រាជធានីភ្នំពេញ ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ បានឆ្មក់បង្ក្រាបហាងផឹកស៊ីមួយកន្លែង ដែលបង្កប់ការជួញដូរផ្លូវភេទជាមួយភ្ញៀវ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ។ ហាងមួយកន្លែងនេះយីហោ លីហួររស្មីពន្លឺសាច់អាំង (៩៩៩)ផ្ទះលេខ២៣A ផ្លូវ៣៧១ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
ការឆ្មក់បង្ក្រាបហាងខាងលើ សមត្ថកិច្ចរកឃើញមនុស្សចំនួន៧នាក់ ក្នុងនោះមានមេការហាងប្រុសស្រីចំនួន២នាក់ និងនារីជួញដូរផ្លូវភេទចំនួន៥នាក់ ព្រមទាំងដកហូតស្រោមអនាម័យប្រើប្រាស់រួចចំនួន១ ដែលសមត្ថកិច្ចរកឃើញនៅក្នុងបន្ទប់ផ្ទះសំណាក់ឈ្មោះ វីរមហាសាល ។ ចំណែកមេការជាម្ចាស់ហាងមានឈ្មោះ សឹក សុភាព ភេទប្រុស អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ តត សុផាត អាយុ៣៦ឆ្នាំ ។
សមត្ថកិច្ចបានអោយដឹងថា មុននឹងកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃឆ្មក់បង្ក្រាបនេះ គឺមានការសម្របសម្រួលពីលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោកឧត្ដមសេនីយ៍ទោ សំបូរ មាណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ គឺបានចុះបង្ក្រាបជាក់ស្ដែងករណី (សញ្ចារកម្ម )នៅក្នុងហាងសាច់អាំងនេះ ដោយឃាត់មនុស្សប្រុសស្រីចំនួន៧នាក់ ក្នុងនោះមាននារីជួញដូរចំនួន៥នាក់ និងម្ចាស់ហាងជាមេខ្យល់ប្តីប្រពន្ធចំនួន២នាក់ ។ ចំណែកផ្ទះសំណាក់វីរមហាសាលគឺជាកន្លែងសំរាប់ណាត់ភ្ញៀវទៅរួមភេទ។
ក្រោយពេលបង្ក្រាបបន្ទាប់ពីឃាត់ខ្លួន និងត្រួតពិនិត្យរួចហើយ ត្រូវបានសមត្ថកិច្ចនាំខ្លួនជនប្រុសស្រីទាំង៧នាក់ យកទៅសាកសួរនៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបន្តទៀត ។ ចំណែកទីតាំងខាងលើមិនបានបិទទ្វារនោះទេ ដោយសារតែមានឪពុកម្តាយ និងកូនតូច២នាក់ របស់ម្ចាស់ទីតាំងគ្មានកន្លែងស្នាក់នៅ ៕ប្រភព កោះសន្តិភាព