ភ្នំពេញ៖ ឆ្នាំ២០១៩នេះ មិនមានអ្នកសង្កេតការសម្រាប់ឃ្លាំងមើលពេលប្រឡងបាក់ឌុប ដូចឆ្នាំមុនៗនោះទេ។ ប៉ុន្តែ ក្រសួងអប់រំ នឹងពង្រាយមន្ត្រី (អប្បមាទ និងជំនួយការអប្បមាទ) ចំនួន៣០១១នាក់ សម្រាប់ឃ្លាំងមើលការប្រឡងនៅថ្ងៃទី១៩-២០ ខែសីហាខាងមុខ។ នេះបើតាមការបញ្ជាក់ពីលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ។
អ្នកនាំពាក្យក្រសួងអប់រំបញ្ជាក់ថា នាសម័យប្រឡងនៅសប្តាហ៍ក្រោយនេះ អប្បមាទ៦០៦ នាក់ និងជំនួយការអប្បមាទ២៤០៥នាក់ នឹងឃ្លាំងមើលស្ថានភាពប្រឡង ដើម្បីឲ្យការប្រឡងប្រព្រឹត្តិទៅដោយជោគជ័យ ដោយឈរលើគោលការណ៍ច្បាប់ តម្លាភាព យុត្តិធម៌ និងលទ្ធផលអាចទទួលយកបាន។
ថ្វីដ្បិតឆ្នាំនេះគ្មានអ្នកសង្កេតការក្តី តែក្រសួងអប់រំ នៅតែសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) សម្រាប់ដោះស្រាយបញ្ហាដែលកើតមាននៅក្នុងអំឡុងពេលប្រឡង។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងអប់រំដដែល។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩-២០ ខែសីហា ដោយមានសិស្សប្រឡងសរុបចំនួន១១៩,២១៧នាក់ ក្នុងនោះមានស្រីចំនួន ៦១,០៣១នាក់។
តាមតួលេខពីក្រសួងអប់រំ ឆ្នាំនេះ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រមាន ៤៥,៤១៤នាក់ (ស្រី២,៥៥២៦នាក់) និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន៧៣,៨០៣នាក់ (ស្រី៣៥,៥៣៨នាក់)។
មណ្ឌលប្រឡងមានចំនួន ២០២ មណ្ឌល ថ្នាក់វិទ្យាសាស្ត្រមាន៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន១២៧មណ្ឌល ចែកចេញជាបន្ទប់សរុបមាន៤៧២៥បន្ទប់៕
ប្រភព៖ Thmey Thmey