រាជធានីភ្នំពេញ ៖ បុរសជាអ្នកបើករ៉ឺម៉កដឹកដែកម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅកន្លែង ចំណែកស្ត្រីមានផ្ទៃ២នាក់ទៀតបានរងរបួសធ្ងន់ ខណៈពេលដែលរថយន្តដឹកហ្គាសមួយគ្រឿងបើកបរក្នុងល្បឿនលឿន ហើយដាច់ហ្វ្រាំងបើកបុករះយានយន្តជាបន្តបន្ទាប់ដែលកំពុងតែឈប់នៅចំណុចស្តុប ព្រមទាំងកិនជាប់ម៉ូតូ និងរ៉ឺម៉កជាច្រើនគ្រឿងទៀត។គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១០និង៥៥នាទី ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅមុខសិប្បកម្មកាត់ដេរមួយកន្លែង ត្រង់ចំណុចស្តុប គោលដៅ២៤ម៉ោង តាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងផ្លូវសម្តេចជា ស៊ីម ស្ថិតក្នុងភូមិព្រៃស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពពីនគរបាលបានអោយដឹងថា ហេតុការណ៍ខាងលើនេះបណ្តាលអោយបុរសម្នាក់បានបាត់បង់ជីវិត និងនារីមានផ្ទៃពោះ២នាក់ដែលជាកម្មការីនីបានរងរបួសធ្ងន់ ។ដោយឡែកយានយន្តដែលរងការខូចខាតខាងលើរួមមាន រថយន្តមួយគ្រឿង ម៉ូតូរ៉ឺម៉កដឹកដែក និងរ៉ឺម៉កម៉ូតូលក់ដូរ សរុបចំនួន៤គ្រឿង បានរងការខូចខាត។ជនរងគ្រោះក្នុងគ្រោះថ្នាក់ខាងលើរួមមាន ឈ្មោះ យិន វ៉េត ភេទប្រុស អាយុ៤៧ឆ្នាំ មានលំនៅភូមិ ខ្ញួងលើ ឃុំមហាខ្ញួង ស្រុកកោះសូទិន ខេត្តកំពង់ចាម ជាអ្នកបើករ៉ឺម៉កម៉ូតូដឹកដែក (បានបាត់បង់ជីវិត) ។ ចំណែកស្ត្រីមានផ្ទៃពោះទាំង២នាក់ជាកម្មការីនីដែលរងរបួសធ្ងន់ ពុំស្គាល់ឈ្មោះឡើយ ត្រូវបានរថយន្តបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ។
ដោយឡែករថយន្តបង្កត្រូវបាននគរបាលអោយដឹងថា ជាប្រភេទរថយន្តដឹកស៊ីទែនហ្គាសរបស់ក្រុមហ៊ុន KNHC ENG GAS ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ៣E-៤៩១៣ បើកបរដោយឈ្មោះ ផុល ផល្លីន ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅក្នុងក្រុមហ៊ុន ដែលស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងមានស្រុកកំណើត ភូមិ ត្រពាំងអណ្តូង ឃុំចាន់សែន ស្រុកឧត្តង្គ ខេត្តកំពង់ស្ពឺ ត្រូវបាននគរបាលឃាត់ខ្លួន។
តាមប្រភពពីសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញនៅចំណុចកើតហេតុខាងលើនោះ មានយានយន្តជាច្រើនគ្រឿងកំពុងតែឈប់ស្តុប និងមានរ៉ឺម៉កម៉ូតូអ្នកលក់ដូរជាច្រើនកំពុងតែឈប់ចតនៅចិញ្ចើមផ្លូវមុខសិប្បកម្មកាត់ដេរ រង់ចាំលក់អោយកម្មករចេញពីធ្វើការ ពេលនោះស្រាប់តែរថយន្តហ្គាសខាងលើបានធ្វើដំណើរតាមវិថីភ្នំពេញ-ហាណូយ ក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿន មកបុករះពីក្រោយពេញទំហឹងតែម្តង។
តាមប្រភពព័ត៌មានអោយដឹងទៀតថា មុនដំបូងគេឃើញរថយន្តបង្កបានបុកពីក្រោយរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌កាប់ស្តាំង ពាក់ស្លាកលេខ ភ្នំពេញ២BI.០០៣២ ដែលកំពុងឈប់ស្តុប បណ្តាលអោយខ្ទាតចេញ និងបុករ៉ឺម៉កម៉ូតូដឹកដែកដែលបើកបរដោយបុរសម្នាក់ បណ្តាលអោយបាត់បង់ជីវិត ហើយរថយន្តក៏បានរេចង្កូតទៅស្តាំដៃទៅបុក និងកៀររ៉ឺម៉កលក់លៀស, រ៉ឺម៉កម៉ូតូលក់ម្ជូរ, រ៉ឺម៉កលក់ពងមាន់អាំង និងម៉ូតូលក់ពោត កៀបជាប់ទៅនឹងរថយន្តមួយគ្រឿងទៀតដែលឈប់ចតលើចិញ្ចើមផ្លូវ ព្រមទាំងជ្រុលទៅបុក ស្ត្រីមានផ្ទៃពោះ២នាក់ទៀត ដែលកំពុងតែធ្វើដំណើរចេញពីក្នុងរោងសិប្បកម្មកាត់ដេរ មុនម៉ោង បណ្តាលអោយរងរបួសធ្ងន់តែម្តង។ នៅក្នុងគ្រោះថ្នាកខាងលើនេះក៍បណ្តាលអោយម៉ូតូជាច្រើនគ្រឿងទៀត ដែលកំពុងឈប់ ស្តុបខាងលើក៍បានរងការខូចខាតផងដែរ ។
ទាក់ទិននឹងគ្រោះថ្នាក់ខាងលើនេះដែរ អ្នកបើកបរបាននិយាយដឹងថា បណ្តាលមកពីរថយន្តដាច់ហ្វ្រាំង ។ បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្តខាងលើត្រូវបាននគរបាលគោលដៅឃាត់ខ្លួន ចំណែករថយន្តបង្ក ព្រមទាំងរថយន្តដែលរងការខូចខាត, រ៉ឺម៉កម៉ូតូដឹកដែក និងរ៉ឺម៉កម៉ូតូលក់ដូរដែលរងការខូចខាត រួមទាំងអ្នកបើកបររថយន្តបង្កត្រូវបាននគរបាលបញ្ជូនទៅកាន់ការិយាល័យ ដើម្បី ចាត់ការតាមច្បាប់៕ (កែសម្រួលដោយ ៖ ធីតា) ប្រភព កោះសន្តិភាព