បន្ទាប់ពីមានករណីផ្ទុះជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិកនៅក្នុងប្រទេសកម្ពុជា កាលពីខែមិនា ឆ្នាំ២០១៩នេះកន្លងមក ប្រជាពលរដ្ឋមួយចំនួនបានផ្អាក និង កាត់បន្ថយការទទួលទានសាច់ជ្រូក ដោយខ្លាចរអាជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក
ដែលជាជំងឺកាចសាហាវឆ្លងពីសត្វទៅសត្វគ្នា អាចឆ្លងមកមនុស្សនេះ បានធ្វើឲ្យអាជីវករលក់ដូរសាច់ជ្រូក និង អ្នកចិញ្ចឹមសត្វជ្រូក មានការធ្លាក់ចុះជាបន្ដបន្ទាប់ ដូច្នេះ ដើម្បីផ្ដល់នូវក្តីសង្ឃឹមដល់អ្នកចិញ្ចឹមជ្រូក និង បញ្ជាក់អះអាងថា
ជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិកនេះ មិនអាចឆ្លងមកមនុស្សបាននោះ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្តសៀមរាប បានផ្ដួចផ្ដើមរៀបចំកម្មវិធីពិសារសាច់ជ្រូក ដែលបានប្រព្រឹត្តទៅនៅមុខផ្សារលើធំថ្មី តាមបណ្ដោយផ្លូវជាតិលេខ៦
ក្នុងក្រុងសៀមរាប ក្រោមវត្តមានរបស់លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និង លោក លោកស្រី ជាថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃមន្ទីរ អង្គភាពនានាក្នុងខេត្ត អាជ្ញាធរមូលដ្ឋាន និង អ្នកធ្វើអាជីវកម្មលើសត្វជ្រូក ជាច្រើនរូបផង ។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា មូលហេតុដែលនាំឲ្យកើតមានកម្មវិធីពិសារសាច់ជ្រូកនាពេលនេះ គឺដោយសារស្ថានភាពជាទូទៅរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនកាត់បន្ថយនូវការទទួលទានសាច់ជ្រូក
ខណៈពេលដែលប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជារដ្ឋមន្ត្រីក្រសួងកសិកម្ម និងអាជ្ញាធរខេត្តសៀមរាប បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទូទៅ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ
សូមបន្តការទិញសាច់ជ្រូកយកទៅទទួលទានជាធម្មតាឡើងវិញ ព្រោះសាច់ជ្រូកនៅខេត្តសៀមរាប មុននឹងយកទៅពិឃាត និង មុននឹងយកទៅលក់សុទ្ឋ តែឆ្លងកាត់ការត្រួតពិនិត្យពីមន្ត្រីបសុសត្វ ហើយបើពិនិត្យទៅឃើញថា សត្វជ្រូកនោះមានគុណភាពល្
មិនប៉ះពាល់សុខភាពសាធារណៈទេ មន្ត្រីនឹងវាយត្រាជាសញ្ញាបញ្ជាក់ថា គុណភាពជ្រូកល្អហើយ ហើយបើពិនិត្យឃើញថាមានបញ្ហា ក៏មិនអនុញ្ញាតឱ្យពិឃាតនៅសត្វឃាតដ្ឋានដែរ ។
គួរបញ្ជាក់ផងដែរថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក មិនមានជាហានិភ័យដល់សុខភាពមនុស្សទេ ប៉ុន្តែជំងឺនេះជាហានិភ័យដល់សត្វជ្រូកស្រុក និងជ្រូកព្រៃ ដោយសារមេរោគអាចរស់ បានរយៈពេលយូរក្នុងសាច់ជ្រូកកែច្នៃ
សាច់ជ្រូកសម្ងួត និងសាច់ជ្រូកប្រឡាក់ ដែលបច្ចុប្បន្ននេះ មិនមានវិធីព្យាបាលជំងឺនេះឲ្យជាសះស្បើយ និងមិនទាន់មានថ្នាំបង្ការ ឬការព្យាបាលណាមួយ ដែលមានប្រសិទ្ធភាពនៅឡើយ ដូច្នេះនៅពេលដែលសត្វជ្រូកឆ្លងជំងឺនេះ វិធានការតែមួយគត់ គឺកម្ទេចហ្វូងជ្រូកដែលទទួលរងផលប៉ះពាល់ ៕ ប្រភព៖ Khmer Note