ឪពុក និង​កូន​ទៅ​ដាក់​សន្ទូច​ប្រទះ​ឃើញ សាកសព​ប្តី​ប្រពន្ធ​លង់ទឹក​ប្រឡាយ​ស្លាប់

0
204

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា មាន​ឪពុក និង​កូន​២​នាក់ ទៅ​មើល​សន្ទូច ពេល​ល្ងាច​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ក៏​ប្រទះ​ឃើញ​គ្រួសារ​មួយ​ប្តី និង​ប្រពន្ធ​លង់ទឹក​ប្រឡាយ​ស្លាប់ មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​អ្វី​នោះ​ឡើយ​។ សាកសព​ជន​រង​គ្រោះ​ប្តី​ឈ្មោះ គុ​ជ សុខ អាយុ​២៨​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ យ៉ុ​ន ភាន អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​បែក​ក្អម ឃុំ​គោក​គង់​កើត ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង​។

ករណី​ខាងលើ​នេះ​បើ​តាម​ការ​បំភ្លឺ​ពី​សាក្សី​ឈ្មោះ ហ៊​ន ញ៉េ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​បុស្ស​ត្នោត ឃុំ​គោក​គង់​កើត ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា កាលពី​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​វេលា​ម៉ោង​ប្រហែល​៥ និង​៣០​នាទី​ល្ងាច គាត់ និង​កូន​២​នាក់ បាន​នាំ​គ្នា​ដើរទៅ​មើល​សន្ទូច​ដាក់​ត្រី​នៅ​ត្រពាំង​កូន​សាត ក្នុង​ទឹកដី​ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្តព្រៃវែង ពេល​នោះ​គាត់​បាន​ដើរ​ដោត​នុយសន្ទូច រួច​ហើយ​ក៏​នាំ​កូន​ត្រលប់​មក​ផ្ទះ​វិញ​។

ពេល​ដើរមក​ដល់​ចំណុច​អូរ​លំ ស្ថិត​នៅ​ក្នុងភូមិ​បែក​ក្អម ឃុំ​គោក​គង់​កើត កូន​របស់​គាត់​បានឃើញ​ទ្រុង​ដាក់​ត្រី​មួយ​អណ្តែត​លើ​ទឹក​ក្នុង​ប្រឡាយ ដែល​នៅ​ខាងលិច​ផ្លូវថ្នល់ ហើយ​កូន​របស់​គាត់​ក៏​ស្គាល់​ទ្រុង​ដាក់​ត្រី​នោះ ច្បាស់​ជា​ទ្រុង​ដាក់​ត្រី​របស់​ឈ្មោះ សុខ និង​ប្រពន្ធ​ឈ្មោះ ភាន ឃើញ​ដូច្នោះ​គាត់​ក៏​ចាប់អារម្មណ៍​ថា អ្នក​ទាំង​២​ច្បាស់​ជា​លង់ទឹក​ស្លាប់​ហើយ បាន​អណ្តែត​តែ​ទ្រុង​ដាក់​ត្រី ព្រោះ​អ្នក​ទាំង​ពីរ​មិន​ចេះ​ហែល​ទឹក​ទេ នេះ​បើ​តាម​គាត់​ធ្លាប់​ដឹង និង​ស្គាល់​ប្តី​ប្រពន្ធ​២​នាក់​នោះ​។ ក្រោយមក​គាត់ និង​កូន​ទាំង​ពីរ​នាក់ បាន​ស្រែក​ហៅរក​គេឯង​ឲ្យ​មក​ជួយ ពេល​នោះ​ស្រាប់តែ​ឃើញ​ឈ្មោះ ហ៊ុន ភា​ង ជា​អ្នកស្រុក​ភូមិ​បាន​នាំ​គ្នា​៣​ទៅ ៤​នាក់ មក​ចុះ​រាវ​ក្នុង​ទឹក ទើប​ប្រទះ​ឃើញ​សាកសព​ឈ្មោះ​សុខ ក៏​លើក​ឡើង​លើគោក រួច​ក៏​នាំ​គ្នា​ចុះ​រាវរក​ប្រពន្ធ​ម្នាក់​ទៀត​។ពួក​គាត់​បាន​ចុះ​រាវ​ក្នុង​ទឹក​ប្រឡាយ​មួយសន្ទុះ ទើប​រក​ឃើញ​សាកសព​ឈ្មោះ ភាន ជា​ប្រពន្ធ​ស្លាប់​ក្នុង​ទឹក​ចម្ងាយ​ពី​សព​ប្តី​ប្រហែល​៣០​ម៉ែត្រ ដែល​ទឹក​ប្រឡាយ​នោះ​មាន​ជម្រៅ​ដល់​ទៅ​៣​ម៉ែត្រ និង​មាន​ស្ថានភាព​ទឹក​ហូរ​ខ្លាំង​។ សាក្សី​ឈ្មោះ ហ៊​ន ញ៉េ​ន បន្ត​ថា ក្រោយ​ពី​គាត់ និង​អ្នកស្រុក​បាន​រាវរក​ឃើញ​សាកសព​ប្តី​ប្រពន្ធ និង​ស្រង់​ដាក់​លើគោក​ហើយ​បាន​រាយការណ៍​ប្រាប់​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ដឹង​ពី​ករណី​នេះ ពេល​នោះ​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ដល់ និង​បាន​សហការ​គ្រប់​សមាសភាព​ដោយ​ចូលរួម​ពិនិត្យ​សាកសព មាន​ដូច​ជា ៖

១.​អភិបាលរង​ស្រុក​កញ្ជ្រៀច​,២.​អធិការ​នគរបាល ស្រុក​កញ្ជ្រៀច​, ៣.​គ្រូពេទ្យ​មណ្ឌល​សុខភាព​គោក​គង់​កើត​, ៤.​មេឃុំ គោក​គង់​កើត​, ៥.​មេ​ភូមិ បែក​ក្អម​, ៦.​នាយ​ផ្នែក នគរបាល​យុត្តិធម៌​, ៧.​នាយ​ផ្នែក ពិនិត្យ​វិភាគ​កន្លែង​កើតហេតុ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កញ្ជ្រៀច ៨.​នាយ​ប៉ុស្តិ​រដ្ឋបាល​នគរបាល គោក​គង់​កើត​។ បន្ទាប់​មក​គណៈកម្មការ​ពិនិត្យ​សាកសព បាន​ធ្វើការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន ព្រោះ​លើ​ដងខ្លួន​សាកសព​ទាំង​ពីរ​នាក់ គ្មាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។ ប៉ុន្តែ​ទោះជា យ៉ាងណា​ក្តី​មហាជន​នៅ​មិន​ទាន់​អស់​ការ​សង្ស័យ​ពី​មូលហេតុ ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់ បាន​លង់ទឹក​ប្រឡាយ​ស្លាប់​ព្រម​គ្នា​នោះ​នៅឡើយ​ទេ​។ ក្រោយ​ពី​បាន​ធ្វើការ​ពិនិត្យ​ចប់​សព្វគ្រប់ សាកសព​ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​ក្រុម​គ្រួសារ និង​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់​ ​ប្រភព កោះសន្តិភាព​