មួយរយៈក្រោយនេះ ក្រោយពីមានការលើកយកអ្នកលេងបណ្តាញ Tik Tok មកចូលប្រឡូកក្នុងវិស័យសិល្បៈ នោះបានធ្វើឲ្យលោក អៀង ចេនឡា ដែលជាតារាសម្តែង និងតារាកំប្លែង ហាក់បីដូចមានអារម្មណ៍មិនល្អ ដោយថ្មីៗនេះលោកបានបង្ហោះសារដែលបង្ហាញពីអារម្មណ៍របស់ខ្លួនក្នុងការតស៊ូក្នុងវិស័យសិល្បៈទម្រាំមានថ្ងៃនេះ។
នៅក្នុងនោះលោក អៀង ចេនឡា បានលើកមកនិយាយដូចនេះថា «ទំរាំឈានដល់ចំនុចនេះ លោកត្រូវឆ្លងកាត់ឧបសគ្គ ការតស៊ូជូរចត់ គ្រប់រស់ជាតិ ឆ្លងកាត់ការបណ្តុះបណ្ដាលពីលោកគ្រូអ្នកគ្រូ និងសិល្ប:រៀមច្បងជាច្រើន
ឆ្លងកាត់ការប្រលងដើម្បីទទួលបានពាន់រង្វាន់រាប់មិនអស់ ទើបអាចក្លាយជាអ្នកសិល្ប:មួយរូប ដែលទស្សនិកជនស្គាល់ តែសម័យឥលូវគ្រាន់តែលេងTik Tok or Facebook ក៏អាចអោយគេលើកតំកើងមកក្លាយជាអ្នកសិល្បះបានដែរ តើតំលៃនៃអ្នកសិល្បៈនៅកន្លែងណា លោកមិនយល់ ហើយក៏កុំឆ្ងល់ថាហេតុអីគេមិនអោយតំលៃអ្នកសិល្បៈ!»។
ហើយក្នុងការលើកឡើងរបស់ តារារូបនេះ បានធ្វើឲ្យសិល្បៈករ និងមហាជនជាច្រើនយល់ស្របតាមអ្វីដែលលោកបាននិយាយនេះ។
គួរជម្រាបដែរថា នៅក្នុងការចូលប្រឡូកក្នុងវិថីសិល្បៈរបស់លោក អៀង ចេនឡា ពិតជាមានការតស៊ូដូចរូបលោកបានលើកឡើងខាងលើនេះពិតមែន។
ដោយដំបូងឡើយលោកបានប្រកួតធ្វើជាតារាកំប្លែង ហើយក្រោយមកបានក្លាយទៅជាតារាចម្រៀង និងឈានឱកាសបានចូលរួមសម្តែងទៀតផង។ បច្ចុប្បន្ននេះ លោកក៏បានអភិវឌ្ឍន៍ខ្លួន ក្លាយជាអ្នកចម្រៀងភ្លេងការផងដែរ៕ ប្រភព៖ ប្រជាប្រិយ