ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមានចាត់វិធានការលើអ្នកយកបទចម្រៀងម្ចាស់ដើមមកច្រៀង ឬផលិតសារជាថ្មីដោយពុំមានការអនុញ្ញាតពីក្រសួង ដោយថា ទង្វើទាំងនេះជាអំពើខុសច្បាប់។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១២ ខែកុម្ភៈ ក្រសួងវប្បធម៌បានបញ្ជាដល់អ្នកនិពន្ធ ម្ចាស់អង្គភាព ទូរទស្សន៍ផ្សាយ ក្រុមហ៊ុនផលិតកម្ម ផលិតករ សិល្បករ សិល្បការិនី និងបុគ្គលមួយចំនួននៅក្នុង និងក្រៅប្រទេស ឱ្យបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ស្នាដៃអក្សរសាស្ត្រសិល្បៈ ឬតូរ្យតន្ត្រីគ្មានអ្នកទទួលមរតក ឬគ្មានមរតកសាសន៍យកមកផលិតឡើងវិញ ដោយថា វាជាអំពើខុសច្បាប់។
ក្នុងសេចក្តីប្រកាសនោះលើកឡើងថា៖ «ក្នុងករណីនៅតែបំពាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចាត់វិធានការផ្លូវច្បាប់។ ការចាត់វិធានការនានាជាយថាហេតុ គឺក្នុងបំណងការពារ និងលើកស្ទួយស្នាដៃដើម និងការបង្កើតស្នាដៃថ្មីៗខាងវិស័យវប្បធម៌ ដែលជាផ្នែកមួយក្នុងការជំរុញឧស្សាហកម្មវប្បធម៌នៅកម្ពុជាឱ្យមានការរីកចម្រើន»។
អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ មានប្រសាសន៍ប្រាប់VODថា ការចេញសេចក្តីប្រកាសព័ត៌មាននេះ គឺដើម្បីរំលឹកដល់អ្នកដែលយកស្នាដៃអ្នកដទៃមកធ្វើការផលិតឡើងវិញ ឱ្យងាកមកគោរពច្បាប់ លើកតម្កើងស្នាដៃដើម និងជំរុញឱ្យមានការផលិតថ្មី។ លោកបញ្ជាក់ថា ចាប់ពីពេលនេះទៅក្រសួងនឹងធ្វើការតាមដានរាល់បទចម្រៀង ឬវីដេអូទាំងឡាយណាដែលល្មើសនឹងសិទ្ធិរបស់ម្ចាស់ដើមនេះផងដែរ។
លោកមានប្រសាន៍ថា៖ «នៅយើង [កម្ពុជា] គឺមានច្បាប់សិទ្ធិអ្នកនិពន្ធមិនឱ្យគាត់បំពាន ម្ល៉ោះហើយយើងត្រូវតែចេញសេចក្ដីណែនាំមួយហើយ ព្រោះឃើញបំពានហ្នឹងច្រើនពេក ហើយឱ្យគាត់មកគឺមកសុំច្បាប់សុំទម្លាប់ នេះទី១។ ទីពីរ គឺនៅពេលដែលសុំច្បាប់ សុំទម្លាប់គឺយើងតែងតែណែនាំ ការកែប៉ារ៉ូល [ទំនុក] បទចម្រៀងតិចតួច ឱ្យទំនុកភ្លេងហ្នឹងស្ដាប់ទៅឱ្យច្បាស់ជាងមុនហ្នឹងអី គឺយើងអនុញ្ញាត។ ប៉ុន្តែ គាត់ ដែលកន្លងមក គាត់យកទៅច្រៀង យកទៅធ្វើហ្នឹងគឺបទគេទាំងស្រុង ហើយបទប្រុសទៅជាស្រីច្រៀង បទស្រីទៅជាប្រុសច្រៀងជាដើម អាហ្នឹងហើយដែលវាខុសហ្នឹងច្បាប់»។
អ្នកគ្រប់គ្រង Channel Youtube មកុដមេឌៀរ ដែលក្នុងChannelនោះមានបទចម្រៀងភាគច្រើនជាការយកបទមរតកដើមមកច្រៀងឡើងវិញ លោក អ៊ាម វណ្ណី ស្នើឱ្យក្រសួងបញ្ជាក់ពីមូលហេតុ និងបកស្រាយឱ្យបានច្បាស់ពីការសម្រេចបញ្ឈប់លែងឱ្យច្រៀងឡើងវិញនេះ។
លោក អ៊ាម វណ្ណី៖ «នៅក្នុងហ្នឹងមានពីរ គឺមានមរតកសាសន៍ និងគ្មានមរតកសាសន៍។ បើសិនជារឿងហ្នឹងសំដៅលើបទដែលមានមរតកសាសន៍ គឺខ្ញុំគាំទ្រ តែទាក់ទងនឹងគ្មានមរតកសាសន៍ ខ្ញុំមិនទាន់ដឹងថា ហេតុអីបានជាក្រសួងគាត់បិទ ឬមួយគាត់មានហេតុផលអ្វីមួយទេ។ ដោយខ្ញុំអត់ឃើញគាត់ [ក្រសួង] មានហេតុផលអីមួយថា តើគ្មានមរតកសាសន៍ហេតុអីយើងប្រើឡើងវិញអត់បានអ៊ីចឹង? បើសិនជាមានហេតុផលអ្វីមួយសមស្រប ខ្ញុំក៏គាំទ្រដែរ ឱ្យតែធ្វើអ្វីត្រឹមត្រូវ»។
តារាចម្រៀង កញ្ញា បាន មុន្នីល័ក្ខ ដែលទទួលបានការពេញនិយមដោយសារការយកបទមរតកដើមមកច្រៀងឡើងវិញ បានឱ្យVOD ដឹងថា គោលបំណងរបស់កញ្ញាក្នុងការច្រៀងឡើងវិញនេះ គឺគ្រាន់តែចង់ឱ្យយុវវ័យសម័យក្រោយបានដឹងពីបទពីមុនប៉ុណ្ណោះ គ្មានបំណងកាឡៃបទចម្រៀងរបស់អ្នកចម្រៀងដើមនោះទេ។ ទោះជាយ៉ាងណា កញ្ញាបញ្ជាក់ថា បច្ចុប្បន្ន កញ្ញាបានបញ្ឈប់ការច្រៀងបទមរតកដើមឡើងវិញនេះផងដែរ។
កញ្ញា បាន មុន្នីល័ក្ខ៖ «ព្រោះថា ឥឡូវនេះ ខ្ញុំបានបញ្ចប់ការcoverទៅហើយ អ៊ីចឹងបើសិនយើងនៅធ្វើបទពីដើមទៀត គឺត្រូវមានការសុំសិទ្ធិពីក្រសួងមកត្រឹមត្រូវវិញ។ ដោយសារកាលពីមុន យើងជាអ្នកចំរៀងក្នុងការCoverបទចម្រៀងមរតកដើមអ៊ីចឹង។ ខ្ញុំគាំទ្រចំពោះអ្វីដែលក្រសួងបានលើកមក ព្រោះអីគឺយើងត្រូវសុំសិទ្ធិ»។
អតីតប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច់ មានប្រសាសន៍ថា លោកគាំទ្រការលើកឡើងរបស់ក្រសួងវប្បធម៌ ដោយថា ការយកបទចម្រៀងមរតកដើមមកច្រៀងកាឡៃសាច់ភ្លេង និងអត្ថន័យ គឺគួរតែមានវិធានការផ្លូវច្បាប់។ ទោះជាយ៉ាងណា លោកថា ក្រសួងគួរតែទុកចន្លោះណាមួយដែលអាចឱ្យអ្នកច្រៀងបទមរតកដើមឡើងវិញទាំងនេះអាចធ្វើទៅបានផងដែរ។
លោក សុះ ម៉ាច មានប្រសាសន៍ថា៖ «ក្រសួងគួរតែមានការប្រជុំពិភាក្សាថា តើក្នុងលក្ខខណ្ឌណាដែលអាច ផ្ដល់ឱកាសឱ្យពួកគាត់cover (ច្រៀងឡើងវិញ) បទចម្រៀងហ្នឹងដោយមានលក្ខខណ្ឌថា បទចម្រៀងនេះ ជាមរតកដើមរបស់អ្នកណា? ជារបស់អ្នកស្រី រស់ សេរីសុទ្ធា ជារបស់លោក ស៊ិន ស៊ីសាមុត អ៊ីចឹង គឺឱ្យដាក់ម្ចាស់ស្នាដៃដើមរបស់គេអ៊ីចឹងទៅ ដើម្បីចៀសវាងកុំឱ្យមានការយល់ច្រលំ ហើយឱ្យគាត់ច្រៀងទៅតាមលំនាំ ទាំងទំនុក ទាំងភ្លេងអីទៅតាមលំនាំដើមរបស់គេ កុំកែក្រឡៃជាដើម»។
មាត្រា៦៤ នៃច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល បានចែងថា ការរំលោភបំពានលើសិទ្ធិអ្នកនិពន្ធដូចមានកំណត់ក្នុងច្បាប់នេះ តាមរយៈការផលិត ការផលិតឡើងវិញ ឬការសម្ដែង ឬការផ្សព្វផ្សាយនូវស្នាដៃដោយប្រើមធ្យោបាយបែបណាក៏ដោយ គឺជាបទល្មើសដែលត្រូវទទួលទោសតាមច្បាប់។
បទល្មើសនៃការផលិត ឬការផលិតឡើងវិញ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី៥លានរៀល ទៅ២៥លានរៀល ឬ/និងត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពី៦ខែ ដល់១២ខែ។ ករណីមិនរាងចាលត្រូវផ្ដន្ទាទោសទ្វេដង៕ប្រភព VOD