ភ្នំពេញ: ក្រសួងការពារជាតិបានសម្រេចបញ្ឈប់លោក ផែង វណ្ណៈ នាយទាហានរង់ចាំការងារនៅទីចាត់ការបុគ្គលិកនៃអគ្គបញ្ជាការដ្ឋាន និងជាអ្នកលេងហ្វេសប៊ុកល្បីឈ្មោះម្នាក់ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ដោយហេតុបានប្រព្រឹត្តខុសច្បាប់លក្ខន្ដិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ប៉ុន្ដែសាមីខ្លួនថា មិនមានអ្វីគួរឲ្យស្ដាយទេ ព្រោះលោកពិតជាបានធ្វើខុសមែន។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិដែលចុះហត្ថលេខាដោយលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិចុះថ្ងៃទី ២៧ សីហា ដែលភ្នំពេញប៉ុស្ដិ៍ទទួលបានកាលពីម្សិលមិញឲ្យដឹងថា៖ «លុបឈ្មោះចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ចំពោះវរសេនីយ៍ទោ ផែង វណ្ណៈ អត្តលេខ ១៦៥៧៤៧ នាយទាហានរង់ចាំការងារទីចាត់ការបុគ្គលិកនៃអគ្គបញ្ជាការដ្ឋាន។ ដោយសារប្រព្រឹត្តខុសច្បាប់លក្ខន្ដិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ និងបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ»។
លោក ផែង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញដោយមិនមានការសោកស្ដាយ ឬមានអ្វីគួរឲ្យតូចចិត្តទេ ព្រោះលោកបានទទួលស្គាល់កំហុសដែលបានប្រព្រឹត្តកន្លងមក ក្រោយពីតុលាការផ្តន្ទាទោសជាច្រើនករណី។
លោកថា បើសិនមានសាលក្រមតុលាការចេញជាស្ថាពរ ទោះមាននាមជាមន្ត្រីប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិលក៏ដោយ ក៏ត្រូវតែមានការកាត់ឈ្មោះចេញពីក្របខ័ណ្ឌអង្គភាពដែរ។
លោកបញ្ជាក់ថា៖ «គិតចាប់តាំងពីឆ្នាំ ១៩៨៨ ចូលបម្រើជាតិរហូតដល់ឆ្នាំ ២០១៩ ដែលត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌគឺ ៣១ ឆ្នាំដែលខ្ញុំបានរួមចំណែកបម្រើជាតិ និងប្រជាជន អ្វីដែលខ្ញុំមោទនភាពបំផុតនោះ ពេលខ្ញុំនៅជាមន្ត្រី ខ្ញុំមិនដែលធ្វើបាបរាស្ត្រណាម្នាក់ឲ្យរងទឹកភ្នែកនោះទេ។ ខ្ញុំមិនសោកស្ដាយអ្វីដែលបាត់បង់ទេ ដរាបណាដង្ហើមនៅដកក្ដីសង្ឃឹមនៅតែមាន។ មានការងារច្រើនណាស់ដែលខ្ញុំត្រូវបន្តធ្វើ ដើម្បីប្រជាជនទោះបីខ្ញុំគ្មានឈ្មោះជាមន្ត្រីក៏ដោយ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា និងជាអ្នកវិភាគបញ្ហានយោបាយបានលើកឡើងថា វាមិនមានអ្វីចម្លែកទេ ដោយសារនៅក្របខ័ណ្ឌការងារតាមអង្គភាពទាហាន នគរបាល និងមន្ត្រីរាជការស៊ីវិល តែងតែមានច្បាប់លក្ខន្ដិកៈរៀងៗខ្លួន។ ដូច្នេះអ្នកដែលគេរកឃើញថាបានបំពានលក្ខន្ដិកៈទាំងនោះ គេត្រូវបណ្ដេញចេញពីអង្គភាព។
លោកបញ្ជាក់ថា៖ «បើគេមើលទៅកន្លងមកលោក ផែង វណ្ណៈ ដូចជាសកម្មជនហ្វេសប៊ុក បើយើងនិយាយពីគោលការណ៍អព្យាក្រឹត្យ ឬគោលការណ៍មុខងារសាធារណៈគឺគេមិនឲ្យទៅធ្វើមុខរបរណាមួយដែលមានវិសមត្ថភាពទៅនឹងមុខតំណែងរបស់ខ្លួន ហើយគេហាម។ ឧទាហរណ៍ថា ការយកការសម្ងាត់របស់អង្គភាព ឬគោលការណ៍ផ្ទៃក្នុងអង្គភាពទៅនិយាយប្រាប់អ្នកផ្សេង បើមិនអ៊ីចឹងទេគឺនឹងត្រូវបណ្ដេញចេញពីអង្គភាពជារឿងធម្មតា»។
លោកធ្លាប់បានជាប់បណ្ដឹងរបស់អង្គភាពព័ត៌មាន ហ្វ្រេសញូវ ដែលប្ដឹងទាមទារជំងឺចិត្ត ៥០ ម៉ឺនដុល្លារពាក់ព័ន្ធនឹងការលើកឡើងថា ហ្វ្រេសញូវ ផ្សាយតែព័ត៌មានដែលបានលុយ។ លោកក៏ត្រូវលោក ពេជ្រ ស្រស់ ប្ដឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយរឿងយកលុយចូលបុណ្យសពជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
បន្ទាប់មកទៀតអ្នកលេងហ្វេសប៊ុកល្បីឈ្មោះរូបនេះត្រូវបានតុលាការរាជធានីភ្នំពេញសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស ក្រោយពេលត្រូវបានចោទប្រកាន់ជាផ្លូវការពីបទញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ និងបទបរិហារកេរ្តិ៍លោក ហ៊ុន សែន ពាក់ព័ន្ធនឹងការប្រៀបធៀបការយកលុយចូលបុណ្យសពក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍ និងលុយចូលបុណ្យសព លោក កែម ឡី៕
ប្រភព៖ ភ្នំពេញ ប៉ុស្តិ៏