ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី ២៩ ខែមករានេះ បានស្នើដល់សមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកផ្សាយព័ត៌មានមិនពិតនៅលើបណ្តាញទំនាក់ទំនងសង្គម អំពីជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា។
ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយ លោក ម៉ម ប៊ុនហេង បានចាត់ទុកសកម្មភាពទាំងនោះ មានចេតនាបំភ័យប្រជាជនពិតប្រាកដ និងជាការធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច។
ការស្នើរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើឡើងបន្ទាប់ពីនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ មានការផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមថា មានអ្នកជំងឺជនជាតិចិនម្នាក់ផ្ទុកវីរុសកូរ៉ូណា ត្រូវបានគេយកទៅព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី បណ្តាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងចាត់វិធានការចំពោះអ្នកអ្នកប្រឌិតព័ត៌មានអំពីជំងឺរលាកផ្លូវដង្ហើមថ្មី ដែលចែកចាយតាមបណ្តាញសង្គម។
លោក រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានច្រានចោលនូវការចុះផ្សព្វផ្សាយ ដែលថា មានករណីជំងឺផ្លូវដង្ហើមថ្មី កូរ៉ូណាវីរុស ២ករណី នៅលើខ្លួនជនជាតិចិន២នាក់ ក្នុងខេត្តកោះកុងផងដែរ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជា បានរកឃើញមានករណីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា តែ ១ករណីតែប៉ុណ្ណោះ នៅលើខ្លួនជនជាតិចិនម្នាក់ អាយុ៦០ឆ្នាំ ដែលធ្វើដំណើរពីក្រុងវូហាន ខេត្តហួប៉ី ប្រទេសចិន។ រហូតមកទល់ពេលនេះ អ្នកជំងឺជនជាតិចិនរូបនោះ បានជាសះស្បើយហើយ។ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបញ្ជាក់ថា លោក JIA JIANHUA គ្មានរោគសញ្ញាអ្វីទាំងអស់ពេលនេះ គឺមិនក្តៅខ្លួន ក្អក ឬកណ្តាសនោះទេ គ្រាន់តែលោកឈឺធ្មេញប៉ុណ្ណោះ ដោយសារមានវ័យចំណាស់។
ទាក់ទិននឹងការផ្សព្វផ្សាយព័ត៌មានមិនពិតនេះផងដែរ កាលពីយប់ថ្ងៃម្សិលមិញ បុគ្គលពីរនាក់ (ប្រុសម្នាក់ ស្រីម្នាក់) ដែលបានបំផុសបំផុលព័ត៌មានទាក់ទងនឹងមេរោគប្រភេទថ្មី កូរ៉ូណាវីរុស កើតមាននៅក្រុងសៀមរាប នៅឯសណ្ឋាគារប៉ាស៊ីហ្វិក ត្រូវបាននាំខ្លួនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
សមត្ថកិច្ច បានបញ្ជាក់ទៀតថា ពួកគេទាំង២នាក់បានសន្យា នៅចំពោះមុខ ថា នឹងមិនបន្តផ្សព្វផ្សាយព័ត៌មានមិនពិត ដែលបណ្តាលឱ្យមានការចលាចលដល់ប្រជាជនក្នុងខេត្តសៀមរាប និងប្រជាពលរដ្ឋទូទាំងប្រទេសទៀតឡើយ។ ក្រោយធ្វើកិច្ចសន្យារួច អ្នកទាំង២នាក់ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ៕ប្រភព Mytvplus