បរទេស៖ ការពាក់ម៉ាស គឺជាវិធីសាស្ត្រដើម្បីការពារការឆ្លងវីរុសកូរ៉ូណា ដែលអាចបង្កជាជំងឺផ្លូវដង្ហើមថ្មី ដែលបានផ្ទុះឡើង និងសម្លាប់មនុស្ស ៨០នាក់គិតមកទល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅក្នុងប្រទេសចិន។ ទោះបីជាករណីភាគច្រើន កើតនៅក្នុងប្រទេសចិន គេសង្កេតឃើញបណ្ដាប្រទេសមួយចំនួន ក៏បានរកឃើញអ្នកដំណើរដែលផ្ទុកជំងឺនេះផងដែរ ដែលតម្រូវឱ្យរដ្ឋាភិបាលប្រទេសទាំងនោះ ចាត់វិធានការដើម្បីទប់ស្កាត់ និងណែនាំឱ្យប្រជាជនអនុវត្តតាមវិធីការពារផ្សេងៗ។
យ៉ាងណាក៏ដោយ មានការលើកឡើងថា ម៉ាស់ពេទ្យ មិនអាចការពារបានល្អដូច ម៉ាស់ N95 នោះទេ។ នាយកដ្ឋានប្រឆាំងនឹងជំងឺឆ្លងនៃសហរដ្ឋអាមេរិក បានណែនាំនូវការប្រើប្រាស់នូវម៉ាសទាំង២ប្រភេទ ដែលពួកវាអាចការពារនូវសារធាតុពុលជាច្រើន និងភាគល្អិត រួមទាំងភាគល្អិតដែលនាំមកនូវភ្នាក់ងារចម្លងជំងឺ វីរុសកូរ៉ូណា។
ម៉ាសពេទ្យ៖
ម៉ាសប្រភេទនេះ អាចការពារការខ្ទាតចេញនៃវត្ថុរាវចេញពីមាត់របស់អ្នកពាក់ ដូចជាទឹកមាត់ ទឹកចេញពីច្រមុះ (សំបោរ) និងទប់ស្កាត់មិនឱ្យសារធាតុមេរោគឆ្លងទៅដល់អ្នកដទៃ។ ម៉ាសនេះ មិនមែនសម្រាប់ការពារអ្នកពាក់ពីបាក់តេរីក្នុងខ្យល់ មេរោគ និងកម្ទេចកំទីធូលីនោះទេ។
ចំពោះរបៀបពាក់ម៉ាសឱ្យបានត្រឹមត្រូវ គឺពាក់ផ្ទៃដែលមានពណ៌ចេញក្រៅ ក្នុងករណីដែលអ្នកកំពុងមានជំងឺ ហើយមិនចង់ចម្លងមេរោគទៅកាន់មនុស្សជុំវិញខ្លួន។ រីឯការពាក់ផ្ទៃពណ៌សចេញមកក្រៅ (ផ្នែកនេះ មានតម្រងការពារ) សម្រាប់ករណីដែលអ្នកមិនមានជំងឺ ហើយពាក់ដើម្បីការពារមេរោគពីបរិយាកាសខាងក្រៅ។
ម៉ាស N95 ៖
វាអាចចម្រោះភាគល្អិតពីក្នុងខ្យល់ ដើម្បីការពារអ្នកពាក់ពីភាគល្អិតក្នុងខ្យល់ ដែលមានប្រវែង ០,៣មីក្រូម៉ែត្រ។ ម៉ាសប្រភេទនេះ ត្រូវបានប្រើប្រាស់នៅពេលគុណភាពខ្យល់ ស្ថិតនៅកម្រិតដែលអាចប៉ះពាល់សុខភាព ដោយសារតែភ្លើងឆេះព្រៃ ឬផ្សែងពុលចេញពីយានយន្ត។ ពាក់ម៉ាសនេះ មានភាពថប់បន្តិច។ យ៉ាងណាមិញ វីរុសកូរ៉ូណា មានប្រវែង ០,១២មីក្រូម៉ែត្រ។
បើតាមអ្នកជំនាញផ្នែកជំងឺឆ្លង និងក្រសួងសុខាភិបាលនៃប្រទេសសិង្ហបុរី បានណែនាំឱ្យប្រជាជនពាក់ម៉ាសពេទ្យ គឺជារឿងដ៏ត្រឹមត្រូវ ដើម្បីការពារពីវីរុសកូរ៉ូណា ហើយមិនគួរប្រើប្រាស់ម៉ាស N95 ឡើយ ព្រោះវាសម្រាប់ពាក់នៅពេលដែលមានខ្យល់ពុលប៉ុណ្ណោះ៕ប្រភព Mytvplus