កុំ​ធ្វេសប្រហែស​! ការ​ហូរ​ឈាម​ច្រមុះ អាច​ជា​ករណី​ធ្ងន់ធ្ងរ គួរតែ​ប្រយ័ត្ន​!!!

0
177

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត ដួង ឈាក ឯកទេស ត្រចៀក ច្រមុះ និង​បំពង់ក​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​និយាយ​ថា ៖ ឈាម​ច្រមុះ គឺជា​ការ​ហូរ​ឈាមមាន​ប្រភព​ចេញពី​រន្ធ​ច្រមុះ​ទាំង​ពីរ​មក​ក្រៅ ឬ​ធ្លាក់​ទៅ​ក្នុង​បំពង់ក​។ វា​ជា​ជំងឺ​បន្ទាន់​ផ្នែក​ត្រចៀក ច្រមុះ និង​បំពង់ក ហើយ​ដែល​យើង​អាច​ជួប​ប្រទះ​ញឹកញាប់ វា​មាន​លក្ខណៈ​ស្រាល​តែ​ជួនកាល​វា​មាន​សភាព​ធ្ងន់ធ្ងរ​ដែល​អាច​គំរាម​កំហែង​ដល់​អាយុជីវិត​អ្នកជំងឺ ជា​ពិសេស​នៅ​ពេល​ដែល​ឈាមមាន​បរិមាណ​ច្រើន​ម្តង​ៗ ឬ​ឈាម​ញឹកញាប់​ច្រើន​ដង​។
លោក​វេជ្ជបណ្ឌិត ដួង ឈាក ក៏​បាន​រំលឹក​ថា ៖ នៅ​ក្នុង​រន្ធ​ច្រមុះ​សម្បូរ​សរសៃឈាម ទាំង​សរសៃ​ឈាម​ខ្មៅ និង​សរសៃឈាម​ក្រហម ហើយ​សាច់​ច្រមុះ​ផុយ​ណាស់ ជា​ពិសេស​នៅ​ផ្នែក​ខាងក្រោម និង​ខាង​មុខ នៃ​ជញ្ជាំង​ច្រមុះ​ដែល​អាច​រង​របួស​ដោយ​មូលហេតុ​ជា​ច្រើន​។
ក​) មូលហេតុ ៖
១) មូលហេតុ​នៅ​នឹង​ច្រមុះ

ការ​ប៉ះទង្គិច​លើ​មុខ​និង​ក្បាល អាច​បណ្តាល​ឱ្យ​បាក់ឆ្អឹង​ច្រមុះ (Fracture des os propres du nez) បាក់ឆ្អឹង​ផ្ទៃមុខ (Fracture du massif facial)
បន្ទាប់​ពី​ការ​វះកាត់ (Traumatismes iatrogènes)
ដុះ​សាច់​ក្នុង​រន្ធ​ច្រមុះ
អាច​ជា​មហារីក​គល់​ច្រមុះ ឬ​មហារីក​ច្រមុះ (Tumeur de cavum ou de fosse nasale) ដែល​ស្តែង​ចេញ​ជា​ការ​ហូរ​ឈាម​ពី​ច្រមុះ​សារ​ចុះ​សារ​ឡើង តឹង​ច្រមុះ​ជា​ប្រចាំ និង​ជួនកាល​មានការ​ឈឺចាប់​នៅ​ផ្ទៃមុខ​។
អាច​ជា​ឬ​ស​ដូង​ច្រមុះ (Polyposesnasosinusiennes, fibrome naso pharyngien) ដែល​អាច​ស្តែង​ចេញ​ជា​ការ​ហូរ​ឈាម​ច្រមុះ​តែ​រន្ធ​មួយ​ចំហៀង និង​សារ​ចុះ​សារ​ឡើង រួម​នឹង​តឹង​ច្រមុះ​ជា​ប្រចាំ​។
មូលហេតុ​មួយ​ចំនួន​ទៀត ដែល​អាច​ជួប​ប្រទះ​ញឹកញាប់​ដូច​ជា ជំងឺ​រលាក និង​ហើម​សាច់​ច្រមុះ និង​ប្រអប់​ឆ្អឹងច្រមុះ (nez et sinus) ក្នុង​នោះ​មាន​តាំងពី​ផ្តាសាយ រលាក​ច្រមុះ និង​បំពង់ក រលាក​ច្រមុះ​ស្រួច​ស្រាវ (Rhinites aiguës) ឬ​រលាក​ប្រអប់​ឆ្អឹងច្រមុះ ដែល​មិន​បាន​ចាប់អារម្មណ៍ ហើយ​វា​ស្តែង​ចេញ​ជា​ការ​ហូរ​ឈាម​នេះ​ឡើង នោះ​ការ​ព្យាបាល ដោយ​ថ្នាំ​ផ្សះ​ជា​តំរូវការ​ចាំបាច់​។
២) មូលហេតុ​ទូទៅ

