ខេត្តកណ្ដាល៖ បុរសម្នាក់ ពុំដឹងជាមានមូលហេតុអ្វីទេ ខណៈផឹកស្រាស្រវឹង បានយកកាំបិតកាប់ទៅលើអ្នកអង្គុយផឹកជាមួយគ្នាម្នាក់ជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ រួចរត់គេចខ្លួនបាត់ស្រមោល។
ករណីហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅចំណុចរោងចាំចម្ការមួយកន្លែងស្ថិតក្នុងភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ។
ជនរងគ្រោះឈ្មោះសុខ ប៊ុនយ៉ុង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ(របួសធ្ងន់)។ ចំណែកជនសង្ស័យឈ្មោះសារ៉ាយ សុខរ៉េន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ជនរងគ្រោះនិងជនសង្ស័យមានទីលំនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង។
មុនពេលកើតហេតុ វេលាម៉ោង៩ព្រឹក ជនសង្ស័យ ទើបមកពីទិញម៉ាស៊ីនបូមទឹកមួយគ្រឿង យកមកទុកនៅក្រោមផ្ទះរបស់ខ្លួន ជនសង្ស័យក៏បានមកបបួលទៅលេងរោងចម្ការរបស់ខ្លួន ដោយហៅបក្ខពួកម្នាក់ផ្សេងទៀតទៅជាមួយផងដែរ ហើយក៏នាំគ្នាទិញស្រាបៀរផឹក។
លុះដល់វេលាម៉ោង១៨និង៣០នាទី ពុំដឹងជាមានមូលហេតុអ្វី ស្រាប់តែជនសង្ស័យបានទាញកាំបិតកាប់ទៅលើជនរងគ្រោះពីខាងក្រោយជាច្រើនកាំបិត ខណៈកំពុងអង្គុយផឹកនោះ បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ហើយបានរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។ ភ្លាមៗនោះ ជន រងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅព្យាបាលនៅមណ្ឌលសុខភាពតាលន់ ។
ករណីនេះ កម្លាំងផ្នែកជំនាញស្រុក និងកម្លាំងប៉ុស្តិ៍រដ្ឋបាលតាលន់ ស្វែងរកមុខសញ្ញាជនសង្ស័យ ដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់ ៕អត្ថបទ៖ KBN