ភ្នំពេញ៖ បុរសជាជនសង្ស័យមកទាក់ទងលួងលោមសូមក្តីស្រឡាញ់ពីស្រ្តីម្នាក់ បានតែបួនថ្ងៃ ស្រាប់តែ បោកយកម៉ូតូស្រ្តីម្នាក់នោះ ទៅបញ្ចាំម្ដងហើយ ម្ដងទៀត ត្រូវស្រ្តីរងគ្រោះប្ដឹងសមត្ថកិច្ចចាប់វាយខ្នោះ កាលពីវេលាម៉ោង៨ យប់ថ្ងៃទី៩ ខែមិថុនាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង កែងនឹងផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យ ឈ្មោះ ប៉ាង សុភ័ណ្ឌ ភេទប្រុស អាយុ៤០ ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើត ភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ចំណែកជនរងគ្រោះ ឈ្មោះសុខ ណាត ភេទស្រី អាយុ៤០ ឆ្នាំមុខរបរ លក់ដូរស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ មានស្រុកកំណើត ភូមិជ្រៃធំ ឃុំអ្នកលឿង ស្រុកពាមជរ ខេត្តព្រៃវែង។
ស្ត្រីរងគ្រោះបានឲ្យដឹងថា រូបគាត់ទើបតែបានស្គាល់បុរសជាជនសង្ស័យ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ ដោយជនសង្ស័យ បានមកទាក់ទង និងលួងលោមស្រលាញ់រូបគាត់ ហើយរូបគាត់ក៍មិនបានបដិសេធអ្វីដែរ រហូតជនសង្ស័យ ជួយបើកម៉ូតូសណ្ដោងរ៉ឺម៉កដឹកឥវ៉ាន់យកទៅលក់នៅផ្សារជារៀងរាល់ថ្ងៃ។
ស្ត្រីរងគ្រោះបានបន្តថា មុនពេលកើតហេតុ ជនសង្ស័យបានយកម៉ូតូគាត់ម៉ាកឌ្រីមសង់មួយគ្រឿង ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AY-6193ដែលទុកគ្រាន់បើកសណ្ដោងរ៉ឺម៉កដឹកឥវ៉ាន់លក់ ចេញទៅបាត់ ។
លុះមកផ្ទះវិញ មិនឃើញម៉ូតូមកជាមួយ រូបគាត់ក៍សួរនាំដេញដោល ទើបជនសង្ស័យប្រាប់ថាយកម៉ូតូនោះទៅបញ្ចាំ ហើយរូបគាត់ បានឲ្យលុយទៅលោះម៉ូតូមក។
នៅវេលាម៉ោង៣រសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ជនសង្ស័យបានយកម៉ូតូទៅបញ្ចាំម្ដងទៀត ហើយរូបគាត់ក៏បានឲ្យលុយយកទៅលោះយកម៉ូតូមកវិញ ម្ដងទៀត ។
លុះមកដល់វេលាព្រលប់យប់ថ្ងៃទី៩ ខែមិថុនាឆ្នាំ ២០២០ ជនសង្ស័យបានយកម៉ូតូទៅបញ្ចាំម្ដងទៀត ទើបរូបគាត់បានសួរដេញដោលខ្លាំងៗ ផ្អើលដល់ម្ចាស់ផ្ទះជួល ស្រាប់តែជនសង្ស័យទាញកាំបិតប៉័ងតោរកកាប់បុរសជាម្ចាស់ផ្ទះជួល បង្កឲ្យផ្អើលឆោឡោដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្បែរខាងចុះមកជួយអន្តរាគមន៍ វាយមួយដៃមួយជើងបណ្ដាលឱ្យជនសង្ស័យរងរបួសបែកមុខមាត់ រួចក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកដល់ភ្លាមៗ ។
ករោយពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ ត្រូវសមត្ថកិច្ចនាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ទាំងយប់ ដើម្បីសួរនាំ និងចាត់ការទៅតាមនីតិវិធីច្បាប់៕ ប្រភព៖ kbn