នៅក្នុងទីបញ្ចុះសពមួយនៅស៊ីស៊ីលី ដែលជាតំបន់ស្វយ័តនៃប្រទេសអ៊ីតាលី នៅមានសាកសពក្មេងស្រីម្នាក់នៅក្នុងមឈូសបើកចំហ ដែលបានស្លាប់កាលពីអាយុ ២ ឆ្នាំដោយសារជំងឺរលាកសួតនៅឆ្នាំ ១៩២០ ។
នាងគឺជា Rosalia Lombardo ជាសាកសពម៉ាំមី ដែលមានសភាពល្អបំផុតនៅលើពិភពលោក ហើយក៏ជាម៉ាំមីដ៏ស្រស់ស្អាតបំផុតក្នុងពេលតែមួយដែរ ។
Rosalia Lombardo ត្រូវបានគេស្គាល់ថា ជាមរកតដ៏ស្រស់ស្អាតបំផុតមួយនៅលើពិភពលោក នាងនៅតែមានស្បែកទន់រលោង ជាមួយនឹងម៉ូដសក់នៅតែស្រស់ស្អាត ហាក់ដូចជាក្មេងស្រីម្នាក់ដែលកំពុងដេកលង់លក់ ។
ដោយសារហេតុផលនៃសភាពដ៏ល្អឥតខ្ចោះនេះ បានធ្វើឱ្យលេចឮពាក្យចចាមអារាមថា នាងធ្លាប់បាន “បើកភ្នែកដោយខ្លួនឯង” ទៀតផង ។
ហើយវាបានក្លាយជាពាក្យចចាមអារាមមួយ ដែលល្បីល្បាញនៅក្នុងអ៊ីនធឺរណែតក្នុងឆ្នាំ ២០០៩ នៅពេលដែលមានមនុស្សជាច្រើនបានចេញមកអះអាងថា សាកសពម៉ាំមីនេះ ហាក់ដូចជាអាចបើកភ្នែកដោយខ្លួនឯងមែន។
ហើយពាក្យចចាមអារ៉ាមខាងលើ ក៏បានកើតឡើងដោយចៃដន្យ ដោយភ័ស្តុតាងនៃការថតរូបដែលវាបានបង្ហាញថា នាងហាក់ដូចជាបើកភ្នែករបស់នាងយឺតៗ ខណៈពេលដែលមនុស្សព្យាយាមថតរូបនាងនៅរយៈពេល ៦ ម៉ោងផ្សេងគ្នា។
ជាការពិតណាស់មានមនុស្សជាច្រើន ប្រហែលជាចាប់ផ្តើមគិតថា វាប្រហែលជារូបភាពកាត់ត ប៉ុន្តែជឿឬទេថា រូបភាពទាំងអស់គឺមិនត្រូវបានកែខៃអ្វីទាំងអស់ ។
ម៉្យាងវិញទៀតរឿងរ៉ាវដែលបានកើតឡើង វាត្រូវបានពិពណ៌នាដោយអ្នកជំនាញវិទូ ជនជាតិអ៊ីតាលី ឈ្មោះ Dario Piombino Mascali ថា ហេតុការណ៍ខាងលើ អាចនឹងកើតឡើងពីការបំភាន់ដោយពន្លឺ ។
នោះក៏ព្រោះតែ មុននេះធ្លាប់លេចឮព័ត៌មានថា កម្មករនៅសារមន្ទីរស៊ីស៊ីលី បានផ្លាស់ប្តូរមឈូសរបស់ Rosalia បណ្តាលឲ្យរាងកាយរបស់នាង ត្រូវបានផ្លាស់ប្តូរបន្តិចពីទីតាំងដើម។
ហេតុផលនេះហើយ ដែលធ្វើឲ្យត្របកភ្នែករបស់នាង អាចត្រូវបានគេសង្កេតឃើញច្បាស់ថាខុសប្លែក បូករួមទាំងស្ថានភាពភ្នែករបស់ម៉ាំមី “មិនដែលត្រូវបានបិទជិតទាំងស្រុង” ទៀតនោះ ដូច្នេះនៅពេលដែលពន្លឺបានជះមកប៉ះនឹងត្របកភ្នែក វាក៏ផ្លាស់ប្តូរស្របទៅតាមពេលវេលានាពេលនោះឯង ។
ដោយសារបញ្ហាទាំងនេះហើយ ទើបបច្ចុប្បន្នសារមន្ទីរ បានផ្លាស់ប្តូរកញ្ចក់ដែលត្រូវបានប្រើដើម្បីបង្ហាញសាកសព Rosalia ជាកញ្ចក់ដែលមានការការពារបាក់តេរី និងផ្សិតបាន ហើយវាថែមទាំងអាចរារាំងពន្លឺ មិនឱ្យប៉ះត្របកភ្នែករបស់នាងទៀតផង ។
ដែលនោះវាបានធ្វើឱ្យម៉ាំមីរបស់ Rosalia មិនអាចមានការបំភាន់ នៃការបើកភ្នែកទៀតទេ ហើយលោក Dario សង្ឃឹមថា រឿងនេះនឹងធ្វើឲ្យពាក្យចចាមអារាមចម្លែកៗ នឹងអាចសាបរលាបបាត់ចាប់តាំងពីពេលនេះទៅ ។
ព្រោះវានឹងជាអ្វីដែលគួរឱ្យសោកស្តាយណាស់ ប្រសិនបើម៉ាំមីដ៏ស្រស់ស្អាតនេះ នៅតែបន្តត្រូវបានគេចងចាំ ថាជាម៉ាំមីដ៏គួរឲ្យភ័យខ្លាច ៕ ប្រភពពី៖ catdumb.tv