រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីចេញសារ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយក្នុងនោះហាម និងថា មន្ត្រីរាជការ និងពលរដ្ឋខ្មែរដែលមកអ៊ឺរ៉ុប អាមេរិក និងអីរ៉ង់ ត្រូវដាក់ដាច់ដោយឡែករយៈ១៤ថ្ងៃ ។
សម្តេចតេជោ បានសរសេរលើបណ្តាញសង្គមនៅយប់ថ្ងៃទី១៥ ខែមីនានេះយ៉ាងដូច្នេះថា សារាចរណែនាំស្ដីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដោយសព្វថ្ងៃនេះជំងឺកូវីដ១៩កំពុងរាតត្បាតជាសកល ពិសេសកំពុងមានភាពធ្ងន់ធ្ងរនៅបណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលនាំឲ្យមានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទូទៅ ។
សម្តេចបន្តថា ដើម្បីទប់ស្កាត់ការរីករាលដាលនេះ រាជរដ្ឋាភិបាលដាក់ចេញនូវវិធានការដូចខាងក្រោម ៖ ១-ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំធ្វើដំណើរទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប្រសិនបើមិនមានការចាំបាច់បំផុតដែលខានពុំបាន ។ ២-គ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ទាំងអស់នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មិនត្រូវអនុញ្ញាតឲ្យមន្ត្រីរាជការបុគ្គលិកគ្រប់លំដាប់ថ្នាក់ធ្វើដំណើរចូលរួមកិច្ចប្រជុំគ្រប់ប្រភេទទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឡើយ ។
៣-ក្នុងករណីចាំបាច់ខានមិនបាន ដែលតម្រូវឲ្យមានតំណាងរបស់កម្ពុជាចូលរួមប្រជុំនៅបណ្ដាប្រទេសដូចបញ្ជាក់ខាងលើ ក្រសួងស្ថាប័នពាក់ព័ន្ធនីមួយៗត្រូវធ្វើដំណើរទៅកាន់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចាត់តំណាងស្ថានទូតប្រចាំនៅប្រទេសម្ចាស់ផ្ទះនៃការប្រជុំឲ្យចូលរួមជំនួស ។
៤-ចំពោះមន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជាទាំងឡាយណាដែលទើបវិលត្រឡប់មកពីបណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ក្នុងរយៈពេល១៤ ថ្ងៃគិតចាប់ពីថ្ងៃដែលបានត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ ស្របតាមនីតិវិធីកំណត់ដោយក្រសួងសុខាភិបាល ។
ទទួលបានសារាចរណែនាំនេះគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសាធារណជនត្រូវចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវ ៕ ប្រភប កោះសន្តិភាព