កាលពីពេលថ្មីៗនេះមានសារព័ត៌មានជាច្រើនបានចុះផ្សាយអំពីផលប៉ះពាល់នៃតែគុជ ដោយគេបានបញ្ជាក់ថា ក្នុងតែគុជមានផ្ទុកទៅដោយជាតិស្ករយ៉ាងច្រើន ពោលគឺលើសពីកម្រិតស្ដង់ដារសុខភាព។
ដោយផ្អែកលើរបាយការណ៍ទាំងនោះ ទើបរដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ី គឺលោក Dzulkefly Ahmad បានអំពាវនាវឲ្យឪពុកម្តាយគ្រប់រូបត្រូវតែចេះការពារក្មេងតូចៗកុំឲ្យញ៉ាំតែគុជក្នុងបរិមាណច្រើនឲ្យសោះ ព្រោះវាពិតជាមានគ្រោះថ្នាក់សម្រាប់សុខភាពណាស់។
តាមការសិក្សាបានរកឃើញថា តែគុជមួយកែវអាចផ្ទុកជាតិស្កររហូតដល់ ២០ ស្លាបព្រាកាហ្វេ ខណៈតាមស្ដង់ដារសុខភាពមនុស្សពេញវ័យម្នាក់ត្រូវការជាតិស្ករត្រឹមតែ ៨ ស្លាបព្រាប៉ុណ្ណោះក្នុងមួយថ្ងៃ។
សូមបញ្ជាក់ថា ការទទួលទានជាតិស្ករច្រើនលើសកម្រិតអាចធ្វើឲ្យលោកអ្នកមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ ធាត់លើសទម្ងន់ និងប្រឈមនឹងបញ្ហាសុខភាពបេះដូងជាច្រើនទៀតដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតផងដែរ៕
ប្រភព៖ Khmernote