ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍អូរបីជាន់ ឃាត់ខ្លួន(ពីបទហឹង្សាសហព័ន្ធ) ព្រោះតែខឹងនឹងប្រពន្ធមិនព្រមដេកផ្ទះ ក៏ផឹកស្រាស្រវឹង រួចក៏បានធ្វើសកម្មភាពដុតផ្ទះខ្លួនឯង បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅខ្ទេចទាំងស្រុងសល់តែគ្រោងឆ្អឹង ផ្អើលអស់អ្នកជិតខាង និងនគរបាលជួយអន្តរាគមន៍ពន្លត់ទាំងយប់ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា បុរសដុតផ្ទះខ្លួនឯងខាងលើនេះឈ្មោះ សឿន វាសនា អាយុ៣៧ឆ្នាំ មានប្រពន្ធឈ្មោះ ហៀប ពៅ អាយុ៤១ឆ្នាំ និងមានកូនប្រុស២នាក់ក្នុងបន្ទុក ហើយគ្រួសារនេះរស់នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា មុនពេលកើតហេតុ បុរសជាប្តីបានផឹកស្រាស្រវឹង ព្រោះតែខឹងនឹងប្រពន្ធរបស់ខ្លួនដែលមិនព្រមដេកនៅផ្ទះ ក៏យកដែកកេះមកដុតផ្ទះខ្លួនឯងចោលដែលមានទំហំ៣,៥០គុណ៥ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសី និងក្រាលក្តារ បណ្តាលឲ្យឆេះស្ទើរទាំងស្រុង ចំណែកសម្ភារៈដូចជា សម្លៀកបំពាក់ ចានឆ្នាំងនៅក្នុងផ្ទះក៏ត្រូវឆេះអស់ទាំងស្រុងដែរ។
ក្រោយមកត្រូវបានកម្លាំងនគរបាល និងប្រជាពលរដ្ឋបាននាំគ្នាជួយពន្លត់មិនទាន់ មិនបង្កឲ្យរាលដាលឆេះដល់ផ្ទះអ្នកជិតខាងឡើយ។
លោកអធិការបានបញ្ជាក់ថា ចំពោះមូលហេតុដែលធ្វើឱ្យបុរសជាប្តីស្រវឹងស្រារហូតឈានដល់ដុតផ្ទះចោលនេះ គឺដោយសារតែខឹងជាមួយប្រពន្ធដែលមិនព្រមដេកផ្ទះ ។ ចំណែកប្រពន្ធវិញ មូលហេតុដែលមិនបានដេកផ្ទះនោះ ដោយសារតែត្រូវទៅដេកនៅផ្ទះឪពុក ដើម្បីមើលថែទាំឪពុកកំពុងតែឈឺ ហើយផ្ទះទាំង២គឺនៅជិតគ្នានោះទេ ។ ពាក់ព័ន្ធករណីនេះ ប្រពន្ធក៏បានសំណូមពរដល់សមត្ថកិច្ចឃាត់ខ្លួនបុរសប្តីរូបនេះ ចាត់ការតាមនីតិវិធីច្បាប់ផងដែរ៕ ប្រភព កោះសន្តិភាព