ការ​បាត់បង់​កត្តា​ឈាមកក (Facteures hémostatiques) ក៏​ជា​មូលហេតុ​នៃ​ការ​ហូរ​ឈាម​ក្នុង​ច្រមុះ​ដែរ ដូច​ជា​ជំងឺ​ដែល​មាន​ចំនួន​ប្លា​កែ​ត​ចុះ​ច្រើន​(Thrombopénies) ជំងឺ​ឈាម​មួយ​ចំនួន (Hémopathies) ជំងឺ​ខ្សោយ​មុខងារ​ថ្លើម​ធ្ងន់ធ្ងរ ឬ​ការ​ប្រើ​ថ្នាំ​ប្រឆាំង​ឈាមកក​ជាប់​ជា​ប្រចាំ​។
ជំងឺលើសឈាម​ក៏​ជា​មូលហេតុ​នៃ​ការ​ហូរ​ឈាម​ច្រមុះ ដែល​ជួប​ញឹកញាប់​នៅ​លើ​មនុស្ស​ពេញវ័យ​។
ការ​ហូរ​ឈាម​ច្រមុះ​មាន​លក្ខណៈ​ជា​ជំងឺ​ហូរ​ឈាម​ពី​ច្រមុះ​ឯកឯង​ជួប​ញឹកញាប់​លើ​វ័យ​ជំទង់​មាន​អាយុ ចន្លោះ ៥​ទៅ ២០​ឆ្នាំ ជា​ពិសេស​បន្ទាប់​ពី​ការ​កេះ​ក្នុង​ច្រមុះ ត្រូវ​កំ​ដៅ​ថ្ងៃ​ខ្លាំង ឬ​ការ​ប្រែប្រួល​នៃ​អរ​ម៉ូ​ន នៅ​ពេល​ពេញវ័យ​គ្រប់ការ ការ​មក​រដូវ​ពេល​ពរ​ពោះ ពេល​រំភើប​ជាដើម​។

តែ​ទោះជា​យ៉ាងណា​ក៏​ដោយ យើង​អាច​សង្កេត​ឃើញ ឈាម​ច្រមុះ​អាច​ជា​សញ្ញា​មួយ​របស់​ជំងឺ​ដែល​វិវត្តន៍​ដោយ​មិន​បានដឹង​ពី​មុន ឬ​ក៏​ជា​ផលវិបាក​របស់​ជំងឺ​ដែល​យើង​បានដឹង​ពី​មុន​មក​ហើយ ជួនកាល​វា​គ្រាន់តែ​ជា​ការ​ហូរ​ឈាម ដោយ​ឯកឯង គ្មាន​មូលហេតុ​ច្បាស់លាស់​។

ខ​) រោគ​សញ្ញា និង​ការ​វាយតម្លៃ​ភាព​ធ្ងន់ធ្ងរ ៖
នៅ​ចំពោះ​មុខការ​ចេញ​ឈាម​ច្រមុះ យើង​ត្រូវ ៖

វាយតម្លៃ​ការ​ហូរ​ឈាម​ដែល​មាន​សភាព​ធ្ងន់ធ្ងរ ឬ​ស្រាល​លើ​បរិមាណ​ឈាម​ដែល​បាត់បង់
ធ្វើការ​ឃាត់ឈាម​ដោយ​មធ្យោបាយ​ផ្សេង​ៗ
ពិនិត្យ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការ​ចេញ​ឈាម​តាម​ច្រមុះ​។
ជា​ទូទៅ​យើង​អាច​សង្កេត​ឃើញ​ការ​ហូរ​ឈាមមាន​លក្ខណៈ​ស្រាល​ប្រមាណ​៩០% លើ​ករណី​៖
នៅ​ផ្នែក​ខាង​មុខ​នៃ​ច្រមុះ ដែល​មិន​មាន​ភាព​ធ្ងន់ធ្ងរ​ទេ
វា​មិន​មាន​ផល​ប៉ះពាល់​ទៅ​លើស​ភាព​ទូទៅ​របស់​អ្នកជំងឺ​ឡើយ
ភាគច្រើន​ឈាម​តែ​មួយ​ចំ​ហៀ
បាត់​ទៅ​វិញ​ដោយ​ឯកឯង ឬ​ដោយ​ច្របាច់​ច្រមុះ ផ្ទុយ​ទៅ​វិញ​ឈាម​ច្រមុះ អាច​មាន​សភាព​ធ្ងន់ធ្ងរ​ប្រមាណ​១០% នៃ​ករណី ការ​វាយតម្លៃ​ពី​សភាព​ធ្ងន់ធ្ងរ អាច​មាន​ភាព​ងាយស្រួល បើ​អ្នកជំងឺ​មិន​បាន​លេប​ឈាម​ចូល​ទៅ​ក្នុង​ពោះ ឬ​មិន​ច្រឡំ​ជាមួយ​ក្អួត​ឈាម ៖
បរិមាណ​វា​ច្រើន ហើយ​ញឹកញាប់ ឬ​ជាប់​ជា​ប្រចាំ
មាន​ប្រភព​ទាំង​សង្ខាង ដោយ​ហូរ​មក​ខាង​មុខ​ផង និង​ធ្លាក់​ទៅ​ខាងក្រោយ​បំពង់ក​ផង
ធ្វើ​ឱ្យ​អ្នកជំងឺ​ភ័យ ស្លន់ស្លោរ ឡេះឡះ អស់កម្លាំង ជីពចរ​ដើរ​ញាប់ ត្រជាក់​ចុងដៃ ចុងជើង និង​សម្ពាធ​ឈាម​ចុះ ដែល​ត្រូវការ​សង្គ្រោះ​បន្ទាន់ សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។
គ​) ការ​ព្យាបាល ៖
១) វិធានការ​ទូទៅ (mesures generals) ៖
ដាក់​អ្នកជំងឺ​ក្នុង​ស្ថានភាព​ស្ងប់ស្ងាត់ ហើយ​ពាក់កណ្តាល​អង្គុយ​។
វាយតំលៃ​ផល​ប៉ះពាល់​លើ​ចលនា​ឈាម​រត់ ស្លេកស្លាំង បែកញើស​ជោគ ជីប​ចរ​ដើរ​ញាប់ ចង្វាក់​ដង្ហើមញាប់ សំពាធ​ឈាម​ចុះ​។
ពិនិត្យ​មើល សញ្ញា​ស្ទះ​ថប់​ផ្លូវដង្ហើម ដែល​អ្នកជំងឺ មិន​អាច​ដកដង្ហើម​បាន (Détresse respiratoire) ដោយ​ឈាម​ធ្លាក់​ចូល​ទៅ​ក្នុង​ផ្លូវដង្ហើម​។
ឲ្យ​អ្នកជំងឺ​សម្រាក​ពេទ្យ​បើ​ហូរ​ឈាមមាន​សភាព​ធ្ងន់ធ្ងរ រួច​ត្រូ​។ រក​សរសៃឈាម​ដើម្បី​បូម​ឈាម​ពិនិត្យ​ផ្នែក​មន្ទីរពិសោធន៍ (Bilan biologique) និង​បំពេញ​បរិមាណ​ឈាម​ដែល​បាត់បង់​ដោយ​សេរ៉ូម​។
២) វិធានការ​បន្ទាប់ (Gestes locaux) ៖
ទោះជា​បណ្តាល​មក​ពី​មូលហេតុ​អ្វី​ក៏​ដោយ យើង​អាច​ធ្វើ​ការងារ​ពីរ​យ៉ាង ៖

សម្អាត​យក​កំណក​ឈាម​ពី​ក្នុង​រន្ធ​ច្រមុះ ដែល​ជា​មូលហេតុ​បន្ត​ឲ្យ​ឈាម​មិន​អាច​បញ្ឈប់​បាន
ដាក់​សំឡី ឬ ស្បៃ​វែង (Mèches) ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ ផ្សើម​ដោយ​ថ្នាំ (xylocaëne et/ou naphazoline) ដោយ​ទុក​រយៈពេល ៣ ទៅ ៥ នាទី ដើម្បី​ឃាត់ឈាម ជួនកាល​ការ​ធ្វើ​នេះ​អាច​បញ្ឈប់​ការ​ហូរ​ឈាម​បាន​។
ផ្ទុយ​ទៅ​វិញ បើ​ឈាម​នៅ​តែ​បន្ត​ហូរ​មក យើង​ត្រូវ​អនុវត្ត ជា​ដំណាក់​ៗ តទៅ​ទៀត​៖

ច្របាច់​ច្រមុះ ដោយ​ម្រាមដៃ​ពីរ ៖ យក​មេដៃ និង​ម្រាមដៃ ទៅ​លើ​ផ្នែក​ខាងក្រោម​នៃ​រន្ធ​ច្រមុះ​រយៈពេល ១០​នាទី ទើប​លែង ហើយ​ពិនិត្យ​មើល​ឡើង​វិញ​។
បើ​ឈាម​នៅ​តែ​បន្ត​ហូរ​ទៅ​តាម​មូលហេតុ យើង​អាច​ដុត​ចំ​កន្លែង​ហូរ​ឈាម ដោយ​ប្រុង​ប្រយ័ត្ន (Cauterisation chimique ou électrique) ។
លោក​វេជ្ជបណ្ឌិត ដួង ឈាក ឯកទេស ត្រចៀក ច្រមុះ និង​បំពង់ក​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ដំបូន្មាន​ថា ៖ លើកលែងតែ​មូលហេតុ​ការ​ប៉ះទង្គិច​លើ​ច្រមុះ មុខ និង​ក្បាល ដែល​យើង​មិន​អាច​ចៀសវាង​បាន ប៉ុន្តែ​ជំងឺ​នៅ​ក្នុង​រន្ធ​ច្រមុះ ដោយ​ការ​រលាក (affections de la muqueuse, infection, inflammatoire) យើង​អាច​អនុវត្ត​មធ្យោបាយ​សាមញ្ញ​មួយ​ចំនួន​អាច​ឲ្យ​ច្រមុះ​មាន​សភាព​ល្អ ៖

ចំណីអាហារ​ហូប​ចុក​ឲ្យ​មាន​សភាព​នឹងនរ (alimentation équilibrée)
ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ និង​រាល់ថ្ងៃ
បញ្ឈប់​ថ្នាំ​ដែល​មាន​ផលវិបាក​លើ​សាច់​ច្រមុះ ជា​ពិសេស Vasoconstricteur et toxeque
តាមដាន​ឲ្យ​បាន​ទៀងទាត់​ជាមួយ​គ្រូពេទ្យ​ឯកទេស បើ​មាន​ជំងឺលើសឈាម​កម្រិត​ខ្ពស់​៕ ប្រភព កោះសន្តិភាព