រថយន្ថ Vigo ១គ្រឿងជិះគ្នា​៤នាក់បោះពួយយ៉ាងលឿន ជួបគ្រោះក្រឡាប់ច្រើនត្រឡប់​ធ្លាក់ចូលប្រឡាយ​ខ្ទេច​ស្ទើរទាំងស្រុង

0
229

ខេត្ត​ប៉ៃលិន ៖ រថយន្ត​​មួយគ្រឿង​ បាន​ទទួល​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង ​បន្ទាប់ពី​​​ធ្វើដំណើរ​​ពេល​យប់ ក្នុង​ល្បឿន​លឿន​ លុះមកដល់​ត្រង់​ចំណុច​ផ្លូវ​កោង រួច​​បួង​ចង្កូត​មិន​ទាន់ ក៏​បណ្តាល​ឱ្យ​ជ្រុល​ទៅ​ខាងឆ្វេង​ដៃ​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​អត់​ទឹក​ក្រឡាប់​ជា​ច្រើន​ត្រឡប់ ។ ទោះបីជា​យ៉ាងណា អ្នកបើកបរ និង​អ្នក​រួម​ដំណើរសរុបចំនួន​​៤នាក់​ អត់​មាន​ទទួល​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរអ្វីនោះទេ​ ដោយ​គ្រាន់តែ​រលាត់​ដៃជើង​តិចតួច ​ប៉ុន្តែ​​ម្នាក់​ៗ​ព្រលឹង​ចុង​សក់ និង​ស្រែក​ទ្រហោ​ពេញ​រថយន្ត ។

ហេតុការណ៍​​​ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២១ ស្ថិត​នៅ​ចំណុច​ស្រែ​ម្អម ទល់មុខ​បន្ទាយ​យោធា​៥០៤ ស្ថិត​ក្នុងភូមិ​សាលា​ក្រៅ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ៖ រថយន្ត​មួយគ្រឿងដែល​​ជួបគ្រោះថ្នាក់​ និង​រងការខូចខាតស្ទើរទាំងស្រុង​ខាងលើ​ម៉ា​កវី​ហ្គោ (Vigo) ពណ៌​ទឹក​ប្រាក់ អត់​មាន​ស្លាក​លេខ បើកបរដោយ​​ឈ្មោះ សឿ ភី​រ៉ា អាយុ​២៨​ឆ្នាំ រស់នៅ​ក្រុងប៉ៃលិន អត់មាន​​រង​របួស និង​​អ្នក​រួម​ដំណើរ​ប្រុស​ស្រី​ចំនួន​៣​នាក់ផ្សេង​​ទៀត ដែលសុទ្ធតែ​ជា​យុវវ័យ មិនស្គាល់អត្តសញ្ញាណនោះទេ​ រស់នៅ​ក្នុង​ក្រុងប៉ៃលិន ។

តាម​ប្រភពព័ត៌មាន​បាន​​បន្ត​​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​១​គ្រឿង ជិះ​គ្នា​៤​នាក់ ដោយ​សុទ្ធតែ​ជា​​យុវវ័យ ធ្វើដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង បើកបរ​ចេញពី​ទឹកដី​បាន​ឡែ​ម ភូមិ​ដូង ស្រុក​កំ​រៀង ខេត្តបាត់ដំបង ចូល​មក​ដល់​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន ក៏​បើកបរ​ក្នុង​ល្បឿន​លឿន លុះ​ពេល​មក​ដល់​ចំណុច​ផ្លូវ​កោង មិន​បន្ថយល្បឿន ​ក៏​​ជ្រុល​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ បុក​ដើមឈើ​បាក់​​អស់​១​ដើម និង​បង្គោល​ស៊ីម៉ង់​តិ៍​បាក់​អស់​១​ដើម​ដែរ រួច​ក៏​ក្រឡា.ប់​ជា​ច្រើន​ត្រឡប់ ធ្លា.ក់​ចូលប្រឡាយអត់ទឹក​ បណ្តាល​ឱ្យ​រង​ការ​ខូ​ច​ខាត​តែ​ម្តង ។

តាម​ប្រភព​​បាន​បញ្ជាក់​ទៀត​ថា នេះ​ពិតជា​សំណាង​១​លើ​១០០០​សំណាង​ហើយ ដែល​រថយន្ត​ខាងលើ​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ក្រឡាប់​ច្រើន​ត្រឡប់ ទទួល​រង​ការ​ខូចខាត​យ៉ាងដំណំ តែ​មនុ​ស្ស​ដែលជិះ​នៅ​ក្នុង​រថយន្ត បែរជា​មិន​មានរង​​គ្រោះថ្នាក់​ដល់​អាយុជីវិត ។

រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ដដែល កម្លាំង​នគរបាល​បាន​ចុះ​ពិនិត្យ និង​ឱ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ស្ទូច​រថយន្ត​យក​ទៅ​ជួសជុល​នៅ​ក្នុង​ក្រុងប៉ៃលិន ។​

ទោះបីជា​យ៉ាងណា សូម​អ្នកបើកបរ​រថយន្ត​ទាំងឡាយ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដោយ​ពិនិត្យ​មើល​ស្លាក​សញ្ញា​បង្ហាញ​ពី​គ្រោះថ្នាក់​នៅ​តាម​ក្បែរ​ចិញ្ចើម​ដងផ្លូវ​ផង​ដែរ បើ​មិន​ដូច្នោះ​ទេ អាច​នឹង​កើត​មាន​ដូច​ករណី​មួយ​នេះ​ជាក់​ជា​មិន​ខាន​ ៕ ប្រភព CHN