ភ្នំពេញ ៖ យុវជនម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចតុមុខសហការជាមួយកម្លាំងនគរបាលខណ្ឌនិងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលក្រុងភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួន ខណៈពេលដែលជនសង្ស័យរូបនោះ បានយកដុំថ្មទៅគប់បំបែកកញ្ចក់រថយន្តម៉ាក4Runnerស៊េរីទំនើបមួយគ្រឿងហើយព្យាយាមរត់គេចខ្លួនចោលម៉ូតូ និងចោលស្បែកជើងរបស់ខ្លួននៅកន្លែងកើតហេតុ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ ត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង១៤និង១០នាទី បន្ទាប់ពីធ្វើសកម្មភាពគប់បំបែកកញ្ចក់រថយន្ត កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០៥និង០៥នាទី នៅចំណុចមុខផ្ទះលេខ៣ ផ្លូវព្រះនរោត្តម ភូមិទី៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ច បានឲ្យដឹងទៀតថា ជនសង្ស័យ ត្រូវឃាត់ខ្លួនឈ្មោះ ឈួរ លីគួង ភេទប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរមិនប្រាកដ មានទីលំនៅផ្ទះ៨៦ ផ្លូវលេខ១១៣ សង្កាត់បឹងកេងកងទី២ខណ្ឌចំការមន រាជធានីភ្នំពេញ។
វត្ថុតាងបន្សល់ទុកនៅកន្លែងកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកBeatពណ៌ស លាយខៀវពាក់ស្លាកលេខភ្នំពេញ1GU4852 ដុំឥដ្ឋមួយដុំនឹងស្បែកជើងមួយគូ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតចម្លងមួយ។
ចំណែកជនរងគ្រោះឈ្មោះ ជឹម វាសនា ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលមានទីលំនៅបច្ចុប្បន្នផ្ទះលេខ៣ ផ្លូវព្រះនរោត្តមភូមិ៤សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីដូនពេញ។ សម្ភារៈខូចខាត បែកកញ្ចក់ខាងក្រោយរថយន្តម៉ាក4Runnerពណ៌ខ្មៅពាក់ស្លាកលេខនគរបាល2.1952(ជនសង្ស័យយកដុំឥដ្ឋគប់បណ្ដាលអោយបែក)។
ប៉ូលិសបានឲ្យដឹងទៀតថា ដំណើររឿងហេតុនោះ គឺនៅមុនពេលកើតហេតុ នៅថ្ងៃទី០៧ ខែមិថុនាវេលាម៉ោង០៥និង០៥នាទី ជនរងគ្រោះបានចតរថយន្តម៉ាក4Runner ពណ៌ខ្មៅខាងលើ នៅចំណុចមុខផ្ទះលេខ៣ ផ្លូវព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ ស្រាប់តែមានជនសង្ស័យចំនួនមួយនាក់ជិះម៉ូតូមួយគ្រឿងម៉ាកBeatពណ៌សលាយខៀវ
ពាក់ស្លាកលេខភ្នំពេញ 1GU 4852មកឈប់ក្បែររថយន្តខាងលើ ហើយយកដុំឥដ្ឋគប់ទៅលើរថយន្តបណ្តាលអោយបែកកញ្ចក់ខាងក្រោយ រួចរត់គេចខ្លួនចោលម៉ូតូស្បែកជើង និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតចម្លងមួយ។ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ កម្លាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ រហូតដល់ម៉ោង១៤និង១០នាទី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ បានឈានដល់ការ
ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈួរ លីគួង ហៅកៅ ភេទប្រុសអាយុ ៣២ឆ្នាំ នៅចំណុចមុខផ្ទះលេខ៨៦ ផ្លូវលេខ១១៣ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន យកមកអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការសាកសួរ និងធ្វើតេស្តទឹកនោមឃើញថា ជនសង្ស័យ ធ្លាប់ប្រើប្រាស់គ្រឿងញៀន។ ចំពោះមុខកម្លាំងខណ្ឌ.ប៉ុស្តិ៍ កំពុងប្រើប្រាស់វិធានការជំនាញសួរចម្លើយរកបក្ខពួក និងសកម្មភាព ដែលបានប្រព្រឹត្តកន្លងមក និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
-