កូ​វី​ដ​១៩ ៖ សម្តេច​តេ​ជោ និង​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​៣ វិច្ឆិកា​ទាំងអស់​លទ្ធផល​តេស្ត​លើក​ទី​៣ «​អវិជ្ជមាន​»

0
220

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ម្តេច​តេ​ជោ និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក ប្រាក់ សុ​ខុន បាន​បញ្ជាក់​ថា លទ្ធផល​របស់​សម្តេច ក៏​ដូច​ជា​ប្រមុខ​ដឹកនាំ​ក្រសួងការបរទេស ព្រមទាំង​ក្រុម​គ្រួសារ​សម្តេច​ទាំងអស់ គឺ​លទ្ធផល «​អវិជ្ជមាន​» ។
មួយ​គ្នា​នោះ​ផង​ដែរ បើ​យោង​តាម​វិទ្យាស្ថាន​ប៉ាស្ទ័រ ដោយ​ផ្សព្វផ្សាយ​ដោយ Fresh News ក៏​បាន​បញ្ជាក់​ថា ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ព្រលប់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ថា លទ្ធផល​ធ្វើតេស្ដ​លើក​ទី​៣ លើ​សំណាក​ចំនួន​១១៩៥​នាក់ ចំពោះ​អ្នក​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ក្នុង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា បង្ហាញ​ថា «​អវិជ្ជមាន​ទាំងអស់​» ។ លទ្ធផល​នេះ​ចេញ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ ។

ដោយឡែក​ចំពោះ​សំណាក​នៅ​សល់​ចំនួន​១០៥​ទៀត វិទ្យាស្ថាន​ប៉ាស្ទ័រ​នឹង​បន្ត​ពិនិត្យ​នៅ​ថ្ងៃស្អែក​ទៀត ថ្ងៃ​ទី​១៥ ខែវិច្ឆិកា​នេះ បើ​តាម​របាយការណ៍ និង​ការ​បញ្ជាក់​ពី​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ។

ជាក់ស្តែង​ព្រឹក​មិ​ញ​នេះ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា លទ្ធផល​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន និង​អ្នក​នៅ​ជុំវិញ​សម្តេច​ទាំងអស់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ទទួល​បាន​លទ្ធផល «​អវិជ្ជមាន​» ។ ការ​ធ្វើតេស្ត​លើ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ មាន​វិជ្ជមាន​តែ​ចំនួន​៤​នាក់​ប៉ុណ្ណោះ គឺ​លោក សួ​ស យ៉ា​រ៉ា​, លោក សរ ចិ​ត្រា និង​ឯកអគ្គរដ្ឋទូត​ហុង​គ្រី​ប្រចាំ​កម្ពុជា ព្រមទាំង​អង្គរក្ស​ផ្ទាល់​គណៈប្រតិភូ​ហុង​គ្រី ដែល​កំពុង​សម្រាក​ព្យាបាល នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ។

ចំណែក​នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​ខាង​មុខ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ព្រមទាំង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​នឹង​បន្ត​ធ្វើតេស្ត​លើក​ទី​៤ ដែល​ជា​លើក​ចុង​ក្រោយ ដើម្បី​បញ្ជាក់​ច្បាស់​ពាក់ព័ន្ធ​នឹង​មេរោគ​កូ​វី​ដ​១៩ ៕ ប្រភព កោះសន្តិភាព