កម្ពុជា​បាន​ព្យាបាល​ជា​សះស្បើយ​៣​នាក់ និង​អ្នក​ប៉ះពាល់​រដ្ឋមន្ត្រី​ការ​បរទេស​ហុង​គ្រី​៦២៨​នាក់​ធ្វើតេស្ត​រក​មិនឃើញ​កូ​វី​ដ​១៩

0
178

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល​បាន​ប្រកាស​ស​ថា បាន​ព្យាបាល​ជា​សះស្បើយ ៣​នាក់ និង​មិន​មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​ឡើយ ខណៈ​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន​០៦​នាក់ ។
ដោយឡែក អ្នក​ដែល​បាន​ប៉ះពាល់​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រី​ការ​បរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុង​គ្រី គិត​ត្រឹម​ម៉ោង​២៣​និង​០០​នាទី​នៃ​យប់ ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០ សរុប​មាន​ចំនួន ៦២៨​នាក់ ត្រូវ​បាន​តេស្ត និង​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ទាំងអស់ ។ ក្រសួង​កំពុង​បន្ត​ធ្វើតេស្ត និង​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​ជា​បន្ត​ទៀត និង​បន្ត​ជូន​ព័ត៌មាន​នៅ​ពេល​ទទួល​បាន​លទ្ធផល​តេស្ត ។

ចំពោះ​អ្នកជំងឺ​ជា​សះស្បើយ​ទាំង​៣​នាក់​ខាងលើ​រួម​មាន ៖
១-​បុរស​ជនជាតិ​ខ្មែរ​អាយុ​៣៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​អាចារ្យ​លាក់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ជា​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​អ៉ី​រ៉ា​ក់ បន្ត​ជើងហោះហើរ​នៅ​ទីក្រុង​ដូ​ហា និង​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង បាន​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០ ។

២- បុរស​ជនជាតិ​ប៉ូ​ឡូញ​អាយុ ៤៧​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​បណ្ដោះអាសន្ន នៅ​សណ្ឋាគារ​មួយ ក្នុង​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ប៉ូ​ឡូញ បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង បាន​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០​។
៣- បុរស​ជនជាតិ​បារាំង​អាយុ ៣៧​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​បារាំង បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ចិន (​តៃវ៉ាន់​) បាន​មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២០​។


បុគ្គល​ទាំង​បី​នាក់​ខាងលើ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន​០២​ដង និង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។សូម​បញ្ជាក់ ៖ ក្រសួងសុខាភិបាល​ក្រើនរំលឹក និង​ធ្វើការ​អំពាវនាវ​សារ​ជា​ថ្មី​ម្តងទៀត សូម​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​ខ្លួន ត្រូវ​ពាក់​ម៉ាស (​ក្នុង​ករណី​ចាំបាច់​) ជា​ពិសេស​នៅ​ពេល​ចល័ត​ធ្វើ​ដំណើរ និង​ពេល​ជួប​មនុស្ស​ម្នា​ច្រើន ប្រើ​កន្សែង ឬ​ក្រ​ម៉ា​ខ្ទប់មាត់​ពេល​ក្អក កណ្តាស់ ដើម្បី​ចៀសវៀង​ការ​ចម្លង​វីរុស​កូ​វី​ដ​១៩ ដែល​អាច​កើត​មាន​ឡើង​គ្រប់ពេលវេលា គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង​ទាំងអស់ ៕ ប្រភព កោះសន្តិភាព