្ទីរសាធារណការខេត្តក្រចេះ ដែលត្រូវដកហូតតំណែងនោះឡើយ។
ជាក់ស្ដែងបច្ចុប្បន្នផ្លូវច្រើនខ្សែក្នុងខេត្តកំពត ជាពិសេសផ្លូវលេខ៣៣A និងផ្លូវជាតិលេខ៣ ត្រូវខូចជាបន្តបន្ទាប់ ហើយការជួសជុលមិនទាន់រួចផងត្រូវខូចទៅវិញអស់រលីងព្រោះការជួសជុលនោះធ្វើមិនត្រូវបញ្ចេកទេសនិងខ្វះខាតឧបករណ៍ប្រើប្រាស់ជាដើម ។
ប្រជាពលរដ្ឋក្នុងខេត្តកំពត បានរិះគន់ថា ការជួសជុលផ្លូវក្នុងខេត្តកំពត នាពេលកន្លងមកធ្វើតាមរបៀបលេងសើចចំណាយថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ដោយឥតប្រយោជន៍ ព្រោះលោក ជីញ គួង ប្រធានមន្ទីរសាធារណការខេត្តកំពត គិតតែពីររឿងប្រមូលលុយយកមកធ្វើមានធ្វើបាន
ផ្ទាល់ខ្លួនមិនខ្វល់ពីការជួសជុលឲ្យជាប់បានយូរនោះទេ។ទាក់ទិនទៅនឹការលើកឡើងចោទប្រកាន់របស់មហាជនក៏ដូចប្រជាពលរដ្ឋក្នុងខេត្តនេះ ភ្នាក់ងារគេហទំព័រPN Asia មិនអាចសុំការបកស្រាយពីលោកប្រធានមន្ទីររូបនេះបានទេដោយគ្មានលេខទូរស័ព្ទ ហើយផ្នាក់ងារយើងរងចាំបកស្រាយជូនលោកជានិច្ច ៕