កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីប៉ូលិស២នាក់ក្នុងទីក្រុង Buffalo នៃរដ្ឋញូវយ៉កត្រូវបានព្យួរការងារដោយមិនឲ្យប្រាក់ខែបន្ទាប់ពីវីដេអូមួយបានបង្ហាញថា ពួកគេបានច្រានបុរសអាយុ៧៥ឆ្នាំម្នាក់ឲ្យដួលទៅនឹងដីខណៈការតវ៉ាប្រឆាំងនឹងប៉ូលិសដែលបានសម្លាប់លោក George Floyd បានបន្តចូលដល់យប់ទី១០។
វីដេអូដែលថតដោយអ្នកយកព័ត៌មានមកពីស្ថានីយ៍វិទ្យុសាធារណៈក្នុងស្រុក WBFO ហើយត្រូវបានបង្ហោះលើគេហទំព័រនិងគណនី Twitter របស់ខ្លួនមួយនេះបានបង្ហាញបុរសសក់សម្នាក់ដើរតម្រង់ទៅជួរមន្រ្តីប៉ូលិសដែលស្លៀកពាក់ឈុតបង្ក្រាបកុបកម្ម។
មន្ត្រីម្នាក់បានរុញគាត់ជាមួយនឹងដំបងហើយមន្ត្រីម្នាក់ទៀតយកដៃច្រានគាត់។ សំឡេងបែកត្រូវបានគេឮហើយបន្ទាប់មកឈាមបានហូរចេញពីក្បាលរបស់បុរសម្នាក់នោះ។ យ៉ាងណាក្តីបុរសស្បែកសរូបនេះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ។
អភិបាលក្រុង Buffalo លោក Byron Brown បាននិយាយថា “ខ្ញុំពិតជាស្រឡាំងកាំងចំពោះវីដេអូនេះ។ បន្ទាប់ពីការតវ៉ាដោយសន្តិវិធីអស់រយៈពេលជាច្រើនថ្ងៃនិងជំនួបជាច្រើនលើករវាងរូបខ្ញុំ មេដឹកនាំប៉ូលិសនិងសមាជិកសហគមន៍ ព្រឹត្តិការណ៍នេះពិតជាគួរឲ្យសោកស្តាយណាស់”។
ឧប្បត្តិហេតុនេះបានបង្កឲ្យមានការថ្កោលទោសនៅលើបណ្តាញសង្គមខណៈពេលដែលក្រុមអ្នកតវ៉ាបានត្រឡប់មកតាមដងផ្លូវនៃទីក្រុងមួយចំនួនរបស់សហរដ្ឋអាមេរិកដើម្បីធ្វើបាតុកម្មប្រឆាំងនឹងភាពសាហាវឃោរឃៅរបស់ប៉ូលិស ។
វីដេអូក្នុងទីក្រុង Buffalo នេះបានបង្ហាញពីមន្រ្តីយ៉ាងច្រើនដើរឆ្លងកាត់បន្ទាប់ពីបុរសនោះដួលថ្វីបើមន្រ្តីដែលរុញគាត់ដោយដំបងបានងាកមើលគាត់មុនពេលគាត់ត្រូវបានប៉ូលិសម្នាក់ទៀតរុញឲ្យបន្តទៅមុខក៏ដោយហើយគេបានឮសំឡេងមនុស្សម្នាក់ហៅរកគ្រូពេទ្យ។
បន្ទាប់ពីបានមើលវីដេអូនេះហើយ ស្នងការប៉ូលិសក្រុង Buffalo លោក Byron Lockwood បានបញ្ជាឲ្យបើកការស៊ើបអង្កេតនិងព្យួរការងារមន្ត្រីទាំងពីរនោះ។
ជនរងគ្រោះអាយុ៧៥ឆ្នាំមិនមានគ្រោះថ្នាក់ដល់ជីវិតទេប៉ុន្តែមានសភាពធ្ងន់ធ្ងរនៅឯមន្ទីរពេទ្យ Erie County Medical Center ក្នុងទីក្រុង Buffalo៕ ប្រភព៖ កម្ពុជាថ្មី
ទស្សនាវីដេអូខាងក្រោម៖