ភ្នំពេញ៖ យុវជនសំរាម បានកំណត់បេសកកម្មទី២នៃសកម្មភាពរបស់ខ្លួន ក្នុងការរើស«កន្ទុយបារី» ដែលភ្ញៀវទេសចរជាតិ-អន្តរជាតិ បោះចោលពាសវាលពាសកាលឱ្យបាន១លានដើម នៅលើឆ្នេរអូរឈើទាល ក្នុងខេត្តព្រះសីហនុ។
ការកំណត់បេសកម្មទី២នេះ ធ្វើឡើងបន្ទាប់ពីលោក សាន ដារ៉ាវីត និងសមាជិក៨នាក់ទៀត បានរើសកន្ទុយបារីរហូតជិត៥០០០ដើម កាលពីថ្ងៃទី២១ កក្កដា ឆ្នាំ២០១៩។ លោក ដារ៉ាវីត និយាយប្រាប់សារព័ត៌មានថ្មីៗថា អូរឈើទាល គឺជាឆ្នេរសមុទ្រស្អាតជាងគេកម្ពុជា មិនគួរឱ្យមានកន្ទុយបារីរាយប៉ាយយ៉ាងច្រើនឡើយ។
កតា្កដែលជំរុញឱ្យយុវជន ដារ៉ាវីត សម្រេចចិត្តដឹកនាំក្រុមមករើសកន្ទុយបារីនៅឆ្នេរអូរឈើទាលនេះ ព្រោះលោកបារម្ភថា កន្ទុយបារីដែលមានសារធាតុមិនរលាយ និងមានក្លិនមិនល្អ ដែលចោលរាយប៉ាយ នៅទីនោះ នឹងធ្វើឱ្យខូចសោភ័ណភាពដ៏ស្រស់ស្អាតនៃឆ្នេរសមុទ្រ។
លើសពីនេះ លោកបារម្ភខ្លាចកន្ទុយបារីទាំងនោះហូរចូលទឹកសមុទ្រ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវចម្រុះ និងប៉ះពាល់ដល់សុខភាពមនុស្សដែលចុះលេងទឹកសមុទ្រផងដែរ។
សូមអញ្ជើញទស្សនាវីដេអូ រវាងកញ្ញា អ៊ូ សុខមាន អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោក សានដារ៉ាវីត ប្រធានក្រុមយុវជនសំរាម ដូចតទៅ៖
ប្រភព៖ Thmey Thmey