អ្នកណាមិនក្ដៅ! ចោរឆក់ចោរប្លន់មុខដដែលៗ ឆ្ងល់ថាចោរឆក់ប្លន់ម្ដងវាជាប់គុគប៉ុន្មានថ្ងៃ ឬចូលច្រកមុខចេញច្រក់ក្រោយ?

0
2029

តាមការកត់សម្គាល់របស់នាងខ្ញុំ​ ក្រុមចោរឆក់ ដែលប្រជាពលរដ្ឋ​ ឬសមត្ថកិច្ចចាប់បាន មានការកត់សម្គាល់ថា គឺជា​មុខដដែលៗ ។ មុខដដែលៗ មិនមែន​ពួកចោរទាំងនោះចេះបែងភាគទេនោះទេ ប៉ុន្តែ គឺចាប់បានម្តងហើយ ពួកគេ​ត្រឡប់មកធ្វើសកម្មភាព​ដដែលៗនេះជាបន្តទៀត ។ សំណួរបានលេចឡើងក្នុងចំណោមប្រជាពលរដ្ឋថា តើបើចាប់បានហើយ ម្តេចឡើយដោះលែងពួកគេឲ្យបង្កបញ្ហានៅលើដងផ្លូវទៀត?​ ហានិភ័យ និងគ្រោះថ្នាក់កើតឡើងជាច្រើនដោយសារតែការដោះលែង ពួកចោរនោះ ។ អ្នកដែលរងគ្រោះពិតប្រាកដ មិនមែនអ្នកដោះលែងចោរនោះទេ​គឺប្រជាពលរដ្ឋស្លូតត្រង់ ដែលធ្វើដំណើរតាមផ្លូវ ។ ប៉ុន្តែគង់ថ្ងៃណាមួយវានឹងប៉ះចំសាច់ញាតិ បងប្អូនអ្នកដែលដោះលែងចោរនោះជាមិនខាន ។

តាមការ​កត់សម្គាល់របស់នាងខ្ញុំ សមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋ តែងតែបង្ក្រាបបានច្រើនករណីមកហើយដែរ ប៉ុន្តែ ចរន្តនៃការឆក់​នៅតាមដងផ្លូវបានកើនឡើងគួរឲ្យកត់សម្គាល់ក្នុងមួយរយៈចុងក្រោយនេះ ។ ជួនកាល​ជនរងគ្រោះបានស្លាប់ទៀតផង ។ ក្នុងចំណោមជនរងគ្រោះទាំងឡាយ គឺករណីដែលបានកើតឡើង​កាលពីវេលា​ទៀបភ្លឺ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនរងគ្រោះពីរនាក់ប្តីប្រពន្ធ​កំពុងជិះម៉ូតូយកផ្កាទៅលក់នៅមុខព្រះបរមរាជវាំង ត្រូវបានចោរឆក់បណ្តាលឲ្យដួល​ស្លាប់ប្តី រីឯប្រពន្ធរបួសធ្ងន់ ។ វាជារឿងអាណោចអាធ័ម ដែល​គ្រួសារមួយ​ត្រូវព្រាត់ប្រាស់គ្នាគ្មានពេលវិលត្រឡប់ទាំងព្រឹកព្រលឹម ។ នៅឯខណ្ឌសែនសុខឯណោះ កាលពីចុងខែតុលា ស្ត្រីអ្នកលក់ត្រីម្នាក់ ក៏ត្រូវចោរឆក់បណ្តាលឲ្យដួលស្លាប់ទាំងព្រលឹមដែរ… ។ ជនបរទេស ដែលធ្វើដំណើរតាមដងផ្លូវ​នៅ​កណ្តាលរាជធានី ក៏ត្រូវចោរឆក់កាបូប ឬ​ឆក់ទូរស័ព្ទដៃញឹកញាប់ដែរ ។

សមត្ថកិច្ចចាប់បានចោរឆក់ញឹកញាប់ណាស់ដែរ ។ នៅពេលដែលសួរពួកគេប្រាប់ថា ខ្លះធ្វើសកម្មភាពរាប់សិបដង ហើយជាពិសេ​សខ្លះទើបតែចេញពីពន្ធនាគារ… ។ និយាយរួមទៅ ក្រុមចោរឆក់ភាគច្រើន ជា​«មុខសញ្ញាចាស់» និងធ្លាប់​ជាប់ពន្ធនាគារទៀតផង ។ ករណីនេះហើយ ដែលប្រជាពលរដ្ឋយល់ថា ចោរមុខដដែលៗ… ។ នៅក្នុង​ខ្សែភាពយន្តកំប្លែង តែងតែនិយាយថា ចោរមុខដដែល ក៏ព្រោះតែប៉ូលិសមុខដដែល?… ប៉ុន្តែ ឥឡូវទំនងជាត្រូវបានអាប់ដេត បន្តិចទៀត គឺចោរមុខដដែល… សមត្ថកិច្ចមុខដដែល… តុលាការមុខដដែល… ។ នេះជាអ្វីដែលកំពុងកើតមាននៅក្នុងរាជធានីរបស់យើងសព្វថ្ងៃ ។

រាជធានីភ្នំពេញរបស់យើង​កំពុងញាំញីទៅដោយក្រុម​ចោរឆក់ ដែលជនរងគ្រោះខ្លះ មិនខ្ចីទាំងរវល់​ទៅដាក់ពាក្យបណ្តឹងនោះផង ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ នាងខ្ញុំសង្ឃឹមថា អាជ្ញាធរមានសមត្ថកិច្ច​នឹងចូលរួមកាត់បន្ថយសេចក្តីភ័យខ្លាចរបស់ប្រជាពលរដ្ឋ​ក្នុងបញ្ហាចោរឆក់នេះឲ្យបានប្រសើរជាងមុនបន្តិចបន្តួច ៕