តារាកំប្លែងល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍CTN នាយក្រូច បានផ្ទុះការរិះគន់ដោយមិនសំចៃមាត់ និង ទម្លាយជាសាធារណៈនៅលើបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីក្រុមហ៊ុនបម្រើសេវាកម្មSmart កាត់លុយអស់ជិត២០ដុល្លារ ត្រឹមរយៈពេលតែ៤ថ្ងៃប៉ុណ្ណោះ។ ខណៈមានមហាជនជាច្រើន ក៏បានបង្ហាញការរិះគន់និងគាំទ្រលើសម្តីរិះគន់របស់នាង ក្រូច ផងនោះ។
តារាកំប្លែងមានដើមកំណើតមកពីទឹកដីខេត្តកំពង់ស្ពឺ នាយ ក្រូច បានសរសេរសារពីរដាច់ ដោយឡែកពីគ្នាបង្ហាញទស្សនិកជន និងអ្នកគាំទ្រថា ត្រឹមតែ៣ថ្ងៃក្រុមហ៊ុនស្មាត(Smart)ហូបលុយអស់ជិត១៥ដុល្លារ អត់ដឹងគាត់កាត់យកទៅណា។ ក្រុមហ៊ុនអើយបើកាត់ដោយសារអ្វីប្រាប់ផងនេះលេខទូរស័ព្ទ ៖ ០៧០ ៤២ ៩៥ ៩៦ ដាក់ដាច់ៗអត់បានតេ(ហៅទូរស័ព្ទ)ទៅណាអ្វីតិចសោះ សាំមែន។
ជាមួយគ្នានេះដែរ មកទល់ថ្ងៃទី១១ ខែតុលា តារាកំប្លែងនាយ ក្រូច ក៏បានចេញសារមួយទៀតដែរថាខឹងក្រុមហ៊ុនស្មាត(Smart)ណាស់ដាក់លុយ៤ថ្ងៃអស់ជិត២០ដុល្លារ ដល់យើងខលសួរបែរជាថាគាត់អត់ដឹងគាត់បានតែឆែកអោយទេ អត់ដឹងខាងណាអ្នកកាត់ ចប់បាត់សួរក្រុមហ៊ុនស្មាតគាត់ថាអត់ដឹងខាងណាអ្នកកាត់ចប់ឈប់និយាយ…..។
បន្ថែមពីលើនេះតារាកំប្លែងនាយ ក្រូច បានប្រាប់កម្ពុជាថ្មីឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ថា នាយពិតជាមានអារម្មណ៍ហួសចិត្តខ្លាំងជាមួយក្រុមហ៊ុន Smart ដែលត្រឹមតែរយៈពេល៤ថ្ងៃសោះកាត់លុយនាយអស់ជិត២០ដុល្លារ។ នាយថា នាយបញ្ចូលកាតទូរស័ព្ទម្តង៥ដុល្លារ ១ដុល្លារ ១ម៉ឺនរៀលជាបន្តបន្ទាប់ប៉ុន្តែដាក់បាត់ៗប្រហែលជាទូរស័ព្ទលួចឬចេះលេបលុយហើយមើលទៅ។
នាយ ក្រូច បានបន្តថា ដោយសារតែហេតុផលនេះ ទើបនាយបានសម្រេចព្យាយាមទូរស័ព្ទទៅក្រុមហ៊ុនស្មាត(Smart)ដើម្បីសួរនាំបន្ថែមពីករណីនេះពីបុគ្គលិកដែលបម្រើផ្នែកអតិថិជនប៉ុន្តែពេលខលចូលបានដឹងដូចចិត្តតែម្តងគឺចម្លើយបានត្រឹមតែថាអត់ដឹងកាត់ទៅលើសេវាឬផ្នែកអ្វីនោះទេពោលគ្រាន់តែនិយាយថាមួយផ្នែកកាត់ទៅលើសេវាកម្មធានារ៉ាប់រងអាយុជីវិតដែលមានការសហការជាមួយក្រុមហ៊ុនស្មាតតែប៉ុណ្ណោះ។
តារាកំប្លែងនាយ ក្រូច បានលើកឡើងទៀតថា នេះនាយមានសមត្ថភាពក្នុងការទិញកាតបញ្ចូលចុះបើប៉ះចំគ្នាអ្នកអត់ឬកម្មករវិញតើនឹងពិបាកយ៉ាងណាបើសិនជាគ្នាត្រូវការតេហើយដាក់លុយអស់ៗបែបនេះអញ្ចឹង។
ដូច្នេះហើយ នាយ ក៏សំណូមពរឲ្យខាងអ្នកគ្រប់គ្រងផ្នែកក្រុមហ៊ុនស្មាត(Smart)ត្រូវតែមានដំណោះស្រាយចំពោះអតិថិជនខ្ពស់មិនមែនពេលបាត់លុយ ហើយទូរស័ព្ទទៅសួរនាំបែរជាផ្តល់ចម្លើយថា អត់ដឹងកាត់លើអ្វីមួយឲ្យច្បាស់នោះទេ។
នាយថា ខ្លួនពិតជាអន់ចិត្ត និងអស់ទំនុកចិត្តខ្លាំងលើក្រុមហ៊ុនស្មាត (Smart)ដែលប្រើវិធីនេះបំបាក់ទឹកចិត្តអតិថិជនអ្នកគាំទ្រ និងប្រើប្រាស់ណាស់ ដែលមកកាត់លុយស្រស់ៗដូច្នេះតែម្តង។
ជុំវិញរឿងរ៉ាវនេះដែរ កម្ពុជាថ្មី នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ មិនអាចស្វែងរកការបំភ្លឺពីខាងភាគីក្រុមហ៊ុនស្មាន(Smart)បាននៅឡើយទេ ខណៈមានទស្សនិកជនជាច្រើនក៏បញ្ចេញទស្សនៈរិះគន់ និងស្នើឲ្យក្រុមហ៊ុនស្មាត ត្រូវតែមានដំណោះស្រាយលើករណីនេះជូនអតិថិជនផងនោះ៕ អត្ថបទ៖ កម្ពុជាថ្មី