តាកែវ ៖ ប្រជាពលរដ្ឋសម្ដែងការមិនពេញចិត្ត ចំពោះអាជ្ញាធរមូលដ្ឋានសង្កាត់បារាយណ៍ក្រុងដូនកែវ ខេត្តតាកែវ ដែលមិនចេះរកដំណោះស្រាយជូនពួកគាត់ គ្រាន់តែផ្លូវមួយខ្សែនេះពិបាកជាង៣០ឆ្នាំមកហើយ។
ជាក់ស្ដែងផ្លូវមួយខ្សែ ចាប់ពីគល់ស្ពានចុងថ្នល់ រហូតដល់ភូមិធន់មន់ នៅចំកណ្ដាលក្រុងដូនកែវ ដែលរងការខូចខាតអស់ជាង៣០ឆ្នាំមកហើយនេះ សព្វថ្ងៃកំពុងជួបការលំបាកក្នុងការធ្វើដំណើរណាស់ ព្រោះមានជង្ហុកធំៗ ហើយជ្រៅ ពេលភ្លៀងរអិលទៀតផង។
តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់អោយដឹងថា កាលពីប៉ុន្មានខែមុនឃើញមានក្រុមហ៊ុនដាក់គ្រឿងចក្រ ឈូសឆាយថា ធ្វើផ្លូវកៅស៊ូ តែមិនបានប៉ុន្មានផងដកគ្រឿងចក្រទៅវិញអស់ ស្ងាត់ឈឹង ទុកអោយផ្លូវនេះលំបាកដដែល។
ប្រជាពលរដ្ឋក្នុងសង្កាត់បារាយណ៍ក្រុងដូនកែវ ខេត្តតាកែវ ទាំងមូល សូមសំណូមពរដល់អាជ្ញាធរ ដែលពាក់ព័ន្ធ មេត្តាជួយកែសម្រួលផ្លូវមួយខ្សែនេះផង ពេលមានភ្លៀងម្ដងៗផ្លូវនេះរអិលណាស់ ហើយជង្ហុកជ្រៅៗទៀត មិនថាតែសិស្សសាលាទេ ដែលដួល ប្រជាពលរដ្ឋ ស្ទើរតែមួយសង្កាត់បារាយណ៍ទៅហើយដែលជួបបញ្ហាទាំងនេះ៕