លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវទៅប្រជាពលរដ្ឋឲ្យបន្តទទួលទានសាច់ជ្រូកឡើងវិញ ហើយលោកប្រាប់កុំឲ្យបារម្ភពីផលប៉ះពាល់សុខភាព ពីព្រោះសាច់ជ្រូកដែលលក់នៅលើទីផ្សារសុទ្ធតែឆ្លងការការត្រួតពិនិត្យត្រឹមត្រូវ។
លោក ហ៊ុន សែន អំពាវនាវបែបនេះ ធ្វើឡើងបន្ទាប់ពីសត្វជ្រូកនៅកម្ពុជា បានឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកពីប្រទេសវៀតណាម ជាងកន្លះខែកន្លងទៅនេះ។
ក្នុងការពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ន លោកហូបសាច់ជ្រូកស្ទើរតែជារៀងរាល់ថ្ងៃ។
ករណីនេះ លោកអំពាវនាវទៅប្រជាពលរដ្ឋយកគំរូតាមលោក បន្តហូបសាច់ជ្រូកឡើងវិញ ដោយកុំបារម្ភពីការប៉ះពាល់ដល់សុខភាព ពីព្រោះជ្រូកដែលលក់នៅលើទីផ្សារកម្ពុជាមានការត្រួតពិនិត្យត្រឹមត្រូវ ហើយមិនមានជំងឺប៉េស្តជ្រូកអាហ្វ្រិកនោះទេ។
លោក ហ៊ុន សែន បញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋមិននាំគ្នាបន្តហូបសាច់ជ្រូកឡើងវិញទេ នឹងធ្វើឲ្យសាច់គោ និងសាច់ត្រីឡើងថ្លៃ ហើយនាំឲ្យទីផ្សារនៅកម្ពុជាមានបញ្ហាប្រឈមផងដែរ។
ក្រសួងកសិកម្ម តែងណែនាំទៅអាជ្ញាធរខេត្តទាំងនោះ ឲ្យចាត់វិធានការទប់ស្កាត់ជាបន្ទាន់ និងហាមមិនឱ្យចរាចរជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកពីកន្លែងផ្ទុះជំងឺទៅកាន់តំបន់ផ្សេងទៀត ជាដើម។
កាលពីថ្ងៃទី១១ ខែកក្កដា ក្រសួងអះអាងថា មានជ្រូកដែលឆ្លងជំងឺប៉េស្តនេះងាប់ និងត្រូវបានសម្លាប់មានជាង ២ពាន់ក្បាលហើយ ដែលក្នុងនោះជិត ៨រយក្បាល ត្រូវបានរដ្ឋាភិបាលយកទៅបំផ្លាញចោល ដែលតម្លៃខាតបង់ខ្ទង់ ៥០ម៉ឺនដុល្លារអាមេរិក៕
ប្រភព៖ VOD