ក្រុមមន្ត្រីបាននិយាយថា ប្រទេសអេត្យូពីបានដាំដើមឈើជាង ៣៥០លានដើម ត្រឹមរយៈពេល ១២ម៉ោង ហើយពួកគេជឿជាក់ថា វាជាកំណត់ត្រាពិភពលោក។
វាជាការផ្ដួចផ្ដើមរបស់លោកនាយករដ្ឋមន្រ្តី Abiy Ahmed ក្នុងគោលបំណងទប់ទល់នឹងផលប៉ះពាល់នៃការកាប់បំផ្លាញព្រៃឈើ និងបំរ៉ែបំរួលអាកាសធាតុនៅក្នុងប្រទេសដែលងាយនឹងគ្រោះរាំងស្ងួតមួយនេះ។
ក្នុងឱកាសនេះផងដែរ ការិយាល័យសាធារណៈមួយចំនួនរបស់ប្រទេសត្រូវបានបិទទ្វារ ដើម្បីឱ្យមន្ត្រីរាជការបានទៅចូលរួមកម្មវិធីនេះ។
លោក Abiy Ahmed បានចាប់ផ្តើមធ្វើការដាំដើមឈើ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមមរតកបៃតង ដែលកំពុងប្រព្រឹត្តទៅនៅទីតាំងចំនួន ១,០០០កន្លែង នៅទូទាំងប្រទេស។
ភ្នាក់ងាររបស់ BBC លោក Kalkidan Yibeltal បានរាយការណ៍ថា មន្រ្តីត្រូវបានចាត់ឱ្យរាប់សំណាបទាំងនោះ ដែលត្រូវបានដាំដោយអ្នកស្ម័គ្រចិត្ត។
រដ្ឋមន្ត្រីក្រសួងច្នៃប្រឌិត និងបច្ចេកវិទ្យាអេត្យូពីលោក Getahun Mekuria បានសរសេរថា ដើមឈើជាង ៣៥០លានដើម ត្រូវបានដាំក្នុងរយៈពេល ១២ម៉ោង ហើយគោលបំណងគឺដើម្បីដាំដើមឈើឱ្យបានសរុបចំនួន ៤ពាន់លានដើម។
គួរឱ្យដឹងដែរថា កំណត់ត្រាពិភពលោកសម្រាប់ការដាំដើមឈើក្នុងរយៈពេលតែមួយថ្ងៃ ត្រូវបានធ្វើឡើងដោយប្រទេសឥណ្ឌាជាមួយនឹងអ្នកស្ម័គ្រចិត្តចំនួន ៨០០,០០០នាក់ ដើម្បីដាំដើមឈើ ៥០លានដើម នៅឆ្នាំ២០១៦ ។
ដែលកាលនោះវាមិនសូវជាមានភាពរលូនប៉ុន្មានទេ ដោយសារវាប្រឈមមុខនឹងបញ្ហាជម្លោះជាតិ ដែលបានបង្ខំប្រជាជនប្រមាណ ២,៥លាននាក់ ចេញពីដីផ្ទះរបស់ពួកគេ៕ ប្រភព៖ Khmer Note