ទូរទស្សន៍ថៃ ផ្លាស់ប្ដូរផ្ទាំងឃោសនារឿងភាគ ដែលមានរូបប្រាសាទអង្គរវត្តកម្ពុជា និងសុំទោសប្រជាជនកម្ពុជាចំពោះកំហុសឆ្គងនេះ

0
251

(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ របស់ថៃ បានធ្វើការផ្លាស់ប្តូរផ្ទាំងឃោសនាកុនភាគមួយនេះ ដោយបានដកចេញនូវរូបប្រាសាទអង្គរវត្ត និងបានសុំទោសប្រជាជនកម្ពុជា ចំពោះកំហុសឆ្គងដ៏រសើបនេះ។

ការសម្រេចដកផ្ទាំងឃោសនារូបប្រាង្គប្រាសាទអង្គរវត្តកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីទូរទស្សន៍ថៃ រងនូវការរិះគន់យ៉ាងចាស់ដៃ ពីប្រជាជនកម្ពុជានៅតាមបណ្ដាញសង្គម ចំពោះការយកអត្តសញ្ញាណជាតិកម្ពុជា ទៅប្រើប្រាស់ក្នុងផ្ទាំងឃោសនារបស់ខ្លួន។

ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានបញ្ជាក់យ៉ាងដូច្នេះថា «សាធារណជនជាទីគោរព! បន្ទាប់ពីទទួលបានប្រតិកម្មយ៉ាងខ្លាំង តាមកម្មវិធីបណ្តាញសង្គម Facebook ទាក់ទងកុនភាគថៃមួយមានចំណងជើងថា «សន្យាស្នេហ៍» ចាក់ផ្សាយនៅក្នុងទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ ដែលបានយករូបប្រាសាទអង្គរវត្តរបស់កម្ពុជា ទៅដាក់ផ្ទៃខាងក្រោយនៃផ្ទាំងឃោសនាផ្សាយពាណិជ្ជកម្ម ស្ថានទូតបានទំនាក់ទំនងទៅកាន់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ដើម្បីសុំការបកស្រាយ ដោយសារកុននេះមិនពាក់ព័ន្ធនឹងកម្ពុជាទេ។

ជាការឆ្លើយតប ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ របស់ថៃ បានធ្វើការផ្លាស់ប្តូរផ្ទាំងឃោសនាកុនភាគមួយនេះ ដោយបានដកចេញនូវរូបប្រាសាទអង្គរវត្ត ហើយបានសូមទោសប្រជាជនកម្ពុជា ចំពោះកំហុសឆ្គងដ៏រសើបនេះ»។

គួរជម្រាបថា ពាក់ព័ន្ធករណីនេះ ប្រជាជនកម្ពុជាបានសម្ដែងនូវប្រតិកម្មយ៉ាងខ្លាំងជាបន្ដបន្ទាប់ នៅលើបណ្ដាញសង្គម Facebook ក្រោយឃើញរូបភាពប្រាង្គប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌរបស់កម្ពុជា នៅលើផ្ទាំងពាណិជ្ជកម្មរបស់រឿងភាគថៃ។ ប្រជាជនកម្ពុជា បានស្នើដល់ស្ថាប័នពាក់ព័ន្ធគួរបង្កើនការយកចិត្តទុកដាក់ និងតាមដានជាប្រចាំ ព្រោះខ្លាចក្រែងមានករណីបែបនេះកើតឡើងម្ដងទៀត៕ ប្រភព Fresh News