ប្រយ័ត្នចាញ់បោកគេ! ជនខិលខូចថ្លើមធំ ហ៊ាន យកឈ្មោះ លោកសុខ ចិន្តាសោភា ទៅរៃអង្គាស លុយ មន្ត្រីរាជការ ឧកញ៉ា ថាយក ទិញក្រមាសារុងចែកជូនប្រជាពលរដ្ឋ

0
882

ភ្នំពេញ៖លោកសុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើសុំទៅនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិស្រាវជ្រាវនិងចាត់វិធានការចំពោះជនខិលខូចដែលបានប្រើឈ្មោះរបស់លោកក្នុងការរៃអង្គាសលុយ។

ការស្នើរសុំរបស់លោក សុខ ចិន្តាសោភា បានធ្វើឡើង ក្រោយពី មាន ជនខិលខូចបានប្រើប្រាស់ឈ្មោះរបស់លោក ហៅទៅលោកស្រី ជា ផល្លា អនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ដើម្បីរៃអង្គាសថវិកាចំនួន 3 ពាន់ដុល្លារ នឹង ហៅទៅឧត្តមសេនីយ៍ម្នាក់ នៅខេត្តត្បូងឃ្មុំ និងចុង លោកឧកញ៉ាជៀម ផែន ថាយកទៅទិញនេះទិញ នោះ ចែកជូនពលរដ្ឋ។

យោងតាមលិខិតរបស់លោកសុខ ចិន្តាសោភា ដាក់ជូនអគ្គស្នងការនគរបាលជាតិកាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៩ បានដឹងថា ថ្មីៗនេះមានជនខិលខូចបានប្រើឈ្មោះរបស់លោកហៅទូរស័ព្ទទៅរៃអង្គាសថវិកាពីសប្បុរសជនមួយចំនួនដើម្បីទិញក្រមាសារុងចែកជូនប្រជាពលរដ្ឋ។ ជនខិលខូចនោះបានប្រើលេខទូរសព្ទ័ ០៩៩ ៨១៦ ១៧០ ហៅទៅលោកស្រី ជា ផល្លា អនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ដើម្បីរៃអង្គាសថវិកាចំនួន ៣ពាន់ដុល្លារ ដោយយកហេតុផល ជាការបរិច្ចាគ សម្រាប់ពិធីបញ្ចុះបឋមសិលា ចង់បានប្រើលេខទូរស័ព្ទដែលហៅទៅឧត្តមសេនីយ៍ម្នាក់ នៅខេត្តត្បូងឃ្មុំ ដើម្បីសុំថវិការចំនួន ២០០០ ដុល្លារ។ ចុងក្រោយនេះជនខិលខូចបានប្រើប្រាស់លេខទូរសព្ទ័ 078 828 102 ហៅទៅលោកឧកញ៉ា ជៀម ផែន កាលពីថ្ងៃទី17 ខែមេសា ឆ្នាំ2019 ជាច្រើនលើក ដោយបញ្ជាក់ថាខ្លួន ជាលោកសុខ ចិន្តាសុភា សុំក្រមាគិតជាទឹកប្រាក់ស្មើនឹង 2 ពាន់ដុល្លារដើម្បីយកទៅចែកជូនប្រជាពលរដ្ឋនៅស្នួល។ ដោយមានការសង្ស័យលោកឧកញ៉ាជៀម ផែន ពុំបានផ្ញើ ថវិកាតាមវីងទៅឲ្យជនខិលខូចនោះទេ ហើយលោកឧកញ៉ាបានផ្តល់ដំណឹងនេះមកសហការីរបស់លោកដើម្បីជាការបញ្ជាក់។

ជាមួយគ្នានេះលោកសុខ ចិន្តាសោភា ក៏បានស្នើសុំទៅនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិស្រាវជ្រាវនិងចាត់វិធានការចំពោះជនខិលខូចដែលបានប្រើឈ្មោះរបស់លោកក្នុងការរៃអង្គាសលុយ។

ប្រភព៖ PM