អាណិតក្មេងណាស់! បុរស​ពោះម៉ាយម្នាក់​បន្ទាប់​ពី​ផឹកស្រវឹង​បាន​ជិះ​ម៉ូតូ​ទៅ​ទិញ​សាច់​ក្លែម​ហើយ​បាត់​ខ្លួន​អស់​រយៈពេល​៨​ថ្ងៃ​ ចោលកូនតូច ២នាក់រងចាំឪពុកត្រលប់មកវិញ

0
308

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បន្ទាប់​ពី​ផឹក​ស្រវឹង​បាន​ជិះ​ម៉ូតូ​ទៅ​ទិញ​សាច់​ក្លែម​ហើយ​បាត់​ខ្លួន​អស់​រយៈពេល​៨​ថ្ងៃ​មក​ហើយ មិនដឹង​ទៅ​ទីណា​បន្សល់​ទុក​កូនប្រុស ស្រី​តូច​២​នាក់ អោយ​នៅ​កណ្តោចកណ្តែង​ជាមួយ​ជីដូន​នៅ​ក្នុង​បន្ទប់​ជួល ។

បុរស​ដែល​បាន​បាត់​ខ្លួន មិនដឹង​មូលហេតុ​នោះ ត្រូវ​បាន​ក្រុម​គ្រួសារ​អោយ​ដឹង​ថា ឈ្មោះ ត្រឹង មិ​ញ យឿ​ង អាយុ ៣១​ឆ្នាំ ជា​ជនជាតិ​វៀតណាម ជា​អ្នក​ប្រមូល​សំរាម​ក្នុងភូមិ មាន​លំនៅ​ផ្ទះ​ជួល ក្បែរ​សាលារៀន​កាតូលិក ខាងក្រោយ​ម៉ុង​ខ្មោច ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ស្ត្រី​ឈ្មោះ ចាង ធី​កាម អាយុ​៤១​ឆ្នាំ បានអោយ​ដឹង​ថា ប្អូនប្រុស​របស់​ខ្លួន​បាន​បាត់​ខ្លួន​តាំងពី​វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២១ ខណៈ​ពេល​ដែល ផឹក​ស្រវឹង ហើយ​បាន​ខ្ចី​ម៉ូតូ​បងប្អូន​មួយ​គ្រឿង​ម៉ាក​ហុងដា សេរី​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប ១B.៨០០៦ ទៅ​រក​ទិញ​សាច់​ក្លែម ។

តាម​បងស្រី​បានអោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​បាត់​ខ្លួន​បងប្អូន​ក៏​បាន​នាំ​គ្នា ដើរ​រក​គ្រប់​ច្រក​ល្អក និង​ទៅ​សួរនាំ​ដល់​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ តែ​ពុំ​បាន​ទទួល​ដំណឹង​ឡើយ ។

តាម​ក្រុម​គ្រួសារ​មានការ​សង្ស័យ​ថា ប្អូនប្រុស​អាច​ជួប​គ្រោះថ្នាក់ ដោយ​ប្រការ​ណាមួយ បានជា​បាត់​ដំណឹង​រហូត​បែប​នេះ ។ ក្រុម​គ្រួសារ​បញ្ជាក់​ថា ឈ្មោះ ត្រឹង មិ​ញ​យឿ​ង ជា​បុរស​ពោះម៉ាយ ប្រពន្ធ​បាន​លែងលះ​គ្នា ដោយ​មានកូន​៣​នាក់ កូនស្រី​២​នាក់ និង​ប្រុស​ម្នាក់ ដោយ​កូនស្រី​ម្នាក់​ត្រូវ​បាន​ជីដូន​ខាង​ប្រពន្ធ​យក​ទៅ​ចិញ្ចឹម នៅ​សល់​កូន​២​នាក់ រស់នៅ​ជាមួយ​ឪពុក និង​ជីដូន ។

ជា​ទូទៅ បុរស​រូប​នោះ​តែងតែ​ស្រលាញ់​កូន បាត់​មុខ​មួយ​ថ្ងៃ​មិន​បាន​នោះ​ទេ ស្រាប់តែ ពេល​នោះ​បាត់​មុខ​រហូត​មិនឃើញ​មក​ផ្ទះ​ឡើយ ទុក​អោយ​កូន​តូច​២​នាក់​អោយ​នៅ​កំព្រា​បែប​នេះ​៕ប្រភព៖ កោះសន្តិភាព