ករណីប្លន់ជំរិតទារលុយ ១ លានដុល្លារដ៏កក្រើកមួយនៅចំណុចបុរីអង្គរ រាជធានីភ្នំពេញ កាលថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញ បានបណ្ដាលឱ្យឧក្រិដ្ឋជនចំនួន ៤ នាក់បានស្លាប់ ក្រោយត្រូវបានកងកម្លាំងរាជធានីភ្នំពេញបាញ់បង្ក្រាបជួយសង្រ្គោះម្ចាស់ផ្ទះទាន់ពេលវេលា ។
មកទល់ពេលនេះ សាកសពឧក្រិដ្ឋជនទាំង ៤ ត្រូវបានគេយកទៅដាក់ចោលរង់ចាំសាច់ញាតិមកទទួលនៅចំណុចវត្តទឹកថ្លា ប៉ុន្ដែក្នុងចំណោមនោះ មានតែសាកសពឧក្រិដ្ឋជនម្នាក់ប៉ុណ្ណោះឈ្មោះ រី ពិសី ត្រូវបានសាច់ញាតិមកទទួលស្គាល់ ហើយលោកតាអាចារ្យក៏បានរៀបចំពិធីបូជាតាមប្រពៃណី ។ ដោយឡែកសម្រាប់សាកសពឧក្រិដ្ឋជន ៣ នាក់ផ្សេងទៀត ត្រូវបានទុកចោលឱ្យរុយរោម ដោយគ្មានវត្តមានសាច់ញាតិណាមកអើពើឡើយ ។
ជនដៃដល់ដែលសាងអំពើល្មើសច្បាប់ស្លាប់ទៅហើយបន្សល់តែពាក្យជេរស្ដី មានតែការរើសអើងពីមហាជននោះពិតជាមិនគួរឱ្យស្ដាយ តែបើងាកទៅមើលប្រពន្ធរបស់ឧក្រិដ្ឋជនឈ្មោះ រី ពិសី វិញ ទើបជាអ្នករងទុក្ខពិតប្រាកដ
ព្រោះបើតាមអ្នកនាងលើកឡើងក្នុងវីដេអូឡាយមួយបានឱ្យដឹងថា នាង និង ប្ដីទើបតែរៀបការបានប្រមាណជា ១ ឆ្នាំ ហើយមានកូនម្នាក់ តែជាអកុសលកូនកើតមកមិនបានប៉ុន្មានក៏ស្លាប់ទៅកាលពី ៥ ខែមុន ខណៈកាត់ចិត្តពីកូនមិនទាន់បានប៉ុន្មានផង ពេលនេះប្ដីក៏ស្លាប់ទាំងមានឈ្មោះជាឧក្រិដ្ឋជនត្រូវមនុស្សទាំងពួងស្អប់ខ្ពើមថែមទៀត ។
គួរឱ្យដឹងដែរថា សាកសពដែលសាច់ញាតិមកធ្វើបុណ្យនោះ មានឈ្មោះ រី ពីសី អាយុ ៣០ឆ្នាំ ស្នាក់នៅផ្ទះលេខ ១២៨ ផ្លូវលំ ភូមិព្រែករង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ៕អត្ថបទ៖ popular