ខេត្តបាត់ដំបង ៖ ក្រោយពីបានទទួលពាក្យបណ្ដឹងរបស់គ្រួសារកុមារីរងគ្រោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូនបានធ្វើការស្រាវជ្រាវ និងចុះទៅឃាត់ខ្លួនយុវជនសង្ស័យ៣នាក់ក្នុងចំណោម៤នាក់ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ពាក់ព័ន្ធករណីចាប់រំលោភបូក ចំណែកម្នាក់ទៀតគេចខ្លួនបាត់។
យុវជនជាជនសង្ស័យចំនួន៣នាក់ដែលត្រូវចាប់ខ្លួន រួមមាន ៖ទី១ឈ្មោះសៅ រតនា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ។ទី២ឈ្មោះហៀង ប្រុស ហៅ(លាង)ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ។
ទី៣ឈ្មោះនី បូរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅនៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូនចំណែកជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួនបាត់ ឈ្មោះឡា ពិសិដ្ឋ ភេទប្រុស អាយុប្រហែល១៧ឆ្នាំ មានទីលំនៅភូមិពិស្ដារ ឃុំតាស្តា ស្រុកសំពៅលូន ។ ជនរងគ្រោះឈ្មោះ អ វ ដ អាយុ១៥ឆ្នាំ មានទីលំនៅនៅភូមិកៅបី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
តាមពាក្យបណ្ដឹងរបស់ឪពុកក្មេងស្រីរងគ្រោះ បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះ(រំលោភបូក) នៅចំណុចបុរីងិនវិត ស្ថិតក្នុងក្រុមទី៤ ភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន។
ជនសង្ស័យទាំង៣ណាក់ ត្រូវសមត្ថកិច្ចកសាងសំណុំរឿង និងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាមនីតិវិធីច្បាប់។ ចំណែកជនសង្ស័យម្នាក់ដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់យកមកផ្ដន្ទាទោសឱ្យខាងតែបាន៕អត្ថបទ៖ KBN