សិង្ហបុរីនិងហុងកុងពន្យារពេលគម្រោងបើកការធ្វើដំណើរឆ្លងព្រំដែនរវាងភាគីទាំងពីរ ដោយមិនបាច់ធ្វើចត្តាឡីស័ក

0
209

(សិង្ហបុរី)៖ ហុងកុងនិងសិង្ហបុរីបានប្រកាសពន្យារពេល២សប្តាហ៍ចំពោះ គម្រោងបើកការធ្វើដំណើរឆ្លងព្រំដែនរវាងភាគីទាំងពីរ ឬហៅថា Travel Bubble ដោយមិនចាំបាច់តម្រូវឲ្យធ្វើចត្តាឡីស័ក។ ការសម្រេចបែបនេះ គឺបន្ទាប់ពីករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ហាក់បានស្ទុះឡើងវិញនៅទីក្រុងហុងកុង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Star នៅថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក Edward Yua មន្រ្តីទទួលបន្ទុកផ្នែកពាណិជ្ជកម្មនិងអភិវឌ្ឍសេដ្ឋកិច្ចហុងកុង នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា ជើងហោះហើរដំបូង ដែលគ្រោងនឹងចេញដំណើរនៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ដើម្បីសម្ពោធចាប់ផ្តើមគម្រោងខាងលើ ត្រូវបានរដ្ឋបាលហុងកុងពន្យារពេល ដោយសារតែការស្ទុះឡើងនៃករណីឆ្លង COVID-19 នៅក្នុងទីក្រុងនេះ។

រីឯលោក Ong Ye Kung រដ្ឋមន្រ្តីដឹកជញ្ជូនសិង្ហបុរី បានបង្ហោះសារនៅលើបណ្តាញ Facebook ថា លោកបានជជែកគ្នាជាមួយលោក Yua នៅថ្ងៃសៅរ៍នេះ ហើយបានឯកភាពគ្នាសម្រេចពន្យារពេលគម្រោង Travel Bubble ដោយពុំបាច់តម្រូវឲ្យធ្វើចត្តាឡីស័ក។ នៅក្រោមការព្រមព្រៀងគ្នានោះ គម្រោង Travel Bubble រវាងភាគីទាំងពីរ នឹងត្រូវផ្អាកជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍សិន។

គួរបញ្ជាក់ថា នៅថ្ងៃសៅរ៍នេះ ទីក្រុងហុងកុងបានរាយការណ៍ពីករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៤៣ករណី ដែលចំនួនច្រើនបំផុតបើគិតក្នុងកំឡុងពេល៣ខែចុងក្រោយ។ គម្រោង Travel Bubble រវាងសិង្ហបុរីនិងហុងកុង គឺជាគម្រោងដំបូងគេលើពិភពលោក ដែលមានគោលដៅអនុញ្ញាតឲ្យមានការធ្វើដំណើរឆ្លងព្រំដែនរវាងភាគីទាំងពីរ ដោយពុំចាំបាច់ត្រូវធ្វើចត្តាឡីស័កឡើយ នៅចំពោះមុខវិបត្តិជំងឺរាតត្បាតសកល COVID-19៕ ប្រភព Fresh News