សិង្ហបុរីបន្តឈរលើកំពូលតារាងនៃប្រទេសស្អាតស្អំបំផុតក្នុងចំណោមប្រទេសសមាជិកអាស៊ាន និងលេខរៀងទី៤ ក្នុងចំណោមបណ្ដាប្រទេស១៨០ ខណៈកម្ពុជាឋិតជាប្រទេសដែលគេមើលឃើញថា មានអំពើពុករលួយជាងគេនៅអាស៊ាន ឋិតនៅលំដាប់លេខរៀង១៦២។
យោងតាមរបាយការណ៍សន្ទស្សន៍ការយល់ឃើញអំពើពុករលួយឆ្នាំ២០១៩ របស់អង្គការតម្លាភាពអន្តរជាតិ សិង្ហបុរីនៅបន្តឋិតនៅចំណាត់ថ្នាក់លេខរៀងទី៤ ថ្វីត្បិតថយពិន្ទុពី៨៥ នៅឆ្នាំ២០១៨ មក៨៤ នៅឆ្នាំ២០១៩ក្ដី។ ចំណែកឯកម្ពុជាវិញ ទទួលបានពិន្ទុ២០ ដោយឈរនៅលេខរៀង១៦២ នៅឆ្នាំ២០១៩ ថយពីលេខរៀង១៦០ នៅឆ្នាំ២០១៨។
របាយការណ៍នេះ បានចាត់ថ្នាក់ប្រទេសពីមានកម្រិតអំពើពុករលួយបំផុតដល់ស្អាតស្អំក្នុងរឿងពុករលួយបំផុត ជាមួយពិន្ទុពី១ ដល់១០០ សម្រាប់ប្រទេសចំនួន១៨០ នៅជុំវិញពិភពលោក។
របាយការណ៍នេះ ដាក់ពិន្ទុ និងឱ្យចំណាត់ថ្នាក់កម្រិតភាពស្អាតស្អំ និងអំពើពុករលួយក្នុងស្ថាប័នសាធារណៈរបស់ប្រទេសនីមួយៗ ដោយផ្អែកលើរបាយការណ៍ ៨ផ្សេងគ្នា ដែលសិក្សាផ្តោតលើតុល្យភាពអំណាច ការអនុវត្តគោលនយោបាយ និងការពង្រឹងការអនុវត្តច្បាប់ហិរញ្ញវត្ថុ។
ការសិក្សាក្នុងរបាយការណ៍នោះ រកឃើញថា ប្រទេសដែលទទួលបានពិន្ទុខ្ពស់ មានការពង្រឹងការអនុវត្តច្បាប់ហិរញ្ញវត្ថុ និងដាក់ចេញគោលនយោបាយដែលមានការចូលរួមផ្តល់ប្រឹក្សាទូលំទូលាយ ខុសពីប្រទេសដែលបានពិន្ទុទាប ដែលរកឃើញថា ខ្វះតុល្យភាពអំណាច ដោយបុគ្គលមានទ្រព្យសម្បត្តិមួយចំនួនតូច មានឥទ្ធិពលលើការសម្រចចិត្តរបស់រដ្ឋាភិបាល។
ការសិក្សាដដែល កត់សម្គាល់បន្ថែមថា ប្រទេសដែលបានអនុវត្តច្បាប់ហិរញ្ញវត្ថុប្រកបដោយសមត្ថភាព និងបានពង្រឹងច្បាប់នោះជាលក្ខណៈប្រព័ន្ធ ទទួលបានពិន្ទុមធ្យម៧០ ធៀបនឹងប្រទេសដែលអនុវត្តបានខ្សោយ ទទួលពិន្ទុមធ្យមត្រឹម៣៤។
ការសិក្សាដដែលរកឃើញទៀតថា ៦០ភាគរយនៃប្រទេសទាំងអស់ដែលបានកែលម្អស្ថានភាពអំពើពុករលួយចាប់ពីឆ្នាំ២០១២ ក៏មានការពង្រឹងយុទ្ធនាការវិភាគទានផ្សេងៗ ដើម្បីកាត់បន្ថយការសូកប៉ាន់អ្នកនយោបាយក្នុងការសម្រេចបង្កើតគោលនយោបាយបម្រើប្រយោជន៍ពលរដ្ឋ និងទប់ស្កាត់ឱកាសប្រព្រឹត្តអំពើពុករលួយ។
អង្គការតម្លាភាពអន្តរជាតិ ផ្តល់ជាអនុសាសន៍ថា ដើម្បីកាត់បន្ថយអំពើពុករលួយ រដ្ឋាភិបាលនៃប្រទេសនោះត្រូវគ្រប់គ្រងទំនាស់ផលប្រយោជន៍ គ្រប់គ្រងហិរញ្ញវត្ថុអ្នកនយោបាយ ពង្រឹងការចូលរួមឈរឈ្មោះបោះឆ្នោតពីគណបក្សនយោបាយគ្រប់និន្នាការ បង្កើតច្បាប់ប្រឆាំងសកម្មភាពបញ្ចុះបញ្ចូល ឬសូកប៉ាន់អ្នកបង្កើតច្បាប់ បង្កើតយន្តការគ្រប់គ្រងការប្រើប្រាស់ធនធាន និងសេវាសាធារណៈឱ្យមានតម្លាភាព បង្កើនការផ្តល់អំណាចដល់ពលរដ្ឋ និងពង្រឹងតុល្យភាពអំណាច និងឯករាជ្យភាពប្រព័ន្ធយុត្តិធម៌ ជាដើម។
តាមរបាយការណ៍ដដែលនោះ ធៀបនឹងរបាយការណ៍ឆ្នាំ២០១៨ ក្នុងចំណោមរដ្ឋសមាជិកអាស៊ានទាំង១០ ប៊្រុយណេ បានកើនពិន្ទុពី៦០ ទៅ៦៣ ម៉ាឡេស៊ី បានកើនពី៤៧ ទៅ៥៣ វៀតណាម បានកើនពី៣៣ ទៅ៣៧ និងឥណ្ឌូណេស៊ី ពី៣៨ ទៅ៤០។ ដោយឡែកថៃ ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា រក្សាពិន្ទុនៅលំដាប់លេខរៀង ៣៦, ២៩, ២៩ និង២០ដដែល ហើយហ្វីលីពីនធ្លាក់ចុះពិន្ទុពី៣៦ មកនៅ៣៤៕ប្រភព Vod