រដ្ឋាភិបាលក្រុងប៉េកាំង បានបដិសេធចំពោះការលើកឡើងដែលថា មេរោគកូរ៉ូណាថ្មី ឬហៅថា COVID-19 ត្រូវបានបង្កើតឡើង និងលេចចេញពីមន្ទីរពិសោធន៍ជីវសាស្រ្តរបស់ចិន។
សារព័ត៌មានបស្ចិមប្រទេសមួយចំនួន បានចុះផ្សាយដោយដាក់ការសង្ស័យថា COVID-19 អាចកើតចេញពីកម្មវិធីអាវុធជីវសាស្រ្ត ហើយវាបានរួចចេញមកក្រៅពីមន្ទីរពិសោធន៍។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានលើកឡើងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃម្សិលមិញថា ការផ្សព្វផ្សាយបែបនេះជាចេតនាមួលបង្កាច់ និងមើលរំលងពីការខិតខំប្រឹងប្រែងរបស់ប្រជាជនចិនទាំងអស់ក្នុងការប្រយុទ្ធជាមួយ COVID-19 នេះ។
លោក Geng Shuang បានថ្លែងការពារប្រទេសរបស់ខ្លួនថា អង្គការសុខភាពពិភពលោកបានលើកឡើងម្តងជាពីរដងហើយថា គ្មានភស្តុតាងណាមួយដែលថា វីរុសកូរ៉ូណាថ្មីនេះត្រូវបានបង្កើតឡើងក្នុងមន្ទីរពិសោធន៍ជីវសាស្រ្ត ឬក៏កើតចេញពីការផលិតអាវុធជីវសាស្រ្ត។
អ្នកនាំពាក្យក្រសួងការបរទេសចិន លើកឡើងបន្តទៀតថា អ្នកជំនាញវេជ្ជសាស្រ្តល្បីៗនៅលើពិភពលោក ក៏យល់ស្របនឹងចិនផងដែរថា ការចោទប្រកាន់ថា COVID-19 លេចចេញពីមន្ទីរពិសោធន៍ មិនមានមូលដ្ឋានវិទ្យាសាស្រ្តនោះទេ។
លោក Geng Shuang បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ព្រឹត្តិបត្រវេជ្ជសាស្រ្តអន្តរជាតិ The Lancet បានចុះផ្សាយសេចក្តីថ្លែងការណ៍ដែលចុះហត្ថលេខាដោយអ្នកជំនាញវេជ្ជសាស្រ្តមានឈ្មោះបោះសំឡេងចំនួន២៧នាក់ ច្រានចោលការសង្ស័យនេះ។
អ្នកវិទ្យាសាស្រ្តទាំងនោះបានធ្វើការវិភាគទៅលើបណ្តុំហ្សែននៃវីរុស COVID-19 បង្ហាញថា វីរុសនេះកើតចេញពីសត្វព្រៃ និងភ្នាក់ងារចំលងមេរោគដទៃទៀត។ ការចុះផ្សាយចោទប្រកាន់ និងដាក់ការសង្ស័យពីប្រភពនៃវីរុសនេះ ដោយសារព័ត៌មានមួយចំនួនមិនបានជួយអ្វីនោះទេ ក្រៅពីបង្កើតភាពភ័យខ្លាច ពាក្យចចាមអារ៉ាម និងការរើសអើងដែលបង្កអន្តរាយដល់ការសហការជាសកលក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 នេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ សង្កត់ធ្ងន់ថា អ្វីដែលចិនចង់បានពីភាគីនានានៅពេលនេះគឺការបកស្រាយសមហេតុផលបែបវិទ្យាសាស្រ្ត និងកិច្ចសហប្រតិបត្តិការ។ លោកសង្ឃឹមថា សហគមន៍អន្តរជាតិនឹងបន្តចូលរួមជាមួយចិនក្នុងការប្រយុទ្ធនឹងវីរុសនេះ ក៏ដូចជាប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដែលមានលក្ខណៈនយោបាយផ្សេងទៀតជុំវិញការផ្ទុះនៃ COVID-19 នេះ។
វីរុសកូរ៉ូណាថ្មី ឬ COVID-19 បានផ្ទុះឡើងនៅក្នុងប្រទេសចិនកាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៩ ក្នុងទីក្រុងវូហាន។ រដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ការសង្ស័យថា មេរោគនេះបានកើតចេញពីផ្សារលក់សត្វព្រៃមួយកន្លែងក្នុងក្រុងវូហាន។ តាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post គិតត្រឹមរសៀលថ្ងៃសុក្រនេះ អ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅទូទាំងពិភពកើនដល់ ៧៦៧១៧នាក់ ខណៈអ្នកបាត់បង់ជីវិតមាន ២២៤៧នាក់។ ដោយឡែកអ្នកដែលជាសះស្បើយមានជាង ១៨០០នាក់៕ប្រភព VOD