អ្នកជំនាញអន្តរជាតិ៖ «ទោះបីជាលោក ចូ បៃដិន ជាប់ឆ្នោតក៏លោកពិបាកដឹកនាំ សហរដ្ឋអាមេរិកដោយរលូន»

0
216

(វ៉ាស៊ីនតោន)៖ លោក ចូ បៃដិន កំពុងមើលឃើញក្តីសង្ឃឹមយ៉ាងប្រផិតប្រផើយ ក្នុងការក្លាយជាប្រធានាធិបតីអាមេរិកម្នាក់ ដែលគ្មានអំណាចពិតប្រាកដ ព្រោះប្រសិនបើលោកជាប់ឆ្នោតមែន លោកនឹងត្រូវស្ថិតនៅចំកណ្ដាលនៃកម្លាំងពីរ ដែលមិនអាចផ្សះផ្សាគ្នាបាន នោះគឺក្រុមអ្នកគាំទ្រគោលនយោបាយរបស់លោក ដូណាល់ ត្រាំ និងក្រុមអ្នកគាំទ្រគណបក្សប្រធិបតេយ្យរបស់លោកផ្ទាល់។ នេះបើតាមការលើកឡើងដោយលោក អ៊ែដវើដ លូស (Edward Luce) ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក Edward Luce ជាអ្នកជំនាញខាងអត្ថាធិប្បាយនយោបាយអន្តរជាតិម្នាក់ មកពីកាសែតល្បីឈ្មោះ Financial Times បាននិយាយទៀតថា ទោះបីជាជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក លោក បៃដិន នឹងត្រូវប្រឈមមុខនឹងបញ្ហាជាច្រើន ក្នុងនោះជាពិសេសគឺការអនុម័តគោលនយោបាយនានា។ ត្រង់ចំណុចនេះ លោក Edward បានពន្យល់ថា គណបក្សសាធារណរដ្ឋរបស់លោក ត្រាំ អាចនឹងនៅតែបន្តគ្រប់គ្រងព្រឹទ្ធសភា ដែលពួកគេអាចនឹងរារាំង ឬបិទខ្ទប់ការតែងតាំងមន្ត្រីសំខាន់ៗ រួមទាំងគោលនយោបាយរបស់លោក បៃដិន។ ដូច្នេះលោក បៃដិន ប្រហែលជានឹងត្រូវតែងតាំង មន្ត្រីពីរបីនាក់មកពីបក្សសាធារណរដ្ឋ ឱ្យកាន់តំណែងកំពូលនៅក្នុងរដ្ឋបាលរបស់លោក ក៏ប៉ុន្តែការធ្វើបែបនេះនឹងត្រូវប្រឈមមុខ ការខឹងសម្បារពីអ្នកប្រជាធិបតេយ្យមួយចំនួន។

គួរជម្រាបថា បើតាមលោក Edward Luce មានតែគោលនយោបាយការបរទេសតែមួយគត់ ដែលប្រធានាធិបតិអាណត្តិថ្មីនេះមានសេរីភាពក្នុងការអនុវត្ត ខណៈគេរំពឹងថាបើ លោក បៃដិន ជាប់ឆ្នោត លោកអាចនឹងកែប្រែគោលនយោបាយ ដែលធ្លាប់ត្រូវបានអនុវត្តដោយរដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងនោះរួមទាំងការចូលរួមឡើងវិញ ក្នុងកិច្ចព្រមព្រៀងអន្តរជាតិមួយចំនួន ដែលលោក ត្រាំ បានដកសហរដ្ឋអាមេរិកចេញ (កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសជាចម្បង)។ បន្ថែមពីនេះទៀត នយោបាយដឹកនាំជារួមរបស់លោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងមិនខុសគ្នាទៅនឹងលោក បារ៉ាក់ អូបាម៉ា នោះឡើយប្រសិនបើលោកជាប់ឆ្នោតមែន៕ ប្រភព Fresh